ព្រះសីហនុៈ លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ណែនាំ​ឲ្យ​ភាគី​ប្រជាពលរដ្ឋ​ចំនួន ២៣ ​នាក់​ត្រៀម​ឯកសារ​ផ្លូវច្បាប់ សម្រាប់​ជា​ភ័ស្តុតាង​ដាក់ជូន​តុលាការខេត្ត​ព្រះសីហនុ ដើម្បី​តតាំង​ក្តី​ជាមួយ​អ្នកស្រី ហុង សួន ភរិយា​លោក​ឧកញ៉ា​ ស៊ី គង់ទ្រីវ និង​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ជុំវិញ​រឿង​ជម្លោះដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ជាង ១០០ ​គ្រួសារ​នៅ​ឃុំ​បិតត្រាំង បន្ទាប់ពី​តុលាការ​បាន​ចេញ​ដីកា​កោះហៅ​ឲ្យ​ពលរដ្ឋ​ទាំងនោះ​ចូល​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់​។

កាលពី​ពាក់កណ្តាល​ខែ​សីហា​លោក គួន ចន្ថា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​បាន​ចេញ​ដីកា​បង្គាប់​ផ្សេងៗ​គ្នា​ចំនួន​ ២៣ ​ច្បាប់​ដោយ​តម្រូវ​ឲ្យ​ប្រធាន​គណៈកម្មការ​ខេត្ត​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​លោក​ ស៊ុន សុផាត និង​ប្រជាពលរដ្ឋ​ចំនួន​ ២២ ​នាក់​ផ្សេងទៀត​ដែល​មាន​លំនៅ​ក្នុងភូមិ​ចំណោត​រាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ចូលខ្លួន​ទៅ​បំភ្លឺ​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​ ១ ខែ​តុលា​រហូត​ដល់​ថ្ងៃទី​ ២២ ខែ​តុលា​។

ការកោះហៅ​នេះ​គឺ​ដើម្បី​សាកសួរ​ពី​ដំណើររឿង​ដែល​អ្នកស្រី​ ហុង សួន និង​លោក​ លី យ៉ុងផាត់ បាន​ប្តឹង​ប្រជាពលរដ្ឋ​ទាំង ២៣ ​រូបនោះ​ពី​បទ​ «​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​» ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​ដី​ជម្លោះ​ខាងលើ​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​ ២០១៨​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​មិន​អាច​ធ្វើការ​សន្និដ្ឋាន​ជុំវិញ​វិវាទ​នេះ​បាន​ទេ ដោយសារ​វា​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​។ ប៉ុន្តែ​លោក​ថ្លែង​ថា​ឲ្យ​តែមាន​ពាក្យបណ្តឹង នោះ​តុលាការ​ត្រូវ​តែ​កោះហៅ​ភាគី​វិវាទ​មក​បំភ្លឺ​ហើយ​។ ដូច្នេះ​លោក​ជំរុញ​ឲ្យ​ភាគី​វិវាទ​ទាំងសងខាង​ត្រៀម​ភ័ស្តុតាង​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ការពារ​ខ្លួន ហើយ​បើ​ករណី​នេះ​គ្មាន​ភ័ស្តុតាង​ច្បាស់លាស់​តុលាការ​មាន​សិទ្ធិ​សម្រេច​ទម្លាក់ចោល​។

លោក​បញ្ជាក់​ថា​៖ «​យើង​មិន​ហ៊ាន​សន្និដ្ឋាន​ថា ខាង​ណា​ត្រូវ​ខាង​ណា​ខុស​ដែរ​ទាល់​តែ​តុលាការ​បាន​គេ​ស៊ើបអង្កេត មាន​សិទ្ធិ​សម្រេច​ផ្អែក​ទៅ​លើ​ភ័ស្តុតាង​។ អ្នកណា​មាន​ភ័ស្តុតាង​រឹងមាំ​ស្រប​តាម​ផ្លូវច្បាប់ មិន​ស្រប​តាម​ផ្លូវច្បាប់ ព្រោះ​ជាក់ស្តែង​យើង​ធ្វើការ​សន្និដ្ឋាន​ម៉េច​កើត​។ ខ្ញុំ​មិន​សន្និដ្ឋាន ខាង​ណា​ខុស ខាង​ណា​ត្រូវ​ទេ គឺ​មាន​តែ​តុលាការ​ទេ ដែល​អាច​ធ្វើការ​សន្និដ្ឋាន​បាន ដោយ​ផ្អែក​ទៅ​លើ​ដំណើរការ​នៃ​ការស៊ើបអង្កេត​។ បើសិន​ជា​មាន​ភ័ស្តុតាង មាន​ឯកសារ​អ្វីដែល​រឹងមាំ យើង​ដាក់​ទៅ ដើម្បី​ការពារ​ខ្លួន ហើយ​កុំ​គិតថា ខាង​ណា​មាន​ខាង​ណា​ក្រ សំខាន់​ខាង​ណា​មាន​ភ័ស្តុតាង​មូលដ្ឋាន​ច្បាស់លាស់​»​។

លោក​ សុខ កល្យាណ ប្រធាន​តុលាការ​ខេត្ត និង​លោក យឹម ប៊ុណ្ណារ៉េត អ្នកនាំពាក្យ​តុលាការខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អធិប្បាយ​ជុំវិញ​ករណី​នេះ​ដោយ​បាន​បង្វែរ​សំនួរ​ទៅកាន់​លោក គួន ចន្ថា ចៅក្រម​ស៊ើបសួរ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​លោក​។

លោក នួន សូរិយា ដែលជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ ២៣ ​នាក់​ដែល​ត្រូវបាន​តុលាការ​កោះហៅ​បាន​អះអាងថា លោក​បាន​កាន់កាប់​ដី​នេះ​តាំងពី​ឆ្នាំ​ ១៩៩០ ​ជាង និង​មាន​ការទទួល​ស្គាល់​ពី​អាជ្ញាធរ​ ៣ ​ទៅ​ ៤ ​អាណត្តិ​មកហើយ​។

លោក​បន្ត​ថា​ក្នុង​អំឡុងពេល​កាន់កាប់​ដី​នេះ​គឺ​មិនមាន​អ្នកណា​អះអាង​ជា​ដី​របស់គេ​នោះទេ​ទើប​តែ​ចុង​ក្រោយនេះ​គឺ​ក្នុង​ឆ្នាំ​ ២០១៨ ​ស្រាប់តែ​មាន​ការអះអាង​ថា ពួកលោក​បាន​រស់នៅ​លើ​ដី​របស់​គេ ដែល​មាន​បណ្ណ​កម្មសិទ្ធិ​ទៅវិញ​។

«​ដី​ហ្នឹង​ជា​របស់​យើង ដី​ហ្នឹង​គឺ​គាត់​ (​ភាគី​ឧកញ៉ា​) ​បាន​មក​បំពាន​ (​ពលរដ្ឋ​) ​នៅ​ឆ្នាំ​ ២០១៨ ហើយ​ប្លង់​គាត់​គឺ​ប្លង់​ធ្វើ​តាំងពី ១៩៩៣​។ ខ្ញុំ​មិនមែន​ចេះតែ​និយាយ​ទេ មិនដឹង​ជា​គាត់​ទិញ​អ្នកណា​ខ្ញុំ​ក៏​មិនដឹង​ដែរ​ ប៉ុន្តែ​មានតែ​វត្ថុ​ស័ក្តិសិទ្ធិ​ទេ​ដែល​បង្ហាញ​បាន​»​។ លោក សូរិយា ​ដែល​កំពុង​កាន់កាប់​ដី​ទំហំ ៤០ គុណ​នឹង​ ៤០ ​ម៉ែត្រ​ក្នុង​ចំណោម​ដី​ជិត​ ១០ ​ហិកតា​រូបនេះ​អះអាងថា មាន​ពលរដ្ឋ​ចំនួន ១២៧ គ្រួសារ​រស់នៅ​ក្នុង​ភូមិ​នេះ​ដោយ​បង្កើត​ជា​ភូមិ​មួយ​ដែល​មាន​អាជ្ញាធរ​ដឹងឮ​ហើយ​ក្នុងនោះ​ពលរដ្ឋ​ចំនួន ១១៤ ​គ្រួសារ​ទទួលបាន​បណ្ណ​កាន់កាប់​ដីធ្លី​ពី​អាជ្ញាធរ​ដែនដី​ថ្នាក់ឃុំ​។

លោក ឡុង វិចិត្រ ពលរដ្ឋ​ម្នាក់​ទៀត​ថ្លែង​ថា​ការចោទប្រកាន់​ពួកលោក​ថា បាន​បំពាន​លើ​ដី​ឧកញ៉ា​នេះ​គឺជា​រឿង​អយុត្តិធម៌​ខ្លាំងណាស់​ព្រោះ​លោក​មិន​បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នកណា​នោះទេ​។ «​ខ្ញុំ​បាន​ទិញ​ដី​នេះ​ពី​អ្នកភូមិ​ដូចគ្នា​ក្នុង​អំឡុង​ឆ្នាំ​ ២០១៦ ដែលមាន​ទំហំ​ ២០ ​គុណ​នឹង​ ៤០ ​ម៉ែត្រ​ដោយ​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​។ ក្នុងអំឡុង​ឆ្នាំ​ ២០១៨ នោះ​ខ្ញុំ​មិន​បាន​ទៅ​រំលោភបំពាន​ ឬ​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ណា​ឡើយ​។ ខ្ញុំ​មិន​យល់​ដែរ ដែល​តុលាការ​កោះហៅ​ខ្ញុំ​ឲ្យ​ចូល​បំភ្លឺ​ពី​រឿងនេះ​»​។

បើ​តាម​ប្រជាពលរដ្ឋ​ទាំងនោះ ពួកគេ​នឹង​តៀម​ឯកសារ​ដែល​ខ្លួន​មាន ខណៈ​អ្នកខ្លះ​នឹង​ស្វែងរក​មេធាវី​ដើម្បី​ជួយ​ការពារ​ក្តី​ក្នុង​រឿង​វិវាទ​ដីធ្លី​នេះ​ពី​ការចោទប្រកាន់​របស់​អ្នកស្រី​ ហុង សួន ​ភរិយា​ឧកញ៉ា​ ស៊ី គង់ទ្រីវ និង​លោក​ លី យ៉ុងផាត់ ​ដោយ​ពួកគេ​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ការកំណត់​។

លោក ណាច ទ្រី សហមេធាវី​ម្នាក់​ក្នុងចំណោម​ ៤ ​រូប​ដែល​ការពារ​ក្តី​ឲ្យ​អ្នកស្រី​ ហុង សួន និង​លោក ​លី យ៉ុងផាត់ ប្រធាន​ក្រុមហ៊ុន​លីយ៉ុងផាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជម្លោះ​រវាង​កូនក្តី​របស់​លោក​ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​បិតត្រាំង​មាន​ច្រើន​ករណី​។ ដូច្នេះ​លោក​មិនអាច​បញ្ជាក់​ឲ្យ​ច្បាស់​បានទេ ដោយ​គ្រាន់តែ​អាច​និយាយថា ការដែល​កូនក្តី​លោក​សម្រេច​ប្តឹង​ទៅ​តុលាការ ព្រោះ​សំអាង​ថា​បាន​ប្លង់​កាន់កាប់​លើដី​នេះ​ស្របច្បាប់​។

លោក​បញ្ជាក់​ថា​៖ «​នៅក្នុង​ឃុំ​បិតត្រាំង មាន​(​ជម្លោះ​) ​ដល់​ទៅ​ ៤ ​កន្លែង​ដូចជា​ជម្លោះ​លើដី ៦០ ​ហិកតា ២៦ ​ហិកតា​​ ១៧ ​ហិកតា និង ២ ​ហិកតា​គឺ​សុទ្ធតែ​ប្រជាពលរដ្ឋ​គាត់​ចូលមក​កាន់កាប់​ហើយ​គាត់​អត់​មាន​អី​សោះ គាត់​ចូល​មក​រំលោភ​ធ្វើ​ផ្ទះ យក​ដី​គេ​អ៊ីចឹង ហើយ​ដី​គេ គឺ​សុទ្ធ​តែមាន​បណ្ណកម្មសិទ្ធិ​ទាំងអស់​»​។

មេភូមិ​ចំណោត​ រាម លោក ប៉ាង សុឃាន ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ទាំង ២៣ ​នាក់​ដែល​ត្រូវបាន​តុលាការ​កោះហៅ​នេះ​គឺជា​ពលរដ្ឋ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ ១២៧ គ្រួសារ​ដែល​កំពុង​អាស្រ័យផល​លើដី​ជាក់ស្តែង​ទំហំ​ជិត​ ១០ ​ហិកតា​។

លោក​មេភូមិ​ដែល​អះអាង​ថា ​បាន​រស់នៅ​ក្នុង​តំបន់​នេះ​តាំងពី​ឆ្នាំ​ ១៩៩២ និង​បាន​ឡើង​ធ្វើ​ជា​មេភូមិ​ចំណោត​រាម​កាលពី​ឆ្នាំ​ ២០១២ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទាំងនោះ​ពិត​ជា​បាន​កាន់កាប់​ដី​ទាំងនេះ​ជា​យូរ​ឆ្នាំ​មកហើយ​មែន​ដោយ​មាន​អ្នកខ្លះ​បាន​កាន់កាប់​តាំងពី​ឆ្នាំ ១៩៩០ មក​ម្ល៉េះ និង​បាន​ចែក ឬ​លក់​បន្តទៅ​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ស្របច្បាប់​។ «​តាំងពី​ខ្ញុំ​មិនទាន់​ធ្វើ​ជា​មេភូមិ​មក ក៏​ខ្ញុំ​ឃើញ​ពួកគាត់​រស់នៅ​ហ្នឹង​ដែរ គឺ​ (​ដំបូង​) ​រស់នៅ​ជាង​ ១០ គ្រួសារ​ដែល​ត​មក​ចេះតែ​ចែក​គ្នា​ពុះ​ឡូត៍​ម្នាក់​ ១០ ម្នាក់​ ២០ ត​មក​ហើយ​ដី​ហ្នឹង​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ចាស់​ពី​មុន​មកទៀត ហើយ​អ្នក​ដែល​នៅ នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ អ្នកខ្លះ​ ១៨ ​ឆ្នាំ អ្នកខ្លះ​ ២០ ​ឆ្នាំ​ហើយ​»​។

លោក ប៉ាង សុឃាន បានស្នើ​ឲ្យ​តុលាការ​គួរ​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិរ​បស់​លោក​ផង​ដោយ​លោក អះអាង​ថា​ប្រជាពលរដ្ឋ​ទាំងនេះ​មិន​ដែល​បាន​បំផ្លាញ​អចលនទ្រព្យ​របស់​ជន​ណា​ម្នាក់​ដូច​ការ​ចោទប្រកាន់​នោះទេ​៕