
មន្ត្រីជំនាញចុះត្រួតពិនិត្យក្លិប ១ នៅខេត្តបាត់ដំបង។ រូបថត FN
ភ្នំពេញៈ មន្ត្រីជំនាញ និងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធនឹងចុះត្រួតពិនិត្យ និងធ្វើការណែនាំជាប្រចាំនូវសកម្មភាពអាជីវកម្មមណ្ឌលកម្សាន្តដែលមានខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន ចំពោះការមិនធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍។
លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា គ្រប់មន្ទីរទេសចរណ៍ និងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដែលបានចេញនូវវិធានការណែនាំជាថ្មីពីការបិទ (ផ្អាក) សកម្មភាពអាជីវកម្មមណ្ឌលកម្សាន្តមនុស្សពេញវ័យ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន)។
លោកមានប្រសាសន៍ថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ថា កន្លងទៅរាជរដ្ឋាភិបាលក៏ដូចជាក្រសួងគឺបានឱ្យបិទខារ៉ាអូខេ ក្លិបកម្សាន្តដែលយើងហៅថា មណ្ឌលកម្សាន្តមនុស្សពេញវ័យ ប៉ុន្តែយើងមិនបានឱ្យបិទភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន តែមានអ្នកខ្លះបានបិទ ឬផ្អាកដោយខ្លួនគាត់ក្រោមហេតុផលមិនមានភ្ញៀវ ឬក្ស័យធនជាដើម»។
ប៉ុន្តែករណីមន្ទីរ និងសមត្ថកិច្ចចុះទៅពិនិត្យនោះគឺក្នុងគោលបំណងណែនាំ អប់រំបន្ថែម មានន័យថា ប្រាប់ម្ចាស់អាជីវកម្មទាំងនោះឱ្យអនុវត្តនូវគោលការណ៍បន្តទៀត គឺមិនទាន់អនុញ្ញាតឱ្យបើកដំណើរការទេ ចំពោះមណ្ឌលកម្សាន្តមនុស្សពេញវ័យនេះ។
លោក តុប សុភ័ក្រ បានបន្ថែមថា ក្រសួងទេសចរណ៍ក៏មានក្រុមការងារមួយដែលគេហៅថា ក្រុមការងារទប់ទល់នឹងវីរុសកូរ៉ូណា ហើយក្រុមការងារនេះ ក៏មានថ្នាក់ក្រសួង និងថ្នាក់ខេត្តសម្រាប់ធ្វើការជាមួយនឹងក្រសួងពាក់ព័ន្ធដើម្បីចុះពិនិត្យក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងការចុះតាមដាន ត្រួតពិនិត្យ និងណែនាំតាមវិធានសុវត្ថិភាពទេសចរណ៍នេះ។
អ្នកនាំពាក្យរូបនេះបានអំពាវនាវទៅដល់ប្រតិបត្តិករទេសចរណ៍ អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវធ្វើការអត់ធ្មត់ហើយត្រូវចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ដែលក្រសួងទេសចរណ៍បានដាក់ចេញដើម្បីធ្វើយ៉ាងណាឱ្យគោលដៅ ឬទីតាំងអាជីវកម្មជាទីតាំងដែលមានសុវត្ថិភាព និងមានភាពកក់ក្តៅសម្រាប់អតិថិជន។
លោក តុប សុភ័ក្រ បញ្ជាក់ថា៖ «អាជីវកម្មណាដែលរាជរដ្ឋាភិបាលហាមប្រាម ដូចជា KTV ក្លិបកម្សាន្តជាដើមគឺត្រូវតែចូលរួមគោរពឱ្យបានម៉ឺងម៉ាត់បំផុតគឺមិនត្រូវលួចបើកដំណើរការអាជីវកម្មទេ។ ក្នុងករណីដែលមានការលួចបើកអាជីវកម្មខុសពីគោលការណ៍ណែនាំ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តទៅតាមគោលការណ៍ច្បាប់»។
កាលពីថ្ងៃទី ៩ ខែវិច្ឆិកា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចេញនូវសេចក្តីជូនដំណឹងមួយពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លិបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន)។
លោករដ្ឋមន្ត្រីបានលើកឡើងក្នុងសេចក្តីជូនដំណឹងនោះថា៖ «ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ក្នុងការបិទសកម្មភាពអាជីវកម្ម KTV ក្លិបកម្សាន្ត និងមានការចុះត្រួតពិនិត្យជាប្រចាំ»។
លោក ថោង ខុន បានបន្តថា ដូចនេះអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ដោយបន្តចុះធ្វើការត្រួតពិនិត្យ និងអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ស្តីពីការបន្តបិទសកម្មភាពអាជីវកម្មទាំងនេះឱ្យមានប្រសិទ្ធភាព។
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា គណៈបញ្ជាការឯកភាពខេត្តរួមមាននគរបាលទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលក្រុង អធិការនគរបាលក្រុង និងប៉ុស្តិ៍នគរបាលសង្កាត់កាលពីយប់ថ្ងៃទី ៩ ខែវិច្ឆិកា បានសហការគ្នាចុះត្រួតពិនិត្យ ស្ថានភាពខារ៉ាអូខេ ក្លិបកម្សាន្ត និងភោជនីយដ្ឋានដែលបានកែប្រែពីមណ្ឌលកម្សាន្តមនុស្សពេញវ័យក្នុងក្រុងបាត់ដំបងពីការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ស្តីពីការបិទ KTV ក្លិបកម្សាន្តទូទាំងប្រទេស។
ដូចគ្នានេះដែរថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមន្ត្រីមូលដ្ឋានបានចុះអប់រំណែនាំ និងធ្វើការផ្សព្វផ្សាយនូវប្រកាសរបស់ក្រសួងសុខាភិបាលស្ដីពីការបិទ KTV ក្លិបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេសនៅក្នុងស្ថានភាពជំងឺកូវីដ ១៩ ដែលកំពុងតែមានការរីករាលដាលជាសកលទៅដល់ម្ចាស់ KTV និងម្ចាស់ក្លិបកម្សាន្តមួយចំនួននៅក្នុងខេត្តដែលស្ថិតនៅជាប់រាជធានីភ្នំពេញផងដែរ៕