
មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើបានចុះដកបង្គោលព្រំដីមានបាញ់ថ្នាំពណ៌ដែលពលរដ្ឋទន្ទ្រានបោះលើដីរដ្ឋ នាពេលកន្លងមក។ ក្រសួងបរិស្ថាន
ខេត្តមណ្ឌលគិរីៈ មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើបានចុះដកបង្គោលព្រំដីមានបាញ់ថ្នាំពណ៌ដែលពលរដ្ឋទន្ទ្រានបោះលើដីរដ្ឋបានជាង ៣ ពាន់បង្គោល គិតចាប់ពីដើមឆ្នាំនេះរហូតថ្ងៃទី ២៩ ខែធ្នូ ក្នុងស្រុកចំនួន ៣ គឺអូររាំងស្រុកកែវសីមា និងស្រុកកោះញែក ខេត្តមណ្ឌលគិរី ក៏ប៉ុន្តែមន្ត្រីបានត្អូញត្អែរពីការខ្វះកម្លាំង ខណៈបង្គោលដែលដករួចត្រូវគេលួចដាំឡើងវិញ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងកាលពីថ្ងៃទី ២៩ ធ្នូថា កម្លាំងជំនាញនៃមន្ទីរបរិស្ថានតែងចុះដកបង្គោលព្រំដីដែលជនមិនស្គាល់មុខទន្ទ្រានកាន់កាប់ និងដាំបង្គោលលើដីរដ្ឋជាញឹកញាប់ដែលគិតពីដើមឆ្នាំ ២០២០ មកបានប្រមាណជាង ៣ ពាន់បង្គោលហើយ ប៉ុន្តែមិនអាចដកអស់ដោយសារមានការលួចដាក់ដាំឡើងវិញជាបន្តបន្ទាប់។
លោក សុភគ៌ បានបញ្ជាក់ថា៖ «កន្លែងខ្លះកាប់ព្រៃហើយ បោះបង្គោលព្រំកន្លែងខ្លះលួចដាំស្វាយចន្ទី និងខ្លះទៀតបោះបង្គោលព្រំក្នុងព្រៃដីរដ្ឋតែម្តង...ការចុះដកបង្គោលព្រំដីនេះគឺយើងចុះទៅស្ទើររាល់ថ្ងៃតែដកខាងមុខគាត់ដាំខាងក្រោយ ដកខាងក្រោយគាត់ដាំពីខាងមុខ អ៊ីចឹងការងារហ្នឹងវាវិលរហូតអ៊ីចឹងទៅ។ ដីដែលពួកគាត់ទៅដាំបង្គោលហ្នឹង មានខ្លះ ៥ ហិកតា ខ្លះ ៤ ហិកតា ឬ ២ ហិកតាអ៊ីចឹងទៅ ហើយខ្លះមានដល់ ១០ ហិកតាក៏មាន»។
បើតាមលោក សុភគ៌ ជាវិធានការកម្លាំងជំនាញបរិស្ថាននៅតែបន្តឃ្លាំមើលជាបន្តបន្ទាប់ ប៉ុន្តែដោយសារតែចំនួនកម្លាំងមានតិចហេតុនេះ មិនអាចមានការឈរជើងនៅទីតាំងតំបន់ណាមួយបានគ្រប់ ២៤ ម៉ោងបានទេ។
លោកថ្លែងថា៖ «និយាយរួមទៅបើគិតតាមស្តង់ដា ១ គីឡូម៉ែត្រការ៉េត្រូវការមន្ត្រីពី ៣ ទៅ ៤ នាក់ឯណោះ ប៉ុន្តែយើងមានកម្លាំងតិចតួចមែនទែនគិតទៅទូទាំងខេត្តមានមន្ត្រីឧទ្យានុរក្សតែ ៩៨ នាក់ហើយត្រូវធ្វើការត្រួតពិនិត្យលើផ្ទៃដី ១ លាន ១ សែនហិកតា»។
បើតាមលោក សុភគ៌ បច្ចុប្បន្ន ក្រៅពីមន្ត្រីបរិស្ថានគឺត្រូវការក្រុមល្បាតសហគមន៍ក៏ដូចជា ពេលខ្លះត្រូវការគណៈបញ្ជាការឯកភាពស្រុក និងខេត្តផងដែរក្នុងការចុះជួយដល់មន្ត្រីបរិស្ថានក្នុងការធ្វើកិច្ចការនេះ។ លោកថា ប្រតិបត្តិការកន្លងមកមន្ត្រីបរិស្ថានធ្លាប់បានឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់បញ្ជូនទៅតុលាការពាក់ព័ន្ធក្នុងការកាប់រានទន្ទ្រានដីព្រៃខុសច្បាប់ ការដាក់បង្គោល ក៏ដូចជា ការបរបាញ់សត្វ និងការដឹកឈើផងដែរ។
លោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានថ្លែងកាលពីម្សិលមិញថា ចាប់តាំងពីដើមឆ្នាំនេះមកមន្ត្រីជំនាញរបស់លោកតែងបានចូលរួមសហការចុះដកបង្គោលដែលបោះក្នុងដីរដ្ឋជាមួយផ្នែកពាក់ព័ន្ធជាបន្តបន្ទាប់ ក៏ប៉ុន្តែលោកមិនបានចាំពីចំនួនបង្គោលដែលដកបាននោះទេ។
យ៉ាងណាក្ដីលោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីបានថ្លែងថា ការចុះដកបង្គោលព្រំដីល្មើសច្បាប់កន្លងមក គ្រាន់តែជាយុទ្ធសាស្ត្រចាស់ៗ ព្រោះចុងក្រោយដីដែលបោះបង្គោលនោះតែងត្រូវអ្នកមានអំណាច ឬអ្នកមានលុយយកបានដដែល។
លោកបានបញ្ជាក់ថា៖ «រឿងបែបហ្នឹងខ្ញុំធ្លាប់ឃើញច្រើនហើយ មានដក មានដាក់ លុះដកដាក់ចុះឡើង ចុងក្រោយចរចាត្រូវគ្នាយកបានទៅ ជាឧទាហរណ៍ដូចជាករណីនៅភូមិស្រែអំពូម ភូមិពូក្រុច ឃុំស្រែអំពូមអ៊ីចឹង តវ៉ាៗ អ្នកទៅចាប់ចេះតែចាប់ទៅ ចុងក្រោយឥឡូវឡើងវាលគេយកអស់ហើយ»។
លោក សឿន បូរ៉ាត់ ពលរដ្ឋម្នាក់នៅភូមិពូហ្យាមស្រុកអូររាំងខេត្តមណ្ឌលគិរី បានថ្លែងថា តាមការសង្កេតករណីចុះដក បង្គោលព្រំដីនៅមូលដ្ឋានដែលលោករស់នៅភាគច្រើនគឺមន្ត្រីធ្វើនៅកន្លែងណាដែលមានការទិញលក់មានឯកសារទទួលស្គាល់ពីឃុំ ឬស្រុក។ ហេតុនេះអ្នកទិញខ្លាចមានការខាតបង់ទើបមានការដាំបង្គោលរក្សាទុកក្រោយពេលដឹងថា បង្គោលព្រំដីរបស់ពួកគាត់ត្រូវបានគេដកចេញ។
លោក បូរ៉ាត់ ថ្លែងថា៖ «ខ្ញុំសង្កេតឃើញថា អ្នកខ្លះក្រោយពីបានដឹងថា គេដកបង្គោលលើដីរបស់ពួកគាត់ដែលបានទិញ គាត់បានទៅបោះបង្គោលសាជាថ្មី ហើយយកឯកសារទិញលក់របស់ពួកគាត់ទៅបិទនៅបង្គោលហ្នឹងទៀត អ៊ីចឹងរឿងដក ហើយដាក់ ដាក់ហើយដកហ្នឹង ព្រោះតែរឿងទិញលក់ហ្នឹងឯង»៕