តាកែវៈ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ម្សិលមិញ បាន​ដុត​កម្ទេច​ជ្រូក​ជាង​ ១០០ ​ក្បាល បន្ទាប់ពី​វិភាគ​សំណាក​ឃើញ​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្រោយពី​​ចាប់បាន​នៅ​ខេត្តស្ទឹងត្រែង​ជា​អ្វីដែល​មន្ត្រី​ជំនាញ​ព្រមាន​ពី​ការឆ្លង​ជំងឺ​នេះ​ចូល​ប្រទេស​តាមរយៈ​ការលួច​នាំចូល​ជ្រូក​ដោយ​ខុសច្បាប់​។

កាលពី​ថ្ងៃទី​ ២៣ មីនា កម្លាំង​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​រួម​នឹង​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម​​បាន​ឃាត់​រថយន្ត​ធុន​ធំ​ ១ ​គ្រឿង​​ដែលមាន​ផ្ទុក​ជ្រូក​ជាង​ ១០០ ​ក្បាល​ នាំចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ​ឆ្លងកាត់​ប្រទេស​ឡាវ​តាម​ច្រកព្រំដែន​ខេត្តស្ទឹងត្រែង​។

លោក​ តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ក្រោយពេល​ដុត​កម្ទេច​ជ្រូក​ទាំងនេះ​ថា ការដុត​កម្ទេចចោល​នេះ​គឺ​បាន​ធ្វើឡើង​នៅ​ស្រុក​បាទី​ខេត្តតាកែវ ដើម្បី​ចៀសវាង​បង្ក​ហានិភ័យ​ដល់​អ្នក​ទទួលទាន និង​បង្ក​ជំងឺ​ទៅដល់​សត្វ​ជ្រូក​នៅក្នុង​ស្រុក​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​កម្ទេចចោល​ហើយ មុន​ហ្នឹង​បន្តិច នៅ​ភ្នំ​តាម៉ៅ​ទាំង​ ១០២ ​ក្បាល​។ យើង​មិនបាន​ដុត​លាយឡំ​ជាមួយ​សត្វ​ដទៃ​ទេ ការដុត​នេះ​គឺ​ដុត​តែ​សត្វ​ជ្រូក​ដែល​ចាប់បាន​នៅ​ខេត្តស្ទឹងត្រែង​នេះឯង​»​។

ក្រៅពី​ដុត​កម្ទេចចោល​ជ្រូក​មាន​ជំងឺ​ទាំងនេះ​លោក តាន់ផាន់ណារ៉ា បានឱ្យដឹង​ទៀតថា អគ្គនាយកដ្ឋាន​ក៏បាន​ណែនាំ​ដោយមាន​ទាំង​កិច្ចសន្យា​រួម​ទាំង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៣០ ​លាន​រៀល​ពី​ឈ្មួញ​ដែល​នាំ​ចូល​ជ្រូក​ខុសច្បាប់​នេះ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​អគ្គនាយកដ្ឋាន​ក៏ដូចជា​ក្រសួង​យើង​នៅតែ​រឹតបន្តឹង​ការ​នាំចូល​ជ្រូក​ដោយ​ខុសច្បាប់​គ្មាន​ការពិនិត្យ​ត្រឹមត្រូវ​។ យើង​នៅតែ​ហាមឃាត់​មិនឱ្យ​មានការ​នាំចូល​​ខុសច្បាប់​ទេ​ព្រោះនេះ​ជា​ការងារ​របស់​ជំនាញ​ហើយ​ការនាំចូល​ជ្រូក​ខុសច្បាប់​ជា​ហានិភ័យ​​នៃ​ការនាំចូល​សត្វ​ជ្រូក​ឈឺ​»​។

កាលពី​ខែកុម្ភៈ​ឆ្នាំនេះ កម្ពុជា​ក៏​ធ្លាប់​បាន​រកឃើញ​ជ្រូក​នាំចូល​ពី​ថៃ​ខុសច្បាប់​ចំនួន​ ៣០ ​ក្បាល ​នៅ​ខេត្តបន្ទាយមានជ័យ​ដែលមាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ផងដែរ ហើយ​ពេលនោះ​សមត្ថកិច្ច​បាន​សម្រេច​ដុត​កម្ទេចចោល​ទាំងអស់​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​សាទរ ចំពោះ​ចំណាត់ការ​ទាន់ពេលវេលា​របស់​សមត្ថកិច្ច​ក្នុង​ការទប់ស្កាត់​ជ្រូក​មាន​ជំងឺ​ចូលក្នុង​ប្រទេស ខណៈ​លោក​បារម្ភ​ពី​ហានិភ័យ​ដែល​អាចធ្វើឱ្យ​ជ្រូក​ក្នុងស្រុក​ឆ្លង​ងាប់ ប្រសិនបើ​ជ្រូក​មាន​ជំងឺ​ចូល​ចរាចរណ៍​នៅលើ​ទីផ្សារ​កម្ពុជា​។

លោក​បាន​បន្តថា ការបារម្ភ​ដូច្នេះ​ក៏​ព្រោះតែ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​គឺ​ងាយ​ឆ្លង​បំផុត​ហើយ​មិនមាន​ថ្នាំ​ការពារ​ និង​ព្យាបាល​ទេ​នៅពេល​មាន​ការប៉ះពាល់​សត្វ​ជ្រូក​មាន​ជំងឺ​តាមរយៈ​រុយ​ ឬ​ចៃ​របស់​សត្វ គឺ​ងាយ​នឹង​ចម្លងជំងឺ​នេះ​បំផុត​។

លោក​បាន​បញ្ជាក់ថា​៖ «​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​សាហាវ​បំផុត​ដោយ​ខ្ញុំ​សិក្សា​មក​គឺ​ជាង​ ១០០ ​ឆ្នាំ​មកហើយ​អត់​មាន​វ៉ាក់សាំង​ការពារ​ និង​ព្យាបាល​សត្វ​ជ្រូក​ទេ​។ ​បើសិនណា​តែ​ឆ្លង​ចូលមក​ជ្រូក​ក្នុង​ទ្រុង​យើង​តែ​ ១ គឺ​ ១ ​ហ្នឹង​នឹងធ្វើ​ឱ្យ​ជ្រូក​ទាំងអស់​ឈឺ​ងាប់​ទាំងអស់​។ ​បើ​មាន​ ១ ០០០ ​ងាប់​ទាំង ​១ ០០០ បើ​មាន​ ១ ​ម៉ឺន​ជ្រូក​គឺ​ងាប់​ទាំង​ ១ ​ម៉ឺន​មិនមែន​ឆ្លង​ហើយ​ឈប់​ទេ​»​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​ធ្លាប់​ផ្ទុះ​ជំងឺ​នេះ​ម្តង​រួចមក​ហើយ​ដោយ​ការឆ្លង​ចូល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ជា​ហេតុ​ធ្វើឱ្យ​កម្ពុជា​ជួបប្រទះ​នូវ​ការខ្វះ​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​ដោយសារតែ​ត្រូវ​សម្លាប់​ជ្រូក​ដែល​ឆ្លង​ក្នុងស្រុក​រាប់ពាន់​ក្បាល​។ នេះ​បើតាម​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​៕

វីដេអូ៖