ភ្នំពេញៈ មន្ត្រី​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា​ គំនិត​ផ្ដួចផ្ដើម​ហិរ​ញ្ញប្ប​ទាន​ជីវ​ចម្រុះ (BIOFIN) នឹង​ជួយ​បំពេញ​ការ​ខ្វះខាត​ចំណាយ​ដើម្បី​គ្រប់គ្រង​ធន​ធាន​ធ​ម្មជាតិ​នៅ​កម្ពុជា​ខណៈ​បច្ចុប្បន្ន​ការ​ចំណាយ​មាន​ទំហំធំ​​ជាង​ថវិកា​ដែល​មាន។

លោក ​ទិន ​ពន្លក ​អគ្គ​លេខាធិ​ការ​នៃ​អគ្គ​លេខា​ធិ​កា​រដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវ​ឌ្ឍន៍​ដោយ​ចីរភាព​ថ្លែងថា បច្ចុប្បន្ន​កម្ពុ​ជា​មាន​ផ្ទៃ​ដី​តំបន់​ការពា​រធម្ម​ជាតិ​ និង​អភិរក្ស​ជីវ​ចម្រុះ​​ប្រ​​មាណ​ ៤១% នៃ​​​​ផ្ទៃដី​សរុប​ដែល​អាច​ទាញចំណូល​នា​ពេល​អនា​គត​តាម​រយៈ​បង្កើន​ព្រៃ​ស្ដុក​កាបូន​ និង​ការ​បង្កើត​យន្តការ​និរន្តរ​ភាព​ហិរញ្ញវត្ថុ​សម្រាប់​ជាតិ ​ប៉ុន្តែ​លោក​ថា កន្លង​មក​ការ​ចំណាយ​ថវិកា​ ​នៅ​ខ្វះខាត។

លោក​ថា​៖ «ជា​ធម្មតា​ការ​ចំណា​​យ​លើ​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជា​តិតែង​មាន​ចំនួន​ច្រើន​ជាង​ធនធាន​ដែលមាន ​ដូច្នេះ​ការអនុវត្ត​យន្តការ ​(BIOFIN) នឹង​អាច​រក​វិធីសាស្ដ្រ​​បំពេញ​កង្វះ​ខាត​ថវិកា​ និង​ផែន​ការ​អនុ​វត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។

ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ចំនួន​ថវិកា​ដែល​ខ្វះ​នោះទេ​។ លោក ​ទិន​ ពន្លក​ លើកឡើងបែបនេះ​ក្នុង​សិក្ខា​សាលា​បើក​ដំណើរ​ការ​អនុវត្ត​ និង​ពិគ្រោះ​យោបល់​នៃ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ហិរញ្ញ​ប្បទា​ន​ជីវ​ចម្រុះ ​កាលពី​ថ្ងៃទី​ ២០​ ខែ មិ​ថុនា ​ដើម្បី​ផ្សព្វផ្សាយ​អំពី​គម្រោង BIOFIN ដល់​អ្នក​ទទួល​ផល​និង​អ្នក​ពាក់ព័ន្ធ​នានា។

​កម្ពុជា​បាន​ចូលរួម​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​ហិរញ្ញ​ប្បទា​ន​ជីវ​ចម្រុះ​កាលពី​ឆ្នាំ ២០១៨​ ដើម្បី​អនុវត្ត​វិធីសា​ស្ដ្រ​ហិរញ្ញ​វត្ថុ​ថ្មី​សម្រាប់​ការអ​ភិរក្ស​ និង​ការ​គ្រប់​គ្រង​ជីវចម្រុះ​ប្រកប​ដោយ​ចីរភាព។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បរិ​ស្ថាន​ថា គំ​និត​ផ្ដួច​ផ្ដើម​នេះគឺជា​ការឆ្លើយ​តប​​នឹង​តម្រូវការ​បន្ទាន់​របស់​ពិភពលោក។

កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ហិរញ្ញ​ប្បទា​ន​ពី​​​ក​ម្ម​វិធី​​អភិវ​ឌ្ឍន៍​សហ​ប្រជា​ជាតិ ​(UNDP) ពី​ឆ្នាំ ២០១៨ ​ដល់​ឆ្នាំ ២០២២។ លោក​ស្រី Jessica Alvsilver​ តំណាង​ UNDP​​ បាន​ថ្លែ​ង​ឲ្យ​ដឹង​ថា គំនិត​រួម​នៃគម្រោ​ង​នេះគឺ​ស្វែងរ​ក​​​​​ដំណោះ​ស្រាយ​ដោយ​​ប្រើ​ប្រាស់​​សេដ្ឋកិច្ច​ និង​ហិរ​ញ្ញ​វត្ថុដើ​ម្បីសម្រេច​នូវ​គោ​លដៅ​អភិវឌ្ឍន៍​ជីវចម្រុះ​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

លោកស្រី​​ Jessica Alvsilver បាន​ថ្លែង​ទៀត​ថា៖​ «យើង​ពិតជា​ត្រូវការ​ការគាំទ្រ​ពី​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ចូល​រួម​អភិរក្ស​ជីវ​ចម្រុះ។ ការ​ចូលរួម​នេះ​មិនមែន​សម្រាប់​ធម្មជា​តិ​​នោះទេ​ ​ប៉ុន្តែ​សម្រាប់​​មនុស្ស​ សេដ្ឋ​កិច្ច និង​​រាជរដ្ឋាភិបាល​ទាំង​អស់​។​យើង​អាច​និយា​​​​យ​ម្យ៉ាង​ទៀត​ថា វា​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល៕