បន្ទាយ​មានជ័យៈ ទីស្នាក់​កា​រ​កណ្ដាល នៃមជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា កាលពី​ថ្ងៃ​ពុធ​ បាន​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​មួយ​ក្រុមចុះ​ទៅ​កាន់​​ស្រុកព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ត្រួត​​ពិនិត្យ​ និង​ជួយ​អន្តរា​គមន៍​បោ​ស​​សម្អាត​គ្រាប់​បែក​ប្រភេទ​ទម្លាក់​ពីលើ​យន្ត​ហោះ​ចំនួន​ ៤ គ្រាប់ ដែល​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​កប់​នៅ​ក្នុងដី​ នៃ​តំបន់​ព្រៃលិច​ទឹក​ ជាប់​មាត់​បឹង​ទន្លេសាបកា​ល​ពីពេល​ថ្មីៗនេះ។

កាល​ពី​ថ្ងៃ​ចន្ទក្រុម​ប្រតិ​បត្តិ​​ការ​កម្ចាត់​មីន និង​គ្រាប់​យុទ្ធ​​ភណ្ឌមិន​ទាន់​ផ្ទុះ ​នៃ​អង្គភាព​ស៊ីម៉ាក់​ ខេត្ត​បន្ទាយ​មានជ័យ​ រួម​ទាំង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ នៃ​ស្រុក​ព្រះនេត្រ​ព្រះ បាន​ចុះ​ទៅកាន់​ចំណុច​ទួលក្រ​ចាប់ នៃ​តំបន់​ព្រៃលិច​ទឹក​ជាប់​មាត់​បឹង​ទន្លេ​សាប​ដើម្បី​ពិនិត្យ​វាយ​តម្លៃ​​ទៅ​លើ​ប្រភេទ​គ្រាប់​បែក​ចំនួន ៤ ក្រោយ​ពី​ទទួល​បាន​សេចក្ដី​រាយ​ការណ៍​ពីប្រជា​ពលរដ្ឋ​ ក្នុង​មូល​ដ្ឋាន​ភូមិ​ក្របៅ ឃុំ​ភ្នំលៀប។

បន្ទាប់​ពី​បា​ន​ឃើញ​គ្រាប់​បែ​ក​​​ទាំង​នោះ​ហើយក្រុម​មន្ត្រី​ជំនា​ញ​ស៊ីម៉ាក់​ថ្នាក់​ខេត្ត​ទាំង​នោះ មិន​ហ៊ាន​សម្រេច​ចិត្តជីក​កាយ​យ​ក​​​គ្រាប់​ទាំង​នោះ​ឡើយ ដោយ​អះអាង​ថា ពួក​គេ​មិន​ធ្លាប់​ជួប​ប្រទះ​នូវ​ប្រភេទ​គ្រាប់​បែក​ដែល​មាន​ទំហំធំ​បែប​នោះ​ទេ​កាល​ពី​មុ​ន​មក។

លោក ជុំ សុជាតិ ប្រធាន​ក្រុម​​ប្រតិ​បត្តិការ​ដោះ​មីន និង​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ នៃ​អង្គភាពកំចាត់​មីន ស៊ីម៉ាក់​ខេត្ត​បន្ទាយ​​មាន​ជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រាប់​បែក​ទាំង​នោះ​មាន​ទំហំធំ និង​មាន​ប្រវែង​​ប្រមាណ​ជា​២​ម៉ែត្រ ប៉ុន្តែវាជា​ប្រភេទ​គ្រាប់​បែក​អ្វីឲ្យ​ពិត​ប្រាក​ដ​នោះ​គឺ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ព្រោះ​វា​បាន​កប់​ក្បាល​ចូល​ទៅ​ក្នុង​ជម្រៅ​ដី នៅ​សល់​កំណាត់​ផ្នែក​កន្ទុយ​ដែល​មាន​រាង​ជា​កង្ហារប្រវែង​ជាង​កន្លះ​ម៉ែត្រ​ពី​លើ​​​ដីហើយ​គ្មាន​អក្សរ​ឬលេ​ខ​​សម្គាល់​នោះ​ទេ។

លោក ​សុជាតិ​ បញ្ជាក់​ថា​៖ «វា​អាច​ជា​ប្រភេទ​គ្រាប់​បែ​ក​ទម្លាក់​ពីលើ​យន្ត​ហោះ។ ប៉ុន្តែ​ជាការ​ពិត​ ខ្ញុំ​មិន​ធ្លាប់​ជួប​ប្រទះ​នូវ​ប្រភេទ​គ្រាប់​បែក​ដ៏ធំ​បែប​នោះ​កាល​ពី​មុន​មក​ទេ ដូច្នេះ​ ខ្ញុំ​និង​ក្រុម​ការ​ងារ​ មិន​ហ៊ាន​ជីក​​កកាយ​យកវា​ចេញ​ពីតំបន់​នោះ​​ដែរ។ ខ្ញុំ​បាន​ថតវា និង​រាយ​ការ​ណ៍​ទៅ​ស្នាក់​ការ​កណ្ដាល​ស៊ីម៉ាក់នៅ​​ ភ្នំ​ពេញដើម្បី​បញ្ជូន​ក្រុម​មន្ត្រី​​ជំនាញ និង​អ្នក​ឯកទេស​ផ្នែក​គ្រាប់​ បែក មក​ជួយ​អន្តរា​គមន៍​ពិនិត្យ និងបោស​សម្អាត​ចេញ​»។

លោក​ ហេង​ រតនា អគ្គ​នាយ​ក​​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា លោក​បាន​បញ្ជូន​មន្ត្រី​ជំនា​ញ​ការ​មួយ​ក្រុម ចុះ​ទៅ​សហការ​ជា​មួយ​ក្រុម​មន្ត្រី​ស៊ីម៉ាក់​ថ្នាក់​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋានដើម្បី​ចុះទៅ​កាន់​តំប​ន់​ដែល​មាន​គ្រាប់​បែក​ទាំង​នោះ​។

លោក​ថ្លែង​ថា​៖​ «យ៉ាង​ណា​ក៏​ដោ​យការ​បោស​សម្អាត​ប្រភេ​ទ​​​គ្រាប់​បែក​ធំៗ​បែប​នោះ​ គឺ​ត្រូវ​ការ​ពេល​វេលា ពោលគឺ​មិន​អាច​ធ្វើ​ឡើង​ក្នុង​ពេល​ ១ ​ថ្ងៃ​ឬ ២ ​ថ្ងៃ​បាន​ទេ​»។

បើ​តាម​លោក ស៊ិន រ៉ាស៊ី មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រះនេត្រ​ព្រះ ទីតាំង​គ្រាប់​បែក​ទាំង​នោះ​ស្ថិត​នៅ​ចម្ងាយ ១០០​ ម៉ែត្រ​ពីគ្នា ក្នុង​នោះ ១ ​គ្រាប់​ បាន​ដួល​ដេក​នៅ​លើ​ដី​គ្មា​ន​កន្ទុយ​រាង​កង្ហារនោះ​ទេ ខណៈ ២ ​គ្រាប់​ទៀត គឺ​ដាំ​ក្បាល​ចូល​ទៅ​ក្នុង​ដី និងផ្នែក​កន្ទុយ​ជាប់​នៅ​លើដី​កម្ពស់​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ។ ចំណែ​ក​ ១ ​គ្រាប់​ទៀត ស្ថិត​នៅបាត​អូរ ក្រោម​ជម្រៅ​ទឹក​ប្រមាណជា​ ៣ ​ម៉ែត្រ។

លោក​ថ្លែង​ថា​៖ «យើង​បាន​បោះ​សញ្ញា​សម្គាល់​ទីតាំង​គ្រាប់​បែក​ទាំង​នោះ​រួច​ហើយ និងបាន​ដាក់​សញ្ញាការ​ពារ​ និង​ហាម​ឃាត់​អ្នក​ភូមិ​មិន​ឲ្យ​ចូល​លុក​លុយ​ទៅ​កាន់​តំបន់​នោះ​ផង​ដែរ​»៕