ភ្នំពេញៈ មន្ត្រី ៦ នាក់បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីឲ្យមានការទទួលពួកគេចូលក្នុងគណបក្សហ៊្វុនស៊ិនប៉ិចវិញ បន្ទាប់ពីសេចក្តីសម្រេចមួយដោយប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បញ្ចប់កាលពីខែមុន។
នៅក្នុងលិខិតដែលដាក់ទៅតុលាការកាលពីថ្ងៃទី ៦ កុម្ភៈ និងចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទបានឲ្យដឹងថា មន្ត្រី ៦ នាក់ក្នុងចំណោមមន្ត្រី ៧ នាក់ដែលត្រូវបានបណ្តេញដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សកាលពីថ្ងៃទី ២៩ ខែមករាបានពន្យល់ថា ការបណ្តេញពួកគេ «បំពានលក្ខន្តិកៈរបស់គណបក្ស»។
ពួកគេបានសរសេរថា៖ «[សេចក្តីសម្រេចនេះ] ប៉ះពាល់អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់យើងហើយអយុត្តិធម៌ណាស់ចំពោះយើង»។
«ហេតុដូច្នេះ យើងខ្ញុំសូមសាលាដំបូងរាជធានីភ្នំពេញធ្វើសេចក្តីសម្រេចបង្គាប់ឲ្យមានការទទួលយកពួកយើងចូលជាសមាជិកភាពគណបក្សរបស់យើងវិញ និងផ្តល់យុត្តិធម៌ដល់យើង»។
មន្ត្រីទាំង ៦ ដែលបានប្តឹងរួមមាន លោក មាជ សំរួល កាន វុទ្ធី សួង ផល្លី គីម រ៉ាវី ណប់ ផន និង លោក សេង ហាក់ស្រ៊ុន ខណៈមន្ត្រីទី ៧ ដែលត្រូវបានបណ្តេញចេញឈ្មោះ ភាព ភាជ មិនបានចុះហត្ថលេខាលើពាក្យបណ្តឹងនេះ។ ពួកគេត្រូវបានបណ្តេញចេញពីគណបក្ស បន្ទាប់ពីមានសំណើមួយពីលោក ហាក់ ស្រ៊ុន ដែលស្នើសុំឲ្យបណ្តេញមន្ត្រីជាន់ខ្ពស់ ២ នាក់ដទៃទៀតពាក់ព័ន្ធនឹងករណីបក្ខពួកនិយម។
លោក កាន វុទ្ធី ប្រធានរដ្ឋបាលគណបក្សហ៊្វុនស៊ិនប៉ិចកាលពីម្សិលមិញបានថ្លែងថា ពួកគេបានដាក់ពាក្យបណ្តឹង បន្ទាប់ពីមិនទទួលបានចម្លើយពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចំពោះលិខិតមួយដែលផ្ញើទៅព្រះអង្គកាលពីថ្ងៃទី ៣០ ខែមករា។
លោកបានថ្លែងថា៖ «ប្រសិនបើយើងធ្វើខុស គណៈកម្មាធិការវិន័យគួរហៅយើងទៅអប់រំ។ វាអយុត្តិធម៌ទាំងស្រុង លិខិតបញ្ឈប់គឺមានលក្ខណៈមិនធម្មតា ពួកគេមិនប្រាប់យើងអំពីមូលហេតុ។ ពួកគេគួរតែផ្តល់សេចក្តីលម្អិត»។
លោកបានបន្ថែមថាលោកបានធ្វើការឲ្យគណបក្សហ៊្វុនស៊ិនប៉ិចតាំងពីឆ្នាំ ១៩៨០។ «ខ្ញុំមិនយល់អំពីមូលហេតុ ថាតើពួកគេច្រណែនយើងដែលបានធ្វើការយូរមកហើយ [ឬយ៉ាងណា] ហើយខ្ញុំដឹងច្រើននៅទីនោះ។ ខ្ញុំជាបុគ្គលិកចាស់បំផុត»។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចដែលធ្លាប់ឈ្នះឆ្នោតឆ្នាំ ១៩៩៣ លោក ញេប ប៊ុនជិន មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕ PS