ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មសហការជាមួយការិយាល័យមេធាវីក្រៅប្រទេស Tilleke & Gibbins បានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីមានសមត្ថកិច្ចប្រមាណ ៨០ នាក់ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតក្នុងការបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញា និងផលិតផលក្លែងក្លាយក្នុងប្រទេសកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងកាលពីម្សិលមិញនៅសណ្ឋាការអាំងទែរកុងទីណុង់តាល់ដោយមានអ្នកចូលរួមដែលជាមន្ត្រីគយកាំកុងត្រូលប៉ូលិសសេដ្ឋកិច្ចព្រះរាជអាជ្ញាចៅក្រមមន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសរុបប្រមាណ ៨០ រូប។
អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មដែលបានចូលរួមលោក តូ រិត ថ្លែងថាវគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱកាសដល់មន្ត្រីពាក់ព័ន្ធក្នុងការបង្ក្រាបការរំលោភបំពានកម្មសិទ្ធិបញ្ញា និងដើម្បីមកជួបជុំគ្នាផ្លាស់ប្តួរព័ត៌មាននៃសកម្មភាពបង្ក្រាប និងពង្រឹងបន្ថែមនូវការសហប្រតិបត្តិការបង្ក្រាបបទល្មើស។
យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា ការប្រើប្រាស់ផលិតផលក្លែង និងបន្លំម៉ាកសញ្ញាពិតជាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គម។
លោកថា៖ «ផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចបង្កើតឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់ប៉ះពាល់កិត្តិនាមម៉ាកគេដែលល្បី និងមានទីផ្សារឧទាហរណ៍អ្នកប្រើប្រាស់ទិញប៉ះផលិតផលក្លែងក្លាយប្រើមិនបានយូរហើយខូចអ៊ីចឹងនាំគ្នានិយាយតៗគ្នាថាម៉ាកហ្នឹងប្រើមិនកើតទេអ៊ីចឹងវាធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ម្ចាស់ម៉ាក ឬសិទ្ធិ»។ លោកបន្តថាការប្រើផលិតផលក្លែងនេះនឹងធ្វើឱ្យពលរដ្ឋបាត់បង់ការងារ និងវិយោគថមថយខណៈក្រុមហ៊ុនស្របច្បាប់ងាយដួលរលំដោយសារអ្នកបន្លំម៉ាកលក់ថោកជាងរបស់ដើម។
បើតាមលោក តូ រិត នៅក្នុងឆ្នាំ ២០១៤ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកបានជាង ៤ ពាន់ម៉ាក (ម៉ាកក្នុងស្រុកជាង ៧០០ ម៉ាក) ឆ្នាំ ២០១៥ មានជាង ៥ ពាន់ម៉ាក់ (ម៉ាកក្នុងស្រុកជាង ៨០០ ម៉ាក)។
នាយកគ្រប់គ្រងផ្នែកកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន ថាយលើគី និងហ្គីប៊ីន លោកស្រី ដារ៉ានី វចនាវទិវង្សថ្លែងថាការចូលរួមសហការរវាងស្ថាប័នឯកជន និងមន្ត្រីសាធារណៈគឺជាគន្លឹះដើម្បីធានានូវកិច្ចបន្តភាពជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការរំលោភបំពានកម្មសិទ្ធិបញ្ញា។
លោកស្រីបញ្ជាក់ថា៖ «មន្ត្រីរដ្ឋាភិបាលកម្ពុជាបង្កើតនូវវឌ្ឍនភាពដ៏ធំធេងក្នុងការលុបបំបាត់នូវទីផ្សារទំនិញក្លែងក្លាយ និងផលិតផលចម្លងប៉ុន្តែពួកគេមិនអាចធ្វើតែម្នាក់ឯងបានទេហើយវគ្គបណ្តុះបណ្តាលនេះដើម្បីបង្ហាញឱ្យមន្ត្រីយល់ដឹងអំពីម៉ាកទំនិញរបស់ខ្លួនក្នុងគោលបំណងបង្កើនប្រសិទ្ធិភាពការងារដល់មន្ត្រីរដ្ឋាភិបាល»។
ផ្អែកតាមស្ថិតិបង្ក្រាបបទល្មើសរំលោភបំពានកម្មសិទ្ធិបញ្ញារបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃឱ្យដឹងថានៅឆ្នាំ ២០១១ បង្ក្រាបបាន ៨ ករណីឆ្នាំ ២០១២ បាន ៣០ ករណីឆ្នាំ ២០១៣ ១៣ ករណី ឆ្នាំ ២០១៤ បាន ២៨ ករណី ឆ្នាំ ២០១៥ បាន ២៩ ករណី និងឆ្នាំ ២០១៦ គិតត្រឹមថ្ងៃម្សិលមិញបានប្រមាណ ៦ ករណីខណៈនាយកដ្ឋាននឹងបូកសរុបការបង្ក្រាបបទល្មើសទាំងអស់នៅពាក់កណ្តាលខែធ្នូ ឆ្នាំ ២០១៦។
អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចលោក ឡុង ស្រេង បានជំរុញឱ្យម្ចាស់ម៉ាក ឬផលិតផលដាក់ពាក្យបណ្តឹងមកស្ថាប័នខ្លួនដើម្បីងាយស្រួលដល់សមត្ថកិច្ចធ្វើការបង្ក្រាប។ «ព្រោះការវេចខ្ចប់របស់ផលិតផលក្លែងក្លាយស្ទើរតែ ៩៨ ភាគរយដូចរបស់ដើមអ៊ីចឹងយើងពិបាកសំគាល់តែកន្លងមកក្រុមហ៊ុនទាំងអស់មិនបានសហការជាមួយសមត្ថកិច្ចទេ»។
សមត្ថកិច្ចបានបង្ក្រាបលើផលិតផលក្លែងក្លាយក្លែងបន្លំម៉ាកសញ្ញា រំលោភសិទ្ធិអ្នកនិពន្ធ និងបង្ក្រាបលើបទល្មើសរំលោភសិទ្ធិផ្តាច់មុខ។ ផលិតផលក្លែងដែលត្រូវបានបង្ក្រាបកន្លងមករួមមានផលិតផលសម្លៀកបំពាក់ស្បែកជើង ឱសថ ទឹកស៊ីអ៊ីវ គោយន្ត សម្បកកង់ ស្រា ភេសជ្ជៈប៉ូវកម្លាំង CD VCD និង DVD និងសាប៊ូជាដើម។
លោក តូ រិត ឱ្យដឹងដែរថាផ្អែកទៅតាមច្បាប់ស្តីពីពីម៉ាកពាណិជ្ជនាម និងការប្រកួតប្រជែងដោយស្មោះត្រង់មាត្រា ៦៤ និង ៦៥ ចែងពីការដាក់ទោសទណ្ឌទាបបំផុតត្រូវជាប់ពន្ធនាគារពី ១ ខែទៅ ៥ ឆ្នាំហើយពិន័យជាប្រាក់ខ្ពស់បំផុត ២០ លានរៀលតែការដាក់ពិន័យ ឬទោសអាស្រ័យទៅលើតុលាការ៕