ភ្នំពេញៈ មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​​កំពុង​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការត្រៀម និង​បង្ការ​ជាមុន​ចំពោះ​គ្រោះ​មហន្តរាយ​ពី​ធម្មជាតិ​ដូចជា​គ្រោះ​រាំងស្ងួត ទឹកជំនន់ ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ​ដែល​អាច​នឹង​កើតមាន​នៅតាម​​តំបន់​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តសៀមរាប​។

ការអប់រំ និង​ណែនាំ​ពី​របៀប​បង្ការ​នេះ​បាន​ធ្វើឡើង​ក្រោយពី​មាន​សេចក្ដី​ជូនដំណឹង​ស្ដីពី​អាកាសធាតុ​របស់​​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​ ៣ ខែ ​មីនា ឆ្នាំ​ ២០២០ បាន​ឲ្យ​ដឹងថា នៅពេល​នេះ​កម្រិត​សម្ពាធ​ទាប​នៅលើ​ផ្ទៃដី​បាន​គ្របដណ្ដប់​នៅលើ​តំបន់​ខ្លះ​នៃ​ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តសៀមរាប​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​ ៩ ខែ​មីនា ឆ្នាំ ២០២០​។ ទន្ទឹមនឹងនេះ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ​ក៏​នឹង​កើតមាន​ព្រម​ជាមួយ​នឹង​ភ្លៀង​ផងដែរ​។

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា នៅពេល​នេះ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កំពុង​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​សហគមន៍​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការត្រៀម​បង្ការ​ជាមុន​ចំពោះ​គ្រោះមហន្តរាយ​ពី​ធម្មជាតិ ដែល​រួមមាន​គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ​។ ពិសេស​សហគមន៍​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​វាលទំនាប​តាម​ដង​ទន្លេ​មេគង្គ និង​ក្នុង​តំបន់​មួយ​ចំនួន​ទៀត​នៅ​ភាគ​ពាយព្យ និង​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា​ដែល​ជា​រៀងរាល់​ឆ្នាំ​តែងតែ​ជួប​ប្រឈម​ទៅនឹង​គ្រោះធម្មជាតិ​ខាងលើនេះ​។

លោក វី បាន​បញ្ជាក់ថា​៖ «​នៅពេល​នេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធានការ​ត្រៀម​បង្ការ​មួយ​ចំនួន​ដល់​សហគមន៍​មូលដ្ឋាន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយ​បាតុភូត​ខ្យល់​កន្ត្រាក់​ឲ្យ​រៀបចំ​បោះបង្គោល និង​ប្រើ​ខ្សែលួស​ចង​កៀប​រឹត​ដំបូល និង​សសរផ្ទះ​ឲ្យ​បាន​រឹងមាំ ​ដើម្បី​ការពារ ការដួលរលំ​ ឬ​ប៉ើង​របើក​ដំបូលផ្ទះ​ពី​ការបក់បោក​ដោយ​ខ្យល់​កន្ត្រាក់​។ ជាមួយ​គ្នា​នេះ​យើង​ក៏បាន​ណែនាំ​ឲ្យ​ពលរដ្ឋ ចៀសវាង​ប្រើប្រាស់​ទូរស័ព្ទដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀង​ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​បាតុភូត​ផ្គរ​រន្ទះ​»​។

សេចក្ដី​ជូនដំណឹង​អំពី​អាកាសធាតុ​បាន​ឲ្យ​ដឹងថា តំបន់​ខ្លះ​នៃ​ខេត្ត​ទាំងនោះ​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គររន្ទះ​កើតឡើង​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ខណៈ​សីតុណ្ហភាព​នៅក្នុង​តំបន់​ជួរភ្នំ​ដងរែក និង ​ខ្ពង់រាប​ឦសាន មាន​ការប្រែប្រួល​​កើនឡើង​ ១ ​អង្សាសេ បើ​ធៀប​ទៅ​នឹង​សប្ដាហ៍​មុន​។

ចំណែក​បរិយាកាស​នៃ​អាកាសធាតុ​នឹង​មាន​ការប្រែប្រួល​កើនឡើង​ ១ ​អង្សាសេ​ធៀប​ទៅនឹង​សប្ដាហ៍​មុន ដែល​សីតុណ្ហភាព​អប្បបរមា​ស្ថិត​ក្នុង​ចន្លោះ​ពី​ ២១-២៣ ​អង្សាសេ​សម្រាប់​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ខណៈ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ចន្លោះ​ពី​ ២៣-២៥ ​អង្សាសេ និង​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ចន្លោះ​ពី​ ២៤-២៦ ​អង្សាសេ ហើយ​ផ្នែក​ខ្លះ​នៃ​តំបន់​មាត់សមុទ្រ​នេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិចតួច​ផងដែរ​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏បាន​គូសបញ្ជាក់​បន្ថែម​នៅក្នុង​សេចក្ដី​ជូនដំណឹង​នោះ​ផងដែរ​ថា​៖ «​អាស្រ័យ​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ជម្រាបជូន​នេះ សូម​សាធារណជន​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​នឹង​កើតមាន​ក្នុង​អំឡុងពេល​មាន​ភ្លៀង​ធ្លាក់ ពិសេស​សាធារណជន​ដែល​រស់នៅក្នុង​ខេត្ត​ភាគ​ពាយព្យ និង​ឧត្តរ​ដែល​រួមមាន​ខេត្ត​បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តសៀមរាប​»​។

លោក វី បាន​ឲ្យ​ដឹងផង​ដែរ​ថា បាតុភូត​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​ក្នុង​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស ៩៧ ​នាក់​ស្លាប់ និង​ជាង​ ២០០ ​នាក់​ទៀត​បាន​រងរបួស​។ ក្នុងនោះ​បាតុភូត​ផ្គរ​រន្ទះ​បាន​សម្លាប់​មនុស្ស​ ៩៥ ​នាក់ និង ៩០ ​នាក់​ទៀត​បាន​រងរបួស ខណៈ​បាតុភូត​ខ្យល់កន្ត្រាក់​បាន​ធ្វើ​មនុស្ស​ ២ ​នាក់​ស្លាប់ និង ​១១៦ ​នាក់​ទៀត​បាន​រងរបួស​៕