កំពង់ស្ពឺៈ មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ជំរុញ​ឲ្យ​នាយ​ទាហាន ​និង​និស្សិត នៃ​សាលា​នាយ​ទាហាន​សកម្ម​ទាំង​អស់ ត្រូវ​ធ្វើ​​ជាជន​បង្គោល សម្រាប់​ស្ថាប័ន សហគមន៍​ និង​គ្រួសារ​មួយដែល​មាន​ការ​ទទួល​ខុស​​ត្រូវក្នុង​ការ​ទប់​ស្កាត់​នូវការរីក​​រាល​ដាល​នៃបញ្ហា​គ្រឿង​ញៀន​ ខណៈដែល​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ជា​បន្ត​បន្ទាប់។

​លោក មាស វិរិទ្ធ អ្នកនាំ​​ពាក្យ​អាជ្ញធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​បញ្ហា​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀ​ន​​ខុស​ច្បាប់ និង​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យគ្រឿងញៀន ​ដល់​នាយ​ទាហាន និងនិ​ស្សិត​នាយ​ទាហាន​សកម្ម​ចំនួន ១ ២០០ នាក់ នៅ​សាលា​នាយទា​ហាន​សកម្ម​ត្មាត​ពងក្នុង​ខេត្ត​កំពង់​ស្ពឺ​ កាល​ពី​ថ្ងៃចន្ទ​ម្សិល​មិញ​ថា ការងារ​បង្ការ​ទប់​ស្កាត់ ការ​​រីក​រាល​ដាលនូវ​បញ្ហា​គ្រឿង​ញៀន នៅ​ក្នុង​សង្គម​គ្រួសារ និង​សហ​គមន៍ មិន​​មែន​ជា​ការ​ងារផ្តាច់​​មុខ​របស់​នរណា​ម្នាក់ ឬក្រុម​ណា​មួយ​ឡើយ «តែ​វាជា​ការងារ​រួម​របស់​យើង​ទាំង​អស់​គា្ន»។

លោក​ វិរិទ្ធ​ បញ្ជាក់​ថា​៖ «​យើង​ត្រូវ​ចាត់​ទុក​បញ្ហា​គ្រឿង​ញៀន ជា​បញ្ហា​រួម​របស់​យើង​ទាំង​អស់​គ្នា និង​ត្រូវ​ចូលរួម​គ្នាដើម្បី​ ប្រយុទ្ធ​ប្រឆាំង​នូវ​បញ្ហា​គ្រឿង​ញៀន​នេះ ដើម្បី​ភាព​សុខ​សាន្តរបស់​ប្រជាជន និង​សង្គម​ជាតិ​របស់​យើង»។

កាល​ពី​ពេល​ថ្មីៗ​នេះ​ មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃក្រសួង​មហាផ្ទៃ បាន​បង្ក្រាប​ទី​តាំង​លួចលាក់​ផលិតគ្រឿង ញៀន​ខុស​ច្បាប់​​មួយ​កន្លែង​​​ នៅ​ក្នុង​ខណ្ឌសែន​សុខ រាជ​ធានី​ភ្នំ​​ពេញ ដោយ​​រឹប​អូស​បាន​គ្រឿង​​ញៀន​ប្រភេទ Pyrovalerone​ សរុបជាង​ ២០០ គីឡូក្រាម និង​សារ​ធាតុ​ផ្សំ​សម្រាប់​ធ្វើការ​កែច្នៃ​ជាគ្រឿង​ញៀន ជាង​ ៥៨៧ គីឡូ​ក្រាម រួមទាំង​ម៉ាស៊ីន​ផលិត​គ្រឿង​ញៀន​មួយ​ឈុត។ ទីតាំង​នោះ​ត្រូវ​បាន​ជន​ជាតិ​តៃវ៉ាន់​ម្នាក់​ ជួល​ពី​លោក​ អ៊ុយ រាស៊ី​នាយក​រង​សាខា​គយ​​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ។

ពាក់​ព័ន្ធ​នឹង​រឿង​គ្រឿង​ញៀន​នេះ​ សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​បា​ន​ធ្វើ​ការចោទ​ប្រកាន់​ជន​សង្ស័យ​ក្នុង​អំពើ ជួញ ដូរ គ្រឿង​ញៀន​ចំនួន ៦​ នាក់ និងបាន​បញ្ជា​ឲ្យ​កម្លាំង​នគរ​បាល​យុត្តិ​​ធម៌នាំ​យក​​ពួកគេទៅ​ឃុំ​ខ្លួន ​នៅ​ពន្ធនាគារ​ខេត្ត បន្ទាប់​ពី​ត្រូវ​បាន​កម្លាំង​នគរ​បាល​បង្ក្រាប​គ្រឿង​ញៀននៃ​អធិការ​ដ្ឋាន​ស្រុក​សំរោងទង ចាប់​ឃាត់ខ្លួន​ កាល់​ពី​ព្រឹក​ថ្ងៃ​ទី​ ៧​ ខែ មេសា​ ឆ្នាំ ២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​ត្រស់ ឃុំ​សំរោង​ទង។

លោក ឃុត​ សុផល​ អធិ​កា​រ​ស្រុក​សំរោង​ទង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​កាល​ ពីម្សិល​មិញ​ថា ជន​ជាប់​ចោទ​ក្នុង​អំពើ​ជួញ​ដូរ​គ្រឿង​ញៀន​ទាំង​នោះ រួម​មាន ឈ្មោះ ​អ៊ុន ផល្លី អាយុ ៣៣ ឆ្នាំ ជា​មេខ្លោង​ និងអ្នក​កំណត់​ទីផ្សារ​ជួញ​ដូរ​ដល់​បក្ខពួក​ចំនួន ៥ នាក់​ទៀត រួម​មាន​ឈ្មោះ អាន ពិសី អាយុ ២៤ ឆ្នាំ, ​ខៀវ ចែ អាយុ ២២ ​ឆ្នាំ, ទេព កុសល អាយុ ២៨ ឆ្នាំ, យ៉ាន់ ដា អាយុ ១៩ ​ឆ្នាំ និងឈ្មោះ ចន សុជាតិ អាយុ ៣០ ឆ្នាំ។

លោក​សុផល​បញ្ជាក់​ថា៖​ «ក្នុង​ការបង្ក្រាប​ចាប់​មុខសញ្ញា​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ខាង​លើ​​នេះ សមត្ថកិច្ច​ បានរឹប​អូស​​វត្ថុតាង ថ្នាំ​គ្រាប់​ប្រភេទ​មេតំហ្វេតា​មីន​សរុប ១១ កញ្ចប់​ធំ-តូច ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​ចំនួន​ ១ និង សម្ភារ​ប្រើប្រាស់​ផ្សេង​ទៀត»៕