The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ជំនាញ​ ជំរុញ​ឱ្យ​ពលរដ្ឋ​រាយការណ៍​បទល្មើស​ជំរិត​ប្រាក់​តាម​រូបភាព​អាសអាភាស




មន្ត្រី​ជំនាញ​ ជំរុញ​ឱ្យ​ពលរដ្ឋ​រាយការណ៍​បទល្មើស​ជំរិត​ប្រាក់​តាម​រូបភាព​អាសអាភាស

Content image - Phnom Penh Post
មន្ត្រី​ជំនាញ​បង្ហាញ​ពី​សកម្មភាព​បទល្មើស​ជំរិត​ប្រាក់​។ រូប ក្រសួង​មហាផ្ទៃ

មន្ត្រី​ជំនាញ​ ជំរុញ​ឱ្យ​ពលរដ្ឋ​រាយការណ៍​បទល្មើស​ជំរិត​ប្រាក់​តាម​រូបភាព​អាសអាភាស

ភ្នំពេញៈ នាយកដ្ឋាន​ចំនួន​ ២ ចំណុះ​ក្រោម​ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ឬ​ជនរងគ្រោះ​ចូលរួម​រាយការណ៍​មកកាន់​សមត្ថកិច្ច ដើម្បី​ស្វែងរក​ជនល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ការជំរិត​ទារប្រាក់​ដោយ​ប្រើប្រាស់​រូបភាព ឬ​វីដេអូ​អាសអាភាស ចៀសវាង​បន្ត​បង់ប្រាក់​ទៅឱ្យ​ជនល្មើស​ទាំងនោះ​។

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​នាយកដ្ឋាន​ទាំង​ ២ ​នេះ​បាន​សង្កេតឃើញ​ថា បច្ចុប្បន្ន​មាន​ករណី​ថត​រូបភាព ឬ​វីដេអូ​អាសអាភាស​គំរាម​ទារប្រាក់​ជាច្រើន កំពុង​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្វើឱ្យ​ជនរងគ្រោះ បន្ត​ចាញ់បោក ដែល​ធ្វើឱ្យ​ខាតបង់​ទ្រព្យសម្បត្តិ និង​កិត្តិយស​។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​ ៣ ធ្នូ​ ថា ជនល្មើស​បាន​ប្រើប្រាស់​មធ្យោបាយ​មួយចំនួន ដើម្បី​ទទួល​បាន​រូបភាព​អាសអាភាស​របស់​ជនរងគ្រោះ ហើយ​មធ្យោបាយ​ទាំងនោះ​មាន​ដូចជា ការប្រើប្រាស់​នារី​ស្អាតៗ ដើម្បី​ទាក់ទាញ​ជនរងគ្រោះ ធ្វើការ​សន្ទនា​អនឡាញ ប្រើប្រាស់​សកម្មភាព​ស្រើបស្រាល អូសទាញ​ជនរងគ្រោះ​ប្រព្រឹត្ត​សកម្មភាព​រួមភេទ មុខ​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ និង​ធ្វើ​ការថត​សកម្មភាព​ទាំងនោះ គំរាម​ទារប្រាក់​។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​បន្តថា មធ្យោបាយ​មួយទៀត ជនល្មើស​ក៏បាន​ប្រើប្រាស់​គេហទំព័រ​អាសអាភាស បញ្ចូល​កម្មវិធី​សន្ទនា​អនឡាញ ឬ​ផ្ទាំង​បើក​វីដេអូ​ដែល​បញ្ជា វេបខេម Webcam ដើម្បី​លួច​ថត​សកម្មភាព​ជនរងគ្រោះ និង​ធ្វើការ​គំរាម​ទារប្រាក់ និង​ការប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ក្នុង​ការចម្លង​មេរោគ​ទៅកាន់​ម៉ាស៊ីន​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ ប្រើប្រាស់ Webcam ថត​សកម្មភាព​ផ្សេងៗ និង​ធ្វើការ​គំរាម​ទារប្រាក់​ផងដែរ​។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ឬ​ជនរងគ្រោះ​ប្រញាប់​រាយការណ៍​មកកាន់​សមត្ថកិច្ច ដើម្បី​ដាក់ពាក្យ​បណ្តឹង​ស្វែងរក​ជនល្មើស ខណៈ​ដែល​ការបង់ប្រាក់​ទៅ​ជនល្មើស​ទាំងនោះ មិនមែន​ជា​មធ្យោបាយ​ល្អ​នោះទេ ព្រោះ​ជនរងគ្រោះ​នៅ​តែ​បន្ត​បង់ប្រាក់​ទៅ​ឱ្យ​ជនល្មើស​ជា​បន្តបន្ទាប់​។

នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​បញ្ជាក់ថា​៖ «​ការបង់ប្រាក់​មិនមែន​ជា​មធ្យោបាយ ព្រោះ​អ្នកនឹង​ត្រូវ​បង់​បន្តបន្ទាប់​។ (​ប្រសិន​ជា​មាន​ករណី​ដូច​ជម្រាបជូន​នេះ​) ត្រូវ​ធ្វើ​ការបិទ​គណនី​បណ្តាញ​សង្គម​បណ្តោះអាសន្ន និង​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ ស្កេន និង​សម្អាត​មេរោគ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដៃ​រួម​នឹង​ប្រើប្រាស់​ស្ទិកឃ័រ Sticker បិទ Webcam នៅពេល​មិន​ប្រើប្រាស់​»​។

លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៣ ធ្នូ ​ដែរ​ថា រហូត​មក​ដល់​ពេលនេះ មិន​ទាន់​មាន​ការសិក្សា​ណាមួយ​ជា​ផ្លូវការ​ថា ករណី​នៃ​ការជំរិត​ទារប្រាក់​ដោយ​ប្រើប្រាស់​រូបភាព ឬ​វីដេអូ​អាសអាភាស​នៅ​កម្ពុជា​មាន​ប៉ុន្មាន​ករណី​ឱ្យ​ពិតប្រាកដ​នោះទេ ព្រោះតែ​ភាគច្រើន​នៃ​ជនរងគ្រោះ មិន​ត្រូវ​បាន​រាយការណ៍​បញ្ហា​របស់ខ្លួន​ទៅ​កាន់​សមត្ថកិច្ច​ឱ្យបាន​ទាន់ពេលវេលា​។

លោកបញ្ជាក់​ថា ​បទល្មើស​នៃ​ការជំរិត​ទារប្រាក់ ដោយ​ប្រើប្រាស់​រូបភាព ឬ​វីដេអូ​អាសអាភាស ក្រៅតែ​ពី​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​តាម​ការគំរាម ហើយ​ជនល្មើស​គ្មាន​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ​ក៏​មាន​ករណី​ជាច្រើន​ដែរ ដែល​បាន​កើតឡើង​តាមរយៈ​សាច់ញាតិ ឬ​មិត្តភក្តិ​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ជំរិត​ទារប្រាក់​ដោយ​ប្រើប្រាស់​រូបភាព ឬ​វីដេអូ​អាសអាភាស ។

លោក​បញ្ជាក់ថា​៖ «​ករណី​នេះ​គឺ​ពិតជា​មាន​ហានិភ័យ ព្រោះ​វា​នឹង​ធ្វើឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន តាមរយៈ​ការគំរាម​ដោយ​ការទារលុយ​ទារ​កាក់​អី​អ៊ីចឹង​។ ករណី​នេះ ក៏​ធ្វើឱ្យ​ជនរងគ្រោះ​មាន​ការខ្លាចរអា​ក្នុង​ការថតរូប និង​បាត់​ទំនាក់ទំនង​គ្នា​រួមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម​។ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មាន​ការប្រុងប្រយ័ត្ន​បំផុត​»​។

លោក យី គឹមថាន នាយករង​ប្រចាំ​ប្រទេស​ផ្នែក​កម្មវិធី​នៃ​អង្គការ Plan international បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៣ ខែ​ធ្នូ​ ថា បទល្មើស​ទាំងនេះ ក៏​ត្រូវបាន​រកឃើញ​ថា បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិច្ចការពារ​កុមារ​ផងដែរ បើទោះ​ជា​ការរីកចម្រើន​នូវ​បចេ្ចកវិទ្យា និង​ប្រព័ន្ធ​អនឡាញ​បាន​ជួយ​ច្រើន​ដល់​ទំនាក់ទំនង​សង្គម ប៉ុន្តែ​វា​ក៏​ផ្តល់​ផលពិបាក​ច្រើន​ផងដែរ ជាពិសេស​កុមារ​។ ការសិក្សា​រកឃើញ​ថា មាន​ករណី​ច្រើន​ដែល​បាន​កើតឡើង​បទល្មើស​ជំរិត​ទារប្រាក់​នេះ បើ​ទោះ​ជា​ស្ថិត​ក្នុង​វិបត្តិ​កូវីដ​ក៏ដោយ​។ ឃើញ​មាន​ការធ្វើការ​ច្រើន​ពី​រដ្ឋាភិបាល​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍