ប៉ៃលិនៈ មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា ករណី​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ប្រមាណ​ ៤០ ​នាក់​ ទៅ​ស្បថសច្ចា​ចំពោះ​មុខ​លោកយាយ​យ៉ាត គឺ​ពាក់ព័ន្ធ​នឹង​ការបាត់​សន្លឹកបណ្ណ​មិនទាន់​បាន​ប្រើប្រាស់​ចំនួន ២១ ​សន្លឹក​ ដែល​មិនមែន​ជា​ការបាត់​ប្លង់​ដី​របស់​ពលរដ្ឋ​នោះទេ​។

កាលពី​ព្រឹក​ថ្ងៃទី​ ៨ ខែ​ មិថុនា ឆ្នាំ​ ២០២០ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ប៉ៃលិន​បាន​ដឹកនាំ​មន្ត្រី​ទៅ​ស្បថ​ចំពោះ​មុខ​រូប​សំណាក​លោកយាយ​យ៉ាត​នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃលិន ដើម្បី​បង្ហាញ​ពី​ភាពស្អាតស្អំ​ទៅ​តាម​ជំនឿ បន្ទាប់ពី​សន្លឹក​បណ្ណ​ថ្មី​ ២១ ​សន្លឹក​ បាន​បាត់​មិន​ដឹង​មូលហេតុ និង​មិនមាន​មន្ត្រី​ណា​ម្នាក់​ដឹងថា បាត់​ទៅណា​។

លោក សួន លក្សស្មី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ព័ត៌មាន​ពាក់ព័ន្ធ​នឹង​មន្ទីរ​រៀបចំ​ដែនដី​ធ្វើឲ្យ​បាត់​ប្លង់ដី​របស់​ពលរដ្ឋ​ជាង​​ ២០ ​ប្លង់​នោះ​គឺ​មិន​ពិត​នោះទេ​។ លោក​បន្តថា តាមពិត​ការបាត់​នេះ​គឺ​គ្រាន់តែ​ជា​សន្លឹក​បណ្ណ​ដែល​មិន​ទាន់​បាន​ប្រើប្រាស់ ឬ​បញ្ចូល​និយាម​ការម្ចាស់​អចលនទ្រព្យ ហើយ​ជា​សន្លឹក​បណ្ណ​ថ្មី​ដែល​ត្រូវ​រក្សាទុក​នៅ​មន្ទីរ​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា​៖ «​បាត់​សន្លឹក​ថ្មី​មិនទាន់​បាន​ប្រើប្រាស់​អីណា សន្លឹក​បណ្ណ​នេះ សម្រាប់​ធ្វើ​ប្លង់​នៅពេល​បញ្ចូល​ទិន្នន័យ​ទៅ ទៅ​ជា​បណ្ណ​កាន់កាប់​អចលនទ្រព្យ ឬ​ប្លង់​ហ្នឹងហើយ​។ បណ្ណ​ដែល​បាត់​នេះ​មិនមែន​ជា​របស់​ពលរដ្ឋ​ណា​ទេ​»​។

លោក សួន លក្សស្មី បាន​បន្តថា ការបាត់​សន្លឹក​បណ្ណ​នេះ​គឺ​មិន​​ប៉ះពាល់​ដល់​ពលរដ្ឋ​ណា​ម្នាក់​ទេ គ្រាន់តែ​ជា​ការបាត់​មិនដឹង​មូលហេតុ​ដែល​នាំឲ្យ​មាន​មន្ទិល​សង្ស័យ​ចំពោះ​មន្ត្រី​បម្រើ​ការងារ​ក្នុង​អង្គភាព​ទាំងមូល​ជា​ហេតុ​​តម្រូវ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ ចូល​មក​ស្បថ​តាម​ជំនឿ​ស្រប​ជាមួយ​នឹង​ការស៊ើបអង្កេត​ពី​មន្ត្រី​ជំនាញ​ក្នុង​ករណី​នេះ​ផងដែរ​។

លោក ផូ សង្ហា ប្រធាន​ការិយាល័យ​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា សន្លឹក​បណ្ណ​ទាំង​ ២១ ​សន្លឹក​នេះ​តាម​ការសង្ស័យ​អាច​បាត់​តាំងពី​ចុងឆ្នាំ ២០១៩ មក​ម្ល៉េះ​។ លោក​បន្តថា មន្ត្រី​ជំនាញ​នៃ​ក្រសួង​រៀបចំ​ដែនដី​ និង​មន្ទីរ​កំពុង​បន្ត​ស្រាវជ្រាវ តែ​សន្លឹក​បណ្ណ​ទាំង​នេះ​នឹង​មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន​នោះទេ ។

លោក​បញ្ជាក់​ថា​៖ «​បើ​អ្នកណា​យក​បណ្ណ​ដែល​បាត់​នេះ​ទៅ​​ប្រើប្រាស់​នឹង​ទទួល​ទោសទណ្ឌ​តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការក្លែង​លិខិត​ឯកសារ​របស់​មន្ត្រីរាជការ​សាធារណៈ ហើយ​នៅពេល​យក​មក​ប្រើ​គឺ​ដឹង​តែ​ខុសច្បាប់​ហើយ​ព្រោះ​មន្ត្រី​យើង​គ្រប់​ខេត្ត ក្រុង​បាន​ដឹង​អស់ហើយ តាមរយៈ​លេខ​កូដ​របស់​បណ្ណ​ដែល​មិនមាន​ក្នុង​ទិន្នន័យ​»​។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មិន​អាច​សុំ​ការបញ្ជាក់​បាន​ទេ​កាលពី​ម្សិលមិញ ដោយសារ​លោក​បាន​ចុច​ផ្តាច់​ទូរស័ព្ទ​។

ប៉ុន្តែ​លោក ផូ សង្ហា បាន​អះអាង​ថា ការបាត់​សន្លឹក​ប័ណ្ណ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​របាយការណ៍​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រួចហើយ ដើម្បី​ស្វែងរក​ការទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​របស់​មន្ត្រី​ទទួលបន្ទុក តែ​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​មិនទាន់​មាន​ការដាក់ពិន័យ ឬ​ទោស​រដ្ឋបាល​ណាមួយ​ទេ​។

លោក យិន ម៉េងលី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា ករណី​បាត់​សន្លឹក​បណ្ណ និង​ការស្បថស្បែ​បែបនេះ គឺជា​ករណី​ទី​ ១ ​ហើយ ខណៈ​តាមច្បាប់ មន្ត្រី​គ្រប់រូប​ធ្លាប់​ឆ្លងកាត់​ការស្បថសច្ចា​ប្រណិធាន​រួច​ជាស្រេច មុន​ពួកគេ​ចូលកាន់​តំណែង​ជា​មន្ត្រីរាជការ​។

លោក​បន្តថា ការធ្វេសប្រហែស​នេះ​មិនមែន​ជា​រឿង​គ្រាន់តែ​ស្បថស្បែ​ហើយ​ចប់​រឿង​ទេ តែ​ត្រូវ​ស៊ើបអង្កេត​រក​អ្នក​ទទួល​ខុសត្រូវ ព្រោះ​នេះ​ជា​​ការធ្វេស​ប្រហែស​របស់​មន្ត្រីរាជការ​សាធារណៈ​។

លោក​ថា​៖ «​ប្រសិនបើ​ជន​ណា​ហ៊ាន​យក​ឯកសារ​ដែល​បាន​បាត់​នេះ​ទៅ​ប្រើប្រាស់ ហើយ​ត្រូវបាន​ស្រាវជ្រាវ​រកឃើញ​នោះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ហើយ​។ តែ​យើង​មិនដឹង​ស៊ីជម្រៅ​លើ​ជំនាញ​នេះ​ទេ​ថា ឯកសារ​ដែល​បាន​បាត់បង់​នេះ​គេ​អាច​យក​ទៅ​ធ្វើ​អ្វី​បាន​ខ្លះ​ក្នុង​ផ្លូវ​ងងឹត​តាមរបៀប​ណា​​ខ្លះ​?​ឯកសារ​ដែល​បាន​បាត់ ខ្ញុំ​ជឿថា បើ​គ្មាន​តម្លៃ​ទេ​គេ​មិន​ខិតខំ​ប្រឹងប្រែង​លួច​យក​ទៅ​ដែរ​គឺ​គេ​អាច​យក​ទៅ​ប្រើ​ក្នុង​ផ្លូវ​ងងឹត​ណាមួយ​ដែល​យើង​មិនអាច​យល់​ដល់​នៅក្នុង​ជំនាញ​នេះ​»​។

លោក យិន ម៉េងលី ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់ជាតិ​ស្រាវជ្រាវ​រក​ជន​ដែល​ពាក់ព័ន្ធ​ករណីនេះ យក​មក​​ផ្តន្ទាទោស​តាម​ច្បាប់ ខណៈ​លោក​សង្ស័យ​ថា ការបាត់​សន្លឹក​បណ្ណ​នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ទទួល​ខុសត្រូវ​ទុកដាក់​សន្លឹក​បណ្ណ​ទាំងនេះ​៕

វីដេអូ៖