ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ព្រមាន​ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី កាន់តែ​ផុងជ្រៅ​ទៅៗ​នៅក្នុង​អំពើ​ដែល​ខ្លួន​បាន​និង​កំពុង​ប្រព្រឹត្ត​ហើយ​ត្រូវ​តែ​ប្រឈម​នឹង​ច្បាប់​មិន​អាច​ដោះ​រួច ដែល​នេះ​ជា​ប្រតិកម្មតប​នឹង​ការអំពាវនាវ​របស់​លោក​ រង្ស៊ី ឲ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់អាវុធ​ងើប​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត​។

លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ថ្លែង​ចំអក​ទៅ​លោក​ សម រង្ស៊ី វិញ​ថា​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​មូល​កំពុង​ចង់​បាន​ខ្លួន​ សម រង្សី មក​ក្បែរ​ហើយ​ថា​លោក​ រង្ស៊ី កុំ​រត់ចោល​កងកម្លាំង​អ៊ីចឹង​ទៀត​។ លោក​ថា លោក​ សម រង្ស៊ី និយាយ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ធ្វើឲ្យ​តែ​ឮ​ហើយ​គ្មាន​នរណា​គាំទ្រ​គាត់​ទេ​។

លោក​ សុភ័គ បញ្ជាក់​ថា​៖ «​ទណ្ឌិត​ សម រង្ស៊ី បាន​និង​កំពុង​ផុង​ខ្លួន​កាន់តែ​ជ្រៅ​ទៅក្នុង​សំណាញ់​ច្បាប់​កម្ពុជា ហើយ​ខ្ញុំ​គិត​ថា​ទោស​គាត់​កាន់​តែ​ធ្ងន់​ទៅៗ​បន្ថែម​ទាំង​ការប្រមាថ​ព្រះមហាក្សត្រ​មួយ​ករណី​ទៅ​ទៀត​កាន់តែ​ធ្ងន់ធ្ងរ​ ៤-៥ ​ឆ្នាំ​ទៀត​។ វា​កាន់​តែ​ច្រើន​ឡើង​ហើយ ដោះ​មិន​រួច​ទេ​»​។

បន្ថែម​ពី​នេះ​មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នោះ​គឺ​លោក​ សុខ ឥសាន ក៏​បាន​ឆ្លើយតប​ថា​ការអំពាវនាវ​របស់​លោក​ សម រង្ស៊ី មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ប្រជារាស្ត្រ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទេ​។ លោក​ថា​នេះ​គ្រាន់​តែ​ជា​ការ​ធ្វើការ​វិនិច្ឆ័យ​មុន​របស់​លោក​ រង្ស៊ី មុន​ការបោះឆ្នោត​មក​ដល់​។

លោក​ ឥសាន ថ្លែង​ថា​៖ «​មិន​ទាន់​បោះឆ្នោត​ផង​ហេតុអ្វី​បានជា​អន្តរជាតិ​មិន​ទទួល​ស្គាល់​។ ប្រជាជន​មិន​ទាន់​សម្តែង​ឆន្ទៈ​ផង​មក​និយាយ​មុន​ទៅ​ហើយ ដូច្នេះ​នេះ​វា​ជា​បុរេវិនិច្ឆ័យ​របស់​ទណ្ឌិត​ សម រង្ស៊ី​។ វា​មិន​ពិត​ទេ​ការនិយាយ​នេះ​គ្មាន​ប្រជាជន​ ឬ​កងទ័ព​ណា​ទៅ​ឈឺ​ក្បាល​វិលមុខ​នឹង​ជន​រត់ចោល​ស្រុក និង​គ្មាន​ប្រជាជន​ណា​មួយ​ទៅ​យក​ទុក្ខទោស​ដាក់​ខ្លួន​ប្រឆាំង​ជាមួយ​នឹង​រាជរដ្ឋាភិបាល​របស់​ខ្លួនឯង​នោះ​ទេ​»​។

ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​សប្តាហ៍​មុន​លោក​ សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ព្រម​ទាំង​កងកម្លាំង​ប្រដាប់អាវុធ​ត្រូវ​តែ​ក្រោក​ឈរ​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​ ២៩ ខែ​កក្កដា​ឆ្នាំ​ ២០១៨ ប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​មិន​ស្របច្បាប់​ដោយសារ​បន្ទាប់ពី​ការបោះឆ្នោត​ខាង​មុខ​នេះ​ទៅ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន នឹង​មិន​មាន​ការទទួលស្គាល់​ និង​គាំទ្រ​ពី​អន្តរជាតិ​ដែល​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ទេ ព្រោះ​ជា​រដ្ឋាភិបាល​ដែល​កើតឡើង​ពី​ការបោះឆ្នោត​ក្លែងក្លាយ និង​លេងសើច​។

លោក​ រង្ស៊ី ថ្លែង​ថា​៖ «​ពេល​នោះ​អន្តរជាតិ​គេ​អត់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដូច​សព្វ​ថ្ងៃ​ទេ​។ ក្រោយ​ពី​ថ្ងៃ ២៩ កក្កដា​នេះ​គឺ​សភាពការណ៍​ថ្មី​ហើយ​ពេល​នោះ​ខ្ញុំ​សូម​អំពាវនាវ​ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ងើបឡើង​ត្រូវ​តែ​ងើប​ឡើង​ទាំងអស់​គ្នា​បងប្អូន​។ ឃើញ​ទេ​អ្វីៗ​ជុំវិញ​យើង​គេ​លក់​ខ្ទេច លក់​ខ្ទី​គ្មាន​សល់​អី្វ​ទេ​»​។

លោក​បន្ត​ថា​៖ «​ខ្មែរ​វេទនា​ពេក​ចំណាកស្រុក​ទៅ​ប្រទេស​ជិត​ខាង​ពេល​ទន្ទឹម​គ្នា​នេះ​បរទេស​ទាំង​យួន​ទាំង​ចិន​ចូល​មក​កាន់តែ​ច្រើន​នៅ​ស្រុក​យើង​។ នេះ​ជា​ដំណាក់កាល​ចុងក្រោយ​យើង​ត្រូវ​តែ​ងើបឈរ​ទាំងអស់​គ្នា​»​។

ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ងើប​ឈរ​ប្រឆាំង​នឹង​របប​លោក​ ហ៊ុន សែន នេះ​គឺ​លោក​ សម រង្ស៊ី បញ្ជាក់​ថា​ជា​ការ​ប្រឆាំង​តវ៉ា​ដោយ​នៅ​ស្ងៀម​មិន​ទៅ​បោះឆ្នោត ហើយ​មិន​ធ្វើ​អ្វីៗ​ដែល​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ចង់​ឲ្យ​ធ្វើ​។ ជាមួយ​គ្នា​នេះ​លោក​អំពាវនាវ មន្ត្រីរាជការ គ្រូបង្រៀន និស្សិត សិស្ស អាជីវករ កម្មករ ត្រូវ​ធ្វើ​បាតុកម្ម កូដកម្ម ប្រឆាំង​នឹង​រដ្ឋាភិបាល​ដើម្បី​បង្ហាញ​ថា​ពួកគេ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​។

លោក​ថ្លែង​ថា​៖ «​ហើយ​ក្នុង​ឱកាស​នោះ​ក៏​ខ្ញុំ​សូម​អំពាវនាវ​ទៅ​កងកម្លាំង​ប្រដាប់​អាវុធ ជាពិសេស​កូនទាហាន ពលទាហាន ថា​បងប្អូន​ក្មួយៗ​នៅ​បម្រើ​ពួក​ជន​ផ្តាច់ការ​ដល់​ណា​ទៀត​។ ឧត្តមសេនីយ៍​មួយ​ក្តាប់​តូច​គេ​មាន​កប់​ក្តោង គេ​យក​ដី​ប្រជារាស្ត្រ កាប់​ព្រៃឈើ​យក​ទៅ​លក់​ហើយ​គេ​ប្រើ​ពលទាហាន​កូនទាហាន​គ្រាន់​តែ​យាម​ដី​ឲ្យ​គេ កាប់​ឈើ​ឲ្យ​គេ ដឹកឈើ​ឲ្យ​គេ ការពារ​ការជួញដូរ​របស់​គេ​។ គេ​ក្លាយ​ជា​មហាសេដ្ឋី ហើយ​ពលទាហាន​តូចតាច​នៅ​តែ​ក្រ​មួយ​ជីវិត គ្រួសារ​យើង​ក្រ​រហេមរហាម​។ កុំ​ស្តាប់​បញ្ជា​ពួក​ជនផ្តាច់ការ​ទៀត ពលទាហាន​ទាំងអស់​ដែល​មាន​អាវុធ​ត្រូវ​តែ​ការពារ​ប្រជារាស្ត្រ​។ កុំ​ប្រើ​អាវុធ​មក​បាញ់​ប្រហារ​លើ​ប្រជារាស្ត្រ​តាម​បញ្ជា​ពួក​ជន​ផ្តាច់ការ​»​។

ដោយឡែក​លោក​ យ៉ែម បុញ្ញឫទិ្ធ អតីត​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ ថ្លែង​នៅ​ក្នុង​ពិធីបុណ្យ​ផ្កា​កាលពី​ថ្ងៃទី​ ៩ មិថុនា​នៅ​សហរដ្ឋអាមេរិក​ថា​នៅ​ពេល​ដែល​បេះដូង​ស្មោះ​ពិត​ជាមួយ​នឹង​ជាតិ​ខ្មែរ​មែន ពេល​នោះ​ប្រាកដ​ជា​អាច​ជួយ​ជាតិ​បាន​។

លោក​​ បុញ្ញឫទ្ធិ ថ្លែង​ថា​៖ «​សូម​គិត​ឲ្យ​ច្បាស់​ និង​ប្រាកដ​ដោយសារ​ជាតិ​យើង​ជួប​បញ្ហា​ដ៏ធ្ងន់ធ្ងរ និង​បញ្ហា​ច្របូកច្របល់ និង​ប្រព័ន្ធ​ព័ត៌មាន​ផ្សព្វផ្សាយ​ញុះញង់ លាបពណ៌ បំបែកបំបាក់​ដើម្បី​ឲ្យ​ខ្មែរ និង​សង្គម​ជាតិខ្មែរ​បែកបាក់​»​។

លោក​អះអាង​ថា​ការបោះឆ្នោត​ដែល​គ្មាន​គូប្រកួត​ពិតប្រាកដ​មិនមែន​ជា​ការ​បោះឆ្នោត​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ទេ​គឺជា​ការបោះឆ្នោត​ក្លែងក្លាយ ដូច្នេះ​ពលរដ្ឋ​មាន​សិទ្ធិ​សម្រេច​ថា​ទៅ​ឬ​មិន​ទៅ​បោះឆ្នោត​។

លោក​ថា​៖ «​ការបោះឆ្នោត​នេះ​អាច​ទទួល​យក​បាន​ដែរ​ឬ​ទេ​នៅពេល​ដែល​គេ​ចាប់​លោក​ប្រធាន​បក្ស​ប្រឆាំង​ដាក់គុក គេ​រំលាយ​បក្ស​ប្រឆាំង​គេ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហើយ​គេ​បិទ​អង្គការ​នានា​ដែល​ធ្វើការ​ដើម្បី​សង្គម​ និង​ជាតិ​»​។

ប៉ុន្តែ​លោក​ សុខ ឥសាន បាន​លើក​ឡើង​ថា​មិន​មាន​ការ​ច្របូក​ច្របល់​អ្វី​នោះ​ទេ ហើយ​ប្រសិន​បើ​វា​ច្របូកច្របល់ ឬ​ហុយផ្សែង​មាន​ទម្លាក់​គ្រាប់បែក​ផ្លោង​ចុះ​ឡើង គឺ​អ្នកកាសែត មិន​អាច​ទៅ​យក​ព័ត៌មាន​ចុះ​ផ្សាយ​បាន​ដែរ​។

លោក​ថា​៖ «​ដូច្នេះ​ការនិយាយ​របស់​គាត់​គឺ​វា​គ្មាន​តម្លៃ​អី​ទេ​ ពីព្រោះ​វា​មិន​បាន​ផ្សារភ្ជាប់​ទៅ​នឹង​សភាពការណ៍​ពិត​ជាក់ស្តែង​ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា​»​។

លោក​ព្រមាន​ថា​៖ «​អ្នក​ញុះញង់ អ្នក​កៀរគរ​ប្រជាពលរដ្ឋ​ក៏​ដូចជា​អ្នក​ដែល​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​អាហ្នឹង​ហើយ​គឺជា​ការរំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ដូច្នេះ​ត្រូវ​មាន​ទោស​»៕