តាកែវៈ សត្វ​ជ្រូក​ដែល​នាំចូល​ជាង​ ១០០ ក្បាល​ ត្រូវ​បាន​ដុតបំ​ផ្លាញ​ចោល​នៅ​ថ្ងៃនេះ ​នៅ​ក្នុង​ស្រុក​បាទី​ ខេត្ត​តាកែវ ​ក្រោយ​ពី​វិភាគ​សំណាក​រក​ឃើញ​មាន​មេរោគ​ជំ​ងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក។​ ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ អគ្គ​នាយក​ដ្ឋាន​សុខភាព​សត្វ ​និង​ផលិត​កម្ម​សត្វ​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រ​បាញ់​ ​និង​នេ​សាទ​។​

លោក​ ​តាន់​ ​ផាន់​ណារ៉ា​ ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ ​និង​ផលិត​កម្ម​សត្វ​នៃ​ក្រសួង​កសិក​ម្ម​ ​បាន​ប្រាប់​ ភ្នំ​ពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​នេះ​ថា​ ការ​ដុត​កម្ទេច​ចោល​នេះ ​គឺ​ដើម្បី​បង្ការ​ការ​ឆ្លង​ដល់​សត្វ​ជ្រូក​ក្នុង​ស្រុក​ និង​បង្ក​ហានី​ភ័យ​ដល់​អ្នក​ទទួល​ទាន​។​

លោក​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​បា​ន​កម្ទេច​ចោល​ហើយ​ ​មុន​ហ្នឹង​បន្តិច​ នៅ​ភ្នំ​តាម៉ៅ ​ទាំង ​១០២ ​ក្បាល។​ យើង​មិន​បាន​ដុត​លាយ​ឡំ​ជា​មួយ​សត្វ​ដទៃ​ទេ ​ការ​ដុត​នេះ ​គឺ​ដុត​តែ​សត្វ​ជ្រូក​ដែល​ចាប់​បាន​នៅ​ខេត្ត​ស្ទឹង​ត្រែង​នេះ​ឯង​»​។​

កាល​ពី​ថ្ងៃ​ទី​ ​២៣ ​មីនា ​កម្លាំង​សមត្ថ​កិច្ច​ខេត្ត​ស្ទឹង​ត្រែង​ ​នឹង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​ បាន​ឃាត់​រថ​យន្ត​ធុញ​ធំ​មួយ​គ្រឿង​ ​ដែល​ដឹក​ជ្រូក​ជាង​ ​១០០​ ​ក្បាល ​បាន​នាំ​ចូល​ដោយ​ខុស​ច្បាប់​ចេញ​ពីប្រទេស​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ តាម​ច្រក​ព្រំ​ដែន​ខេត្ត​ស្ទឹង​ស្រែង​៕