ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​​ វង្សី វិសុទ្ធ បាន​បង្ហើប​ឱ្យដឹងពី​ម្សិលមិញ​ថា កម្ពុជា​អាច​មាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ ​១៩ សរុប​ចំនួន ២០ ​លានដូស ​ដោយ​ក្នុងនោះ ១១ ​លានដូស​ជា​ជំនួយ​ទទួលបាន​ពី​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​នានា ហើយ​ក៏​បាន​ត្រៀម​ផែនការ​ចាក់​វ៉ាក់សាំង​នោះ​រួចរាល់​ដែរ​។

លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​បញ្ចប់​វេទិកា​ស្ដីពី​ «​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២១» ធ្វើឡើង​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៧ ខែមករា​។

ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន​លោក​ វិសុទ្ធ ថ្លែង​ដូច្នេះ​ថា​៖ «​រឿង​វ៉ាក់សាំង តាមពិត​យើង​ត្រៀម​ ២០ ​លានដូស​។ ខ្ញុំ​មិនគួរ​និយាយ​មុន​សោះ តែបើ​មិន​ឆ្លើយ​ក៏​មិនកើត​។ តាមពិត​ក្នុង​ ២០ ​លានដូស​ដែល​យើង​មាន​ផែនការ ឥឡូវ​យើង​បានរៀបចំ​ព្រាង​រួចហើយ​។ ស្អែក​យើង​នឹង​ពិភាក្សា ហើយ​ផែនការ​ចាក់​វ៉ាក់សាំង​ក៏បាន​ត្រៀម​រួចហើយ​ដែរ​»​។

លោក​បាន​បន្តថា ក្នុង​ចំណោម​វ៉ាក់សាំង​ ២០ ​លានដូស​នេះ​មាន​រហូត​ដល់​ទៅ​ ១១ ​លានដូស ​គឺជា​វ៉ាក់សាំង ដែល​ទទួល​បាន​ក្នុង​រូបភាព​ជា​អំណោយ​។ កម្ពុជា​រំពឹងថា​នឹង​បាន​វ៉ាក់សាំង​ចំនួន​ ៧ ​លានដូស​តាមរយៈ​យន្តការ​កូវ៉ាក់​ដែល​ជា​ប្រព័ន្ធ​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ក្នុង​ខែកុម្ភៈ ឬ​ខែមីនា កម្ពុជា​សង្ឃឹម​ថា បាន​វ៉ាក់សាំង​ពី​ចិន ហើយ​វ៉ាក់សាំង​នេះ​នឹង​ចាប់ផ្ដើម​ចាក់​ក្នុង​ខែកុម្ភៈ ឬ​ខែ​មីនា​។

បើតាម​លោក​ វង្សី វិសុទ្ធ ប្រទេស​អូស្ត្រាលី​កាលពី​ថ្មីៗ​នេះ​បាន​ប្ដេជ្ញា​ផ្ដល់ជំនួយ​ឥត​សំណង ២៨ ​លាន​ដុល្លារ​អាមេរិក ឬ​ ៣៥ ​លាន​ដុល្លារ​អូស្ត្រាលី ដើម្បី​ទិញ​វ៉ាក់សាំង​ចំនួន​ ៣ ​លានដូស​។ ការទិញ​នេះ​អាច​ធ្វើ​ឡើង​តាម​យន្តការ​កូវ៉ាក់ WHO យូនីសេហ្វ ឬ​យន្តការ​ណា​ផ្សេង​។ ក្រៅពី​នេះ​កម្ពុជា​ក៏បាន​ស្នើសុំ​វ៉ាក់សាំង​ពី​ឥណ្ឌា និង​រុស្ស៊ី​។

លោក​រដ្ឋលេខាធិការ បន្តថា បន្ថែម​លើ​ជំនួយ​ជា​វ៉ាក់សាំង​ ១ ​លានដូស​ពី​ប្រទេស​ចិន​ នោះ ​កម្ពុជា​ក៏​អាច​នឹង​យក​ថវិកា​ជំនួយ​ឥតសំណង​ដែល​ចិន​ឱ្យ​នោះ​ទៅ​ទិញ​វ៉ាក់សាំង​ចិន​វិញ​។ ក្រៅពីនេះ​កម្ពុជា​ក៏​អាច​ទិញ​ផ្ទាល់​ដោយ​ប្រើ​ថវិកាជាតិ​ ឬ​ថវិកា​សប្បុរសជន​ដែលមាន​ ៥៧ ​លាន​ដុល្លារ​ក្នុង​ដៃ​ស្រាប់​។

ចំពោះ​វ៉ាក់សាំង​របស់​ប្រទេស​អង់គ្លេស​វិញ លោក​ វិសុទ្ធ ថ្លែង​ដូច្នេះ​ថា​៖ «​យើង​បាន​ទាក់ទង​ហើយ ស្រួល​បំផុត​អង់គ្លេស ចង់​ទិញ​ប៉ុន្មាន​ក៏បាន​ដែរ ១ ​ដូស​ ៤ ​ដុល្លារ​នៅ​ថៃ​ ១ ​ម៉ោង​ដឹក​មកដល់​។ ដូច្នេះ​បើ​និយាយ​អំពី​វត្តមាន​វ៉ាក់សាំង ស្រុក​ខ្មែរ​ដូច​លែង​ចោទ​ជា​បញ្ហា​ធំ​ហើយ​។ សំខាន់​យើង​ត្រូវ​រៀបចំ​ឃ្លាំង ការដឹកជញ្ជូន ការចាក់​វ៉ាក់សាំង​តាម​នីតិវិធី ហើយ​ការគ្រប់គ្រង​សំណល់ វា​ក៏​ពិបាក​»​។

បើតាម​លោក​រដ្ឋលេខាធិការ​រូបនេះ រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​ផែនការ​ឱ្យបាន​ច្បាស់លាស់​ថា តើ​វ៉ាក់សាំង​នឹង​មកដល់​ពេលណា រក្សាទុក និង​ចាក់​ជូន​ពលរដ្ឋ​យ៉ាងដូចម្តេច​? រដ្ឋាភិបាល​កំពុង​ធ្វើ​ផែនការ​ចុះឈ្មោះ ចាក់​វ៉ាក់សាំង​ជា​ ២ ​ដំណាក់កាល​ចាប់ផ្ដើម​នៅ​ភ្នំពេញ ដោយ​ប្រើប្រាស់​កម្មវិធី​ (App) ​របស់​ក្រសួង​សុខាភិបាល​។ ចំណែក​ផែនការ​ចាក់​ទូទាំង​ប្រទេស​វិញ​នឹង​មាន​ទម្រង់​មួយ​ធំ​ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​រៀបចំ​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​មាន​ទស្សនវិស័យ​ថា​ប្រទេស​កម្ពុជា​អាចជា​ប្រទេសមួយ​ក្រ ប៉ុន្តែ​មាន​ល្បឿន​លឿន​ជាងគេ​ដែរ​ក្នុង​ការទិញ និង​ចាក់​វ៉ាក់សាំង​នេះហើយ​នេះ​ជា​សញ្ញា​មួយ​ល្អ​បំផុត​សម្រាប់​ការងើប​ឡើង​នៃ​សេដ្ឋកិច្ច​។ ជា​សញ្ញា​មួយ​ល្អ​បំផុត​ក្នុង​ការទាក់ទាញ​ការវិនិយោគ​ដែល​កំពុងតែ​មាន​ឱកាស​នៅក្នុង​តំបន់​យើង​នេះ​»​។

ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​នេះ​អ្នកនាំពាក្យ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា​៖ «​រដ្ឋាភិបាល​អូស្ត្រាលី​កំពុងមាន​កិច្ចពិភាក្សា​ជាន់ខ្ពស់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការគាំទ្រ​របស់​យើង​លើ​បញ្ហា​វ៉ាក់សាំង ហើយ​យើង​នឹង​ធ្វើការ​ប្រកាស​នាពេល​ឆាប់ៗ​នេះ​»​។

កាលពី​ថ្ងៃទី​ ២២ ខែមករា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​បញ្ជាក់​ពី​បញ្ហា​វ៉ាក់សាំង​កូវីដ ​១៩​ ដែរ ដោយ​លោក​បញ្ជាក់ថា ក្រៅពី​ស្នើសុំ​ពី​ឥណ្ឌា លោក​ក៏បាន​ស្នើសុំ​ពី​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​។ លោក​នឹង​ទៅ​ទទួល​វ៉ាក់សាំង​ចិន​របស់​ក្រុមហ៊ុន​ស៊ីណូហ្វាម​ដោយ​ផ្ទាល់​នៅ​អាកាសយានដ្ឋាន​។ ការចាក់​វ៉ាក់សាំង​នេះ​ធ្វើឡើង​លើ​គោលការណ៍​ស្ម័គ្រចិត្ត​។

កាលពីពេល​ថ្មីៗ​នេះ​លោក​ក៏បាន​បង្ហាញ​ពី​បញ្ជី​អ្នក​ដែលមាន​អាទិភាព​មុនគេ​ក្នុងការ​ទទួលបាន​វ៉ាក់សាំង​នេះ ដែល​ក្នុងនោះ​រួមមាន​ទាំង​អ្នករត់​តាក់ស៊ី និង​ម៉ូតូ​កង់​បី​ផងដែរ​។

អ្នករត់​តាក់ស៊ី​ក្រចេះ-ភ្នំពេញ​ម្នាក់​បាន​ថ្លែង​ពី​ម្សិលមិញ​ថា នៅពេល​វ៉ាក់សាំង​នេះ​មកដល់​ហើយ​រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​នោះ​លោក​នឹង​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​នេះ​ដោយ​រីករាយ​។

ចំណែក​បុគ្គលិក​មា្នក់​នៃ​ក្រុមហ៊ុន​ម៉ូតូ​កង់បី PassApp ឈ្មោះ អាត សុភ័ណ្ឌ និយាយថា លោក​មិន​បានដឹង​អំពី​គម្រោង​ចាក់​វ៉ាក់សាំង​នេះ​ទេ​ ប៉ុន្តែ​លោក​នឹង​ជំរុញ​ឱ្យ​អ្នករត់​ម៉ូតូ​កង់​បី​ទៅ​ទទួល​ចាក់​វ៉ាក់សាំង​នេះ​។

លោក​បាន​និយាយថា​៖ «​បើសិន​គាត់ [​រដ្ឋាភិបាល​] ផ្ដល់​វ៉ាក់សាំង ខាង​ខ្ញុំ​ក៏​ទៅតាម​នោះដែរ យើង​សម្របសម្រួល​ទៅតាម​នោះដែរ​។ យើង​ជំរុញ​គាត់​ឱ្យ​គាត់​ចាក់ ព្រោះ​វា​ជួយ​កុំឱ្យ​គាត់​ឆ្លង​ជំងឺ ហើយ​គាត់​មិនមាន​ការភិតភ័យ​ច្រើន​លើ​បញ្ហា​ជំងឺ​នេះ​ទៀត​»៕

វីដេអូ៖