ភ្នំពេញៈ ​មន្ត្រី​ជំនាញ​ខាង​សុខភាព​សត្វ​ នៃ​ក្រសួង​កសិ​ក​ម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរ​បង្កើត​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​ជំងឺប៉េស្ដ​ជ្រូក​អា​ហ្រ្វិក​ បាន​រាលដាល​​ដល់​ខេត្ត​​របស់​ប្រទេស​វៀត​ណា​ម ដែល​នៅ​ជាប់​គ្នា​ជាមួយ​ខេត្ត​មណ្ឌ​ល​​គិរី​​និង​ខេត្ត​ក្រចេះ។

លោក តាន់ ផាន់​ណា​រ៉ា អគ្គនា​​យក​ នៃ​អគ្គនាយកដ្ឋាន​សុខ​​ភាព​សត្វ​ និង​ផលិតកម្ម​សត្វ​បា​ន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី ១៥ ខែ មីនា​​ ថា តាម​ព័ត៌មាន​មិន​ផ្លូវ​ការដែ​ល​លោក​ទទួលបាន​ពី​ខាង​ក្រុម​ហ៊ុ​​ន​​លក់​ចំណី​សត្វ និង​សមាគម​ចិញ្ចឹមសត្វ​គឺ​បញ្ជា​ក់​ថា ជំងឺប៉េស្ដ​ជ្រូក​អាហ្រ្វិក ​ដែល​រាលដាល​នៅក្នុង​ប្រទេស​វៀតណា​ម កំពុងតែ​ខិតជិត​មកដល់​ប្រទេស​កម្ពុជា​ហើយ ដោយ​លោ​ក​បាន​អំពាវនាវ​ឱ្យ​មន្ទីរ​កសិកម្ម​​ខេត្ត​រតនគិរី​ និង​ក្រចេះ ត្រូវ​បង្កើន​ការតាមដាន​ និង​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ណា​មាន​សត្វ​ជ្រូក​ឈឺ។

លោកថា​៖ «ដោយ​​​សារ​កាលពី​ពេលថ្មីៗ​​​នេះខ្ញុំ​ទទួ​ល​​បាន​ព័ត៌មាន​ថា នៅ​បណ្ដា​​ខេត្ត​ទល់​ដែន​ជាប់​ប្រទេ​ស​​ កម្ពុជា ​ដែលជា​ប់​នឹង​ខេត្តក្រចេះ​ និង​រតនគិរី គឺមាន​បញ្ហា​នេះ​ (ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក) ហើយ ហើ​យ​ពី​ពេល​នេះ​​ទៅខ្ញុំ​ក៏​សូម​សំណូ​មពរ​លោក​លោក​ស្រី​​ដែលជា​ប្រធាន​ការិយាល័យ​ដែរ​ថា ប្រ​សិ​​នបើ​មាន​សត្វ​ឈឺ​ក្នុង​ករណី​មួយ​ណា​ក៏ដោយ ត្រូវ​ប្រុង​ប្រយ័ត្ន»។

វៀតណាម​គឺជា​ប្រទេស​អា​ស៊ី​​​ទី៣ បន្ទាប់ពី​ប្រទេស​ ចិន​ និ​ង​ប្រទេស ​ម៉ុង​ហ្គោលី ដែល​បាន​ផ្ទុះជំងឺប៉េស្ត​ជ្រូក​អា្រហ្វិក​នៅ​ក្នុ​ង​ដើម​ខែ​កុម្ភៈ​មុននេះ។ បើតាម​សារព័ត៌មាន VN Expre​ss ចុះផ្សាយ​នៅ​ថ្ងៃទី ១៥ ខែ មីនា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​កំពុង​វាយប្រហារ​ឧស្សាហកម្ម​ជ្រូក​ប្រទេស​វៀតណាម ​ដែលមាន​តម្លៃ​ស្មើ ១០ ពាន់​លាន​ដុល្លារ ​អា​មេរិក និង​កំពុង​ធ្វើឱ្យ​វៀតណា​ម​រង​ការ​គំរាម​កំហែង​កាន់​តែ​ធ្ងន់ធ្ងរ​លើ​ការ​នាំ​ចេញ​ជ្រូក។

សារព័ត៌មាន​នេះ​បន្តថា ក្រោ​យ​​ពី​ខេត្ត​​របស់​វៀតណាម​ចំនួ​ន ១៧ បាន​ផ្ទុះឡើង​ជំងឺប៉េស្ដ​ជ្រូក​អាហ្រ្វិក​ជា​បន្តបន្ទាប់គឺ​បា​ន​ធ្វើឱ្យ​ប្រទេស​មួយ​ចំនួន ដូចជា កោះ​តៃវ៉ាន់ ទីក្រុង​ឌូ​បៃ​របស់​អារ៉ាប់​រួម សហរដ្ឋអាមេរិក និង​ប្រទេស ​អង់គ្លេស បាន​ចេញ​បម្រា​មចំពោះ​ការនាំ​ចូល​សាច់​ជ្រូ​ក​ពី​ប្រទេស ​វៀត​ណាម ហើ​យ​​​ជន​ណា​​ល្មើ​ស​នឹង​បម្រាម​នោះ នឹង​ត្រូវ​ផាក​ពិន័យ​ឬ​ត្រូវ​ជាប់​ពន្ធនាគារ។

លោក ញ៉ែម សំអឿន អភិបា​លរង​ខេត្ត​រតនគិរី​ ​​ថ្លែង​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​ថា​ ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​​បាន​រាល​ដា​ល​ដល់​តំបន់​ព្រំដែន​ប្រទេស ​វៀត​ណាម​ ជាប់​គ្នា​ជាមួយ​ខេត្ត​រត​ន​គិរី​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់ថា ក្នុង​ខេត្ត​រតនគិរី​គឺ​ពុំមាន​ការនាំ​ជ្រូក​ចូល​ពី​​វៀតណាម​នោះ​ទេ។

លោក​បន្ត​​​ថា៖ «ភាគ​ច្រើ​ន​ (នាំ​ជ្រូក​ចូល) ​ពី​ខេត្ត​កំពង់​ចា​ម​​ទៅវិញ​ទេ។យើង​បាន​ជូនដំណឹ​ង​​​​ដល់​អ្នករកស៊ី​ទាំងអស់ មិនឱ្យ​ដឹក​ជញ្ជូន (ជ្រូក​ពី​វៀតណាម) ចូល​ខេត្ត​យើង​ទេ»។

ភ្នំពេញ​ប៉ុស្ដិ៍​ មិនអាច​សុំ​ការបក​ស្រាយ​បន្ថែម​ពី​លោក លី សូ​វ៉ាន់ អ្នក​​នាំពាក្យ​ក្រសួង​​សុ​ខា​ភិបាល​បានទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​លោក តាន់ ផាន់​ណា​រ៉ា បាន​អះអាង​ថា មាន​បទល្មើស​ដឹក​ជ្រូក​ចូល​ខុសច្បាប់​ជាច្រើន​ករណី​ពី​​វៀតណាម ប៉ុន្តែ​លោក​ថា ខាង​អគ្គនា​យ​ក​​​​​ដ្ឋាន​សុខភា​ព​សត្វ​ និង​ផលិតកម្ម​សត្វ​សហ​ការ​ជាមួយ​អាជ្ញាធរ​គ្រប់​ខេត្ត បាន​ទប់ស្កាត់​បទ​ល្មើ​ស​ទាំងនោះ​បាន​យ៉ាង​ល្អ​ហើយ​រាល់​ការវិភាគ​កន្លង​មក​ ក៏​បង្ហាញថា កម្ពុជា​ពុំមាន​ករណី​ផ្ទុះ​ឡើង​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​នោះ​ទេ៕