ភ្នំពេញៈខណៈមានការផ្សព្វផ្សាយមួយចំនួនដែលថា កម្ពុជាកំពុងរងការសាយភាយខ្យល់កខ្វក់ពីប្រទេស ថៃ នោះ មន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ជាថ្មីថា កម្ពុជាពុំមានករណីនេះកើតឡើងទេ ហើយក៏ពុំអាចកើតមានខ្យល់កខ្វក់គ្របដណ្ដប់ដូចដែលកំពុងកើតឡើងនៅក្នុងប្រទេស ថៃ នោះដែរ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា តាមការតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីជំនាញរយៈពេល ២៤ ម៉ោងលើ ២៤ ម៉ោង បង្ហាញថា ខ្យល់ក្នុងប្រទេស កម្ពុជា នៅមានគុណភាពល្អដូចធម្មតាហើយមិនបានទទួលរងផលប៉ះពាល់ពីខ្យល់កខ្វក់របស់ប្រទេសថៃនោះទេ។ រីឯការចុះផ្សាយផ្ទុយពីនេះគឺជាពាក្យចចាមអារ៉ាមរបស់ជនខិលខូចប៉ុណ្ណោះ ហើយលោកបានអំពាវនាវកុំឱ្យពលរដ្ឋបារម្ភ។
លោកបានបន្តថា កម្ពុជាមិនអាចទទួលរងការខ្យល់កខ្វក់ដូចក្នុងប្រទេសថៃឡើយ ដោយសារកម្ពុជាមានព្រៃឈើដែលអាចស្រូបឧស្ម័នកាបូនិ និងបញ្ចេញមកវិញនូវខ្យល់អុកស៊ីហ្ស៊ែន។ ម្យ៉ាងទៀតកម្ពុជាក៏ពុំមានរថយន្តច្រើនដូចនៅក្នុងទីក្រុងបាងកកប្រទេស ថៃ ដែលអាចធ្វើឱ្យប៉ះពាល់បរិយាកាសនោះដែរ។
លោកថ្លែងថា៖ «ទីក្រុងបាងកកដែលគាត់មានខ្យល់ពុលអីច្រើន ដោយសារកន្លែងនោះ តាមការសិក្សា មានរថយន្តច្រើនរហូតទៅដល់ ៦ លានគ្រឿង អ៊ីចឹងមិនមែនត្រឹមផ្សែងចេញពីរថយន្តទេផ្សែងហ្គាស់រួមទាំងផ្សែងអីផ្សេងៗទៀត ។ សម្រាប់កម្ពុជាយើងមិនមានបញ្ហាកើតឡើងអ៊ីចឹងទេបាទ ពីព្រោះថា ស្ថានភាពខ្យល់របស់យើងពិនិត្យទៅវានៅល្អ។
កាលពីថ្ងៃទី ២ ខែកុម្ភៈ ក្រសួងបរិស្ថានក៏ធ្លាប់បញ្ជាក់ម្ដងហើយថាតាមឧបករណ៍ត្រួតពិនិត្យ មិនបានបង្ហាញអំពីកម្រិតភាគល្អិតនិចល PM2.5 ក្នុងខ្យល់នៅកម្ពុជាឡើងដល់កម្រិតដែលអាចប៉ះពាល់សុខភាពមនុស្សនោះទេ។
បើតាមក្រសួងនេះ «PM2.5 គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់ដែលមានអង្កត់ផ្ចិតតូចជាង ២,៥ មីក្រុង ហើយភាគល្អិតនិចលនេះ កើតមានពីប្រភពការដុតឥន្ធនៈហ្វូស៊ីល និងកម្ទេចធូលីផ្សេងៗ។ភាគល្អិតនិចល PM2.5 គឺអាចស្រូបដល់សួត និងសរសៃឈាមដែលអាចបង្កផលប៉ះពាល់សុខភាពមនុស្ស ប្រសិនបើស្រូបចូលលើសកម្រិត»។
កាសែតបាងកកប៉ុស្តិ៍ពីម្សិលមិញ បានចុះផ្សាយដែរថា បន្ទាប់ពីមនុស្សក្នុងទីក្រុងបាងកកកំពុងប្រឈមនឹងខ្យល់ពុលរយៈពេល ២-៣ សប្ដាហ៍នេះ ស្ថានភាពនៅតែអាក្រក់ដដែល និងកំពុងធ្វើឱ្យមនុស្សកាន់តែត្រូវការពាក់ម៉ាស់ច្រើន។ ជាមួយគ្នានេះ កាលពីសប្ដាហ៍មុន ស្ថានទូតខ្មែរប្រចាំប្រទេស ថៃ ក៏បានអំពាវនាវពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជិតខាងនេះ ត្រូវប្រុងប្រយ័ត្ននិងត្រូវពាក់ម៉ាស់ដើម្បីបញ្ចៀសផលប៉ះពាល់សុខភាពដែលអាចបង្កឡើងពីខ្យល់កខ្វក់។
លោក លី សុវណ្ណ មន្ត្រីនាំពាក្យសុខាភិបាល និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនបានទទួលទូរស័ព្ទទេនៅពេលទាក់ទងសុំការបញ្ជាក់បន្ថែមកាលពីម្សិលមិញ។
ប៉ុន្តែ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃម្សិលមិញថា ខេត្តរបស់លោកដែលនៅជាប់ព្រំដែនប្រទេសថៃ មិនបានទទួលរងការសាយភាយខ្យល់ពុលពីប្រទេស ថៃ ឡើយ ហើយស្ថានភាពខ្យល់ក្នុងខេត្ត ក៏មិនខុសប្លែកពីសព្វដងនោះដែរ។
លោកបញ្ជាក់ថា៖ «ពីទីក្រុងបាងកកមកបាត់ដំបងឆ្ងាយដែរហើយខ្យល់នៅបាងកកគឺបក់ទៅរកសមុទ្រឯណោះទេ អាហ្នឹងបើនិយាយអំពីកត្តាភូមិសាស្ដ្រ។ជាក់ស្ដែងមិនមានអីទេ ហើយមិនមានឮការប្រឈមបញ្ហាសុខភាពដោយសារបរិស្ថានពុលអីទេ»។
លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ក៏បានអះអាងដែរថា នៅក្នុងទីក្រុងខ្មែរជាប់ព្រំដែនថៃនេះក៏មិនកើតមានករណីខ្យល់កខ្វក់អីនោះដែរ។
លោកថា៖ «ធម្មតាដូចជា មិនទាន់មានស្អីទេ។ខ្ញុំបានជូនដំណឹងតែពិធីបុណ្យចូលឆ្នាំចិន ពាក់ព័ន្ធនឹង[ខ្យល់កខ្វក់]នៅទីនេះ ដូចជាមិនមានអីគួរកត់សម្គាល់ គួរឱ្យព្រួយបារម្ភអីនោះទេ»៕