ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​រយៈពេល​ ៥ ​ឆ្នាំ​ គិតពី​ឆ្នាំ​ ២០១៩ ​ដល់​ឆ្នាំ​ ២០២៣ ដើម្បី​កាត់បន្ថយ​ទម្រង់​ថ្មីៗ​នៃ​ការជួញដូរ​មនុស្ស​ដូចជា អំពើ​ជួញដូរ​ផ្លូវភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើ​ពពោះ​ជំនួស​រួមទាំង​កាត់បន្ថយ​ទម្រង់​នៃ​ការកើនឡើង​វិញ​នូវ​ការ​បង្កប់​សេវា​ផ្លូវភេទ​តាម​ក្លិប​កម្សាន្ត​ផងដែរ​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​នេះ​បាន​ធ្វើ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ២០១៩-២០២៣ ​ស្ដីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ដែល​ផ្ដោតលើ​ការបង្ការ ទប់ស្កាត់ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ​អំពើ​លក់ដូរ​មនុស្ស​អំពើ​ជួញដូរ​ផ្លូវភេទ​អំពើ​ជួញដូរ​ពលកម្ម និង​អំពើ​ជួញដូរ​សរីរាង្គ​។

លោក ស ខេង បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ​ថា រាជរដ្ឋាភិបាល​មិនដែល​ព្រងើយកន្ដើយ​ដោយ​​ទុកឱ្យ​បទល្មើស​ជួញដូរ​មនុស្ស​រីករាលដាល​ដោយ​គ្មាន​ការបង្ក្រាប​នោះទេ ហើយ​កន្លង​មក​មាន​បទល្មើស​ជាច្រើន​ត្រូវ​បាន​បង្ក្រាប និង​មាន​ជនសង្ស័យ​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ជា​បន្តបន្ទាប់​។

លោក​ថា ថ្វីដ្បិត​តែ​មាន​ការបង្ក្រាប​បាន​ច្រើនក្ដី ប៉ុន្តែ​មិនបាន​ធ្វើឱ្យ​ក្រុម​ជនល្មើស​បញ្ឈប់​សកម្មភាព​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​នោះទេ​។ ផ្ទុយទៅវិញ​ពួកគេ​រឹតតែ​ខិតខំ​រក​គ្រប់​មធ្យោបាយ​ថ្មីៗ​ដើម្បី​បង្វែងដាន​សមត្ថកិច្ច និង​តែង​រិះរក​គ្រប់​ភ័ស្ដុតាង​ដើម្បី​ដោះ​បន្ទុក​ពី​ការ​ចោទប្រកាន់​របស់​តុលាការ​។

លោក​បាន​បញ្ជាក់ថា​៖ «​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ផ្លូវភេទ និង​អំពើ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នៅតែ​កើតមាន​ក្រោម​រូបភាព​ថ្មីៗ និង​ស្មុគស្មាញ ដែល​បង្កឱ្យ​មាន​ការលំបាក​ទប់ស្កាត់ ហើយ​របៀប​នៃ​ការប្រព្រឹត្ត​បទល្មើស​មាន​ការប្រែប្រួល​ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ពិភពលោក និង​បច្ចេកវិទ្យា​កាន់តែ​ទំនើប និង​កាន់តែ​អាថ៌កំបាំង​គួបផ្សំ​នឹង​ការគ្រប់គ្រង​ចិត្តសាស្ដ្រ​លើ​ជនរងគ្រោះ​បាន​ធ្វើឱ្យ​ការស៊ើបអង្កេត និង​បង្ក្រាប​កាន់តែ​លំបាក​ឡើង​ដែល​ធ្វើឱ្យ​យើង​ប្រឈម​ថ្មីៗ​ក្នុង​ការរៀបចំ​យុទ្ធសាស្ដ្រ និង​យុទ្ធវិធី និង​សកម្មភាព​ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ទាំងនោះ​ឱ្យ​មាន​ប្រសិទ្ធភាព​»​។

ជាមួយ​គ្នា​នេះ​លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​លើកឡើង​ដែរ​ថា ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ឆ្នាំ​ ២០១៩-២០២៣ ​នេះ​គឺ​មាន​គោលដៅ​កាត់បន្ថយ​ឱ្យ​បាន​នូវ​ទម្រង់​អំពើ​ជួញដូរ​មនុស្ស និង​ផ្លូវ​ភេទ​ថ្មីៗ​ដែល​ទើប​កើតមានឡើង​ដូចជា ការជួញដូរ​ទារក​តាមរយៈ​ការពពោះ​ជំនួស និង​អំពើ​ជួញដូរ​ផ្លូវភេទ​តាម​បច្ចេកវិទ្យា​ដែល​​មាន​ផ្សព្វផ្សាយ​រូបភាព​អាសអាភាស​តាម​អនឡាញ រួមទាំង​ទម្រង់​នៃ​ការកើនឡើង​វិញ​នូវ​សេវា​កម្សាន្ត​សប្បាយ​ដែល​មាន​បង្កប់​សេវា​ផ្លូវភេទ​។

លោកស្រី​ថា​៖ «​កាលពី​ពេលមុន បទល្មើស​ជួញដូរ​មនុស្ស​បាន​កើតឡើង​ច្រើន ប៉ុន្តែ​អាជ្ញាធរ​បង្ក្រាប​បាន​តិចតួច​ប៉ុណ្ណោះ ឬ​ការបង្ក្រាប​ខ្លះទៀត​មិន​បាន​​ចំ​គោលដៅ​នោះទេ​។ តែ​បច្ចុប្បន្ន​នេះ​ថ្វី​ដ្បិត​មាន​បទល្មើស​ជួញដូរ​មនុស្ស​នៅតែ​កើតឡើង​ច្រើន ប៉ុន្តែ​ការបង្ក្រាប​ក៏​បាន​ច្រើន​ករណី​ដែរ​ក្នុង​នោះ​ក៏​មាន​ករណី​ជនជាតិ​បរទេស​ជួញដូរ​ជនជាតិ​បរទេស​ដូចគ្នា​ជាច្រើន​ករណី​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​តាម​យន្តហោះ​ជា​បន្តបន្ទាប់​ទៅ​ទទួលទោស​នៅ​ប្រទេស​កំណើត​វិញ​»​។

តាម​របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​បាន​បង្ហាញ​ថា​ក្នុង​មួយ​ឆមាស​ទី​ ១ ​ឆ្នាំ ២០១៩ អាជ្ញាធរ​បង្ក្រាប​បាន​ករណី​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​​អាជីវកម្ម​ផ្លូវភេទ​បាន​ចំនួន​ ៧៨ ​ករណី ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ៩៧ ​នាក់ និង​សង្គ្រោះ​បាន​ជនរងគ្រោះ​បាន​ ២៦៣ ​នាក់ ខណៈ​កាលពី​ឆមាស​ទី​ ១ ​ក្នុង​ឆ្នាំ​ ២០១៨ ​បង្ក្រាបបាន​​ ៦២ ​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ ៨៥ ​នាក់​​ និង​សង្គ្រោះបាន​ជនរងគ្រោះ​ចំនួន​ ១០៦ ​នាក់​។

លោកស្រី ជូ ប៊ុនអេង បញ្ជាក់​ដែរ​ថា ផែនការ​យុទ្ធសាស្ដ្រ​ឆ្នាំ​ ២០១៩-២០២៣ ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ​គឺ​មាន​បំណង​ធានា​ឱ្យ​មាន​ប្រព័ន្ធ គាំពារ​សង្គម​ដើម្បី​បង្ការ​ទប់ស្កាត់​ភាពរងគ្រោះ​ឱ្យ​មាន​ប្រសិទ្ធភាព ការអនុវត្ត​ច្បាប់​ដែល​មាន​ឥទ្ធិពល និង​ការផ្ដន្ទាទោស​យ៉ាង​សុក្រឹត​ចំពោះ​បទឧក្រិដ្ឋ​នេះ​។

លោកស្រី មាស សាអ៊ីម អនុប្រធាន​ផ្នែក​សិទ្ធិ​ស្ដ្រី និង​កុមារ​នៃ​សមាគម​អាដហុក​បាន​ទទួល​ស្គាល់​ថា រយៈពេល​ចុងក្រោយ​នេះ​អាជ្ញាធរ​រាជរដ្ឋាភិបាល​ពិតជា​បាន​ខិតខំ​បង្ក្រាប​ការជួញដូរ​មនុស្ស​បាន​ច្រើន​ករណី​មែន​៕