
សមត្ថកិច្ចកំពុងប្រមូលឈើ ដែលត្រូវបានគេលាក់ទុកក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ រូបថត សហការី
មណ្ឌលគីរីៈ មន្ត្រីជំនាញនៃដែនជម្រកសត្វព្រៃស្រែកពក បានបង្ក្រាបទីតាំងលាក់ឈើខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិមួយ ដោយប្រមូលបានឈើប្រណីត ៣០ ដុំ ដឹកយកមករក្សាទុកនៅស្នាក់ការបរិស្ថានស្រែពក នៅរសៀលថ្ងៃទី ១៨ ខែឧសភានេះ។
លោក រី ថៃសាន អនុប្រធានដែនជម្រកសត្វព្រៃស្រែពក ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ១៨ ខែឧសភា នេះថា កម្លាំងជំនាញបរិស្ថាន បានចុះទៅបង្ក្រាបទីតាំងលាក់ឈើខុសច្បាប់មួយកន្លែង នៅមុខវត្តដីអេ ក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ឈើទាំង ៣០ ដុំនោះ ជាប្រភេទឈើស្រឡៅ មិនដឹងថា ឈ្មួញយកមកលាក់តាំងពីពេលណាទេ»។
លោក រី ថៃសាន ប្រាប់ថា កម្លាំងជំនាញចាប់មិនបានជនសង្ស័យណាម្នាក់នោះទេ ព្រោះពួកគេគេចខ្លួនមុនពេលកម្លាំងជំនាញចុះទៅដល់កន្លែងលាក់ឈើ។
លោកថ្លែងថា៖ «យ៉ាងណាក៏ដោយ យើងនឹងស្រាវជ្រាវស្វែងរកម្ចាស់ឈើឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ តាមរយៈធ្វើការជូនដំណឹងដោយកំណត់រយៈពេល ៣០ ថ្ងៃ ហួសពីនោះ គឺយើងនឹងធ្វើសំណុំរឿងបញ្ជូនទៅតុលាការបន្តនីតិវិធី» ។
ដោយឡែកកាលពីល្ងាចថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២១ មន្ត្រីជំនាញនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំព្រិច បានចុះធ្វើការបង្ក្រាបទីតាំងស្តុកឈើលួចលាក់មួយកន្លែង ស្ថិតនៅចំណុច ភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មួយករណីផងដែរ ។
លោក សោម វិសាល ប្រធានស្នាក់ការដែនជម្រកសត្វព្រៃភ្នំព្រិច ថ្លែងថា ការចុះបង្ក្រាបទីតាំងស្តុកឈើលួចលាក់នេះ កម្លាំងមន្ត្រីបរិស្ថាន បានធ្វើការរឹបអូសឈើបានចំនួន ៥១ ដុំ ជាប្រភេទឈើសុក្រំ មានប្រវែងចាប់ពី ៣ ម៉ែត្រ ទៅ ៤ ម៉ែត្រ។
លោកថ្លែងថា៖ «ឈើនោះប្រហែលជាឈ្មួញបានលួចកាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច និងស្តុកលាក់ទុកដើម្បីដឹកចេញទៅលក់ឱ្យឈ្មួញវៀតណាម» ។
លោក សោម វិសាល ថ្លែងថា នៅព្រឹកទី ១៧ ខែឧសភា កម្លាំងមន្ត្រីបរិស្ថាននៃស្នាក់ការដែនជម្រកសត្វព្រៃភ្នំព្រេច បានប្រមូលកំណាត់ឈើទាំងនោះដឹកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំព្រិច ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕