ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក ប៊ុន ហុន បាន​ជំរុញ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល ស្វែងរក​អ្នក​ជំនាញ​ច្បាប់​ឱ្យបាន​ច្រើន ដើម្បី​ងាយស្រួល​ស្វែងយល់​ និង​ចូលរួម​ពិភាក្សា​ពី​នីតិវិធី​នៃ​ការកែសម្រួល​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ខណៈ​មាន​អង្គការ​មួយ ចំនួន​បានស្នើ​ឲ្យ​និរាករណ៍​ច្បាប់​នេះ​ទាំងស្រុង​។

ការថ្លែង​របស់​លោក​ ប៊ុន ហុន ដូចនេះ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គ​ការ​សង្គម​ស៊ីវិល​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹមសារ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​នៅ​ក្រសួងមហាផ្ទៃ​កាល​ថ្ងៃទី​ ១០ ​ខែ​កុម្ភៈ​ ដោយ​មាន​មន្ត្រី​អន្តរក្រសួង​អង្គទូត​នានា និង​ដៃគូ​អភិវឌ្ឍន៍​ចូលរួម​ផងដែរ​។

តាម​គេហទំព័រ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ចន្ទ​ដែល​បាន​ដកស្រង់​ប្រសាសន៍​លោក​ ប៊ុន ហុន បាន​ឲ្យ​ដឹងថា ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល លោក​បាន​ជំរុញ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ស្វែងរក​អ្នកជំនាញ​ច្បាប់​ឱ្យបាន​ច្រើន​ដើម្បី​ចូលរួម​ពិភាក្សា​ពី​នីតិវិធី​នៃ​ការកែសម្រួល នូវ​ផ្នែក​ផ្សេងៗ​នៃ​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​។

លោក​បាន​បញ្ជាក់ថា៖ «​ការកែ​សម្រួល ឬ​តាក់តែង​ច្បាប់​នីមួយៗ​គឺមាន​ការពិបាក ហើយ​ទាមទារ​ឱ្យ​មាន​អ្នកជំនាញ​ផ្នែក​ច្បាប់​ចូលរួម​ឱ្យបាន​ច្រើន ព្រោះ​ស្មារតី​នៃ​ច្បាប់​គឺ​បញ្ជាក់​ពី​គោលបំណង​ច្បាស់លាស់​ពី​ការចង់បាន​នៅក្នុង​មាត្រា​នីមួយៗ​នៃ​ច្បាប់​»​។

លោក ប៊ុន ហុន បាន​បន្តថា ​នេះ​ជា​កិច្ចប្រជុំ​លើក​ទី​ ៤ ​ហើយ ដូច្នេះ​ស្នើឱ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទាំងអស់​លើកយក​នូវ​មតិយោបល់​ និង​សំណើ​ថ្មីៗ​ដែល​ជា​ចំណុច​នៅលើ​មាត្រា​ថ្មី​បន្ថែមទៀត​ដើម្បី​យក​មក​ពិភាក្សា​សម្រាប់​ធ្វើជា​ធាតុ​ចូល​ក្នុង​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ នេះ​ឱ្យ​បាន​ស្របតាម​បំណង​រួម​។

យ៉ាងណាក្ដី​លោក​បាន​ស្នើឱ្យ​លើក​​យក​ចំណុច​ខ្វះខាត និង​ចំណុច​ដែល​មិនទាន់​ច្បាស់លាស់​ដែល​ចង់​បំពេញ​​បន្ថែម ឬ​កែប្រែ​ដោយ​ធ្វើយ៉ាងណា​​ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន និង​ការពារ​ផលប្រយោជន៍​សាធារណៈ​ព្រមទាំង​លើកកម្ពស់​ភាព​ជា​ដៃគូ​ជាមួយ​អាជ្ញាធរ​សាធារណៈ​។

លោក​ថា​៖ «​ការបន្ត​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ជា​ការប្រមូល​ធាតុ​ចូល​សំខាន់ៗ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​ពិនិត្យ​តាម​នីតិវិធី​»​។

ក៏ប៉ុន្តែ​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក ​ថេង សាវឿន ​បាន​អះអាង​ថា អង្គការ​សង្គមស៊ីវិល​មាន​អ្នកច្បាប់ និង​អ្នកជំនាញ​គ្រប់គ្រាន់ និង​បាន​ឆ្លងកាត់​ការប្រជុំ​ផ្ទៃក្នុង​រួចហើយ​មុន​នឹង​ជួបប្រជុំ​ជាមួយ​ក្រសួងមហាផ្ទៃ ហើយ​ថា​ការបាន​លទ្ធផល​ល្អ​ដោយសារ​តែ​ភាគី​ទាំង​​ ២ ​មាន​ការយល់យោគ​គ្នា​ទៅវិញទៅមក​។

លោក​បាន​ថ្លែងថា​៖ «​យើង​មាន​ការជជែក​យល់​គ្នា​រវាង​អង្គការ​តំណាង​អង្គការ​សង្គម​ស៊ីវិល ហើយ​យើង​បាន​ជជែក​បាន​ ៣ ​មាត្រា​ដែល​ក្នុងនោះ​មាន​មាត្រា​ទី​ ១០ ​មាត្រា​ទី​ ១១ មាត្រា​ទី​ ២០ ដែល​អង្គការ​សង្គម​ស៊ីវិល​យល់ថា មាត្រា​ទាំងនេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ខ្លះ​ដល់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល »​។

មន្ត្រីជាន់ខ្ពស់​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា មាន​មាត្រា​សំខាន់ៗ​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​មាន​ការកែសម្រួល​ក្នុងនោះ​មាន​មាត្រា​ ១១ ​ដោយ​ស្នើសុំ​ឲ្យ​លុប​កថាខណ្ឌ​ទី​ ១ ​ចេញ​ ខណៈ​ដែល​ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​រក្សាទុក​ដដែល ។

លោក​បាន​បន្ថែមថា​៖ «​មាត្រា​ ២០ ​គឺ​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​របស់​អង្គការ​សមាគម​ឲ្យ​ដាក់បញ្ចូល​ការលើកលែង​ពន្ធ​ផ្សេងៗ​ដោយ​ស្វ័យ​ប្រវត្ដិ បន្ទាប់ពី​ខ្លួន​បាន​ចុះ​ឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​»​។

លោក​ ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។

ក៏ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​មាន​សហគមន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០០ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ​ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និរាករណ៍​ច្បាប់​នេះ​ចោល​ដោយ​លើក​ហេតុផល​ថា មិនចាំបាច់ និង​គ្រាន់តែ​ជា​ឧបករណ៍​ដើម្បី​រឹតត្បិត​សេរីភាព​ក្នុង​ការជួបជុំ ការបង្កើត​អង្គការ និង​ការសម្ដែង​មតិ​ផ្សេងៗ ។

សេចក្តី​ថ្លែងការណ៍​នោះ​ថា​៖ «​យើងខ្ញុំ​ជឿជាក់​ថា​ក្រុម​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សមាគម​ក្នុង​ស្រុក​គួរ​ត្រូវបាន​អនុវត្ត​ការងារ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍ​ប្រទេស​ កម្ពុជា​ ដោយ​គ្មាន​ការ​រឹតត្បិត និង​រំលោភបំពាន​ក៏ដូចជា ការជ្រៀតជ្រែក​ពី​សំណាក់​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​»៕