តាកែវៈ សត្វព្រៃជាច្រើនប្រភេទដែលកំពុងរស់នៅក្នុងតំបន់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅកំពុងប្រឈមនឹងកង្វះទឹកផឹក ខណៈរដូវប្រាំងក្តៅហួតហែងបានឈានចូលមកដល់ ក៏ប៉ុន្តែក្រុមមន្ត្រីបានប្រើមធ្យោបាយដឹកទឹកពីកន្លែងផ្សេងដើម្បីដោះស្រាយបញ្ហានេះ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលព្រៃឈើ។
រដ្ឋបាលព្រៃឈើបានគូសបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃអង្គារពីវិធានការឆ្លើយតបរបស់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅក្នុងកិច្ចប្រឹងប្រែងការពារ និងអភិរក្សសត្វព្រៃនៅទីនោះដោយបានប្រើមធ្យោបាយដឹកទឹករៀងរាល់ ១ សបា្តហ៍ម្ដង ពីទន្លេបាទីទៅចាក់ចូលក្នុងអាងទឹកដែលបានសាងសង់កាលពីឆ្នាំកន្លងមកសម្រាប់ឲ្យសត្វព្រៃផឹក។
លោក សួន សុវណ្ណ អ្នកនាំពាក្យរដ្ឋបាលព្រៃឈើបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា តំបន់ព្រៃនៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅបានជួបប្រឈមបញ្ហាកង្វះទឹកតាំងពីដើមខែមីនាមកម្ល៉េះ។ ប៉ុន្តែនៅចំពោះមុខបញ្ហានេះ រដ្ឋបាលព្រៃឈើតាមរយៈឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅបានចាត់វិធានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពដោយបានដឹកទឹកពីទន្លេបាទីទៅចាក់ចូលក្នុងអាងទឹកដែលបានសង់រួចនៅទីនោះទុកសម្រាប់ឲ្យសត្វផឹក។
លោក សុវណ្ណ បានបញ្ជាក់ថា៖ «មិនមែនតែនៅក្នុងតំបន់ព្រៃនៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅទេដែលខ្វះទឹក ប៉ុន្តែនៅតំបន់ព្រៃការពារ និងអភិរក្សមួយចំនួនទៀតក៏ត្រូវបានអនុវត្តនូវវិធានការឆ្លើយតបបែបនេះដែរ ព្រោះបើគ្មានទឹកផឹក សត្វនឹងឈឺងាប់»។
បើតាមលោក សុវណ្ណ ថវិកាដែលបានមកពីការលក់សំបុត្រឲ្យភ្ញៀវចូលទស្សនា និងពីការជួយឧបត្ថម្ភរបស់អង្គការជាដៃគូ ព្រមទាំងថវិកាបដិភាគរបស់រដ្ឋាភិបាលមួយចំនួនទៀតតាមរយៈរដ្ឋបាលព្រៃឈើ ត្រូវបានយកមកប្រើប្រាស់សម្រាប់ការទិញចំណីអាហារ ថ្នាំព្យាបាល និងការអនុវត្តលើវិធានការឆ្លើយតបចំពោះបញ្ហាប្រឈមខ្វះទឹកនេះ។
ជុំវិញករណីនេះលោក ញឹក រតនៈពេជ្រ នាយកគ្រប់គ្រងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃអង្គារ។ យ៉ាងណាក៏ដោយមន្ត្រីពេទ្យសត្វប្រចាំឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញឹម ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីខ្វះទឹកនៅក្នុងព្រៃនៃតំបន់ឧទ្យានសួនសត្វនេះធ្លាប់បានកើតឡើងជារៀងរាល់ឆ្នាំ ដោយសារប្រភពទឹកក្នុងតំបន់នេះរាក់ពេក ធ្វើឲ្យរីងស្ងួតនៅរដូវប្រាំង។
លោក ញឹម ធី បានបន្តថា ក៏ប៉ុន្តែមុនពេលរីងស្ងួតអស់ពីត្រពាំង និងអាងស្តុកនោះក្រុមការងារនៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅតែងតែទៅដឹកទឹកពីទន្លេបាទីដែលជាប្រភពទឹកតែមួយគត់ក្នុងតំបន់នេះដើម្បីយកមកចាក់បំពេញក្នុងត្រពាំងតូចៗមួយចំនួន និងអាងស្តុកទឹកសម្រាប់ទុកឲ្យសត្វព្រៃផឹក។
លោក ធី បានបញ្ជាក់ថា៖ «រហូតមកទល់ពេលនេះពុំមានសត្វព្រៃងាប់ ឬមានជំងឺដោយសារតែបញ្ហាខ្វះទឹកនេះទេ ថ្វីដ្បិតតែសត្វខ្លះមានសភាពស្គមស្គាំងបន្តិចក្ដី»៕