ភ្នំពេញៈ មន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានអះអាងថា គណៈកម្មាធិការនឹងធ្វើសន្និសីទកាសែតក្នុងពេលឆាប់ៗនេះដើម្បីបង្ហាញពីការរកឃើញ និងការចុះបិទទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយ ១ កន្លែង នៅខេត្តកំពង់ធំ និង ១ កន្លែងទៀត នៅខណ្ឌពោធិ៍សែនជ័យពាក់ព័ន្ធនឹងការលួចកែច្នៃចម្រាញ់ប្រេងឆាគ្មានគុណភាព។
លោក លីវ សុផាណារិទ្ធ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃអង្គារថា ដោយសារតែការចុះបង្ក្រាបទីតាំងទាំង ២ នេះភ្លាមៗ មិនមានការសហការជាមួយម្ចាស់ទីតាំង ដូច្នេះសមត្ថកិច្ចជំនាញសម្រេចផ្អាកទីតាំងទាំងនេះបណ្ដោះអាសន្នសិនដើម្បីស្រាវជ្រាវបន្ថែម និងរង់ចាំការចូលខ្លួន និងបង្ហាញឯកសារពាក់ព័ន្ធពីម្ចាស់អាជីវកម្ម។
ដោយសារករណីទាំង ២ ទីតាំងនេះជំនាញកំពុងស៊ើបអង្កេត ព្រោះតែមានលក្ខណៈមិនប្រក្រតីជាច្រើននោះ លោក លីវ សុផាណារិទ្ធ មិនអាចបញ្ជាក់អ្វីបានច្រើនជាងនេះទេ ដោយថា ពេលបិទបញ្ចប់នឹងបង្ហាញក្នុងសន្និសីទកាសែត តែលោកមិនបានបញ្ជាក់ពីពេលធ្វើសន្នីសីទឲ្យច្បាស់នោះទេ។
លោកថា៖ «ដោយសារការងារនេះ ជាការងារជំនាញ ដែលស្ថិតក្នុងដំណាក់កាលនៃការស៊ើបស្រាវជ្រាវបន្ត ខ្ញុំមិនទាន់និយាយសិន នៅពេលខាងយើងបានលទ្ធផលជាស្ថាពរ ខ្ញុំបង្ហាញ ព្រោះការងារដាក់បន្ទុកនេះ មានច្រើនមុខសញ្ញា មានការសុំច្បាប់អាជីវកម្ម ការផុតសុពលភាព ឬការសុំច្បាប់អនុញ្ញាតមិនគ្រប់គ្រាន់ឬក៏ផ្សេងៗទៀត។ យើងក៏ត្រូវការការបកស្រាយពីម្ចាស់សិប្បកម្មផងដែរ ព្រោះឲ្យសន្និដ្ឋានថាខុសយ៉ាងណានោះមិនទាន់អាចកំណត់បានទេ»។
ជាមួយគ្នានេះ លោក លីវ សុផាណារិទ្ធ ក៏ប្រកាសឲ្យម្ចាស់សិប្បកម្ម និងទីតាំងកែច្នៃទាំង ២ នេះចូលមកបង្ហាញខ្លួន និងដាក់ឯកសារច្បាប់ដើម្បីការពារអាជីវកម្មរបស់ពួកគេផងដែរ ចៀសវាងមានការចាប់បង្ខំណាមួយ ខណៈលោកថា ធាតុផ្សំ និងលក្ខណៈបច្ចេកទេសរបស់សិប្បកម្មទាំងនេះ មិនប្រក្រតី។
កាលពីថ្ងៃទី ១០ ខែ កក្កដា សមត្ថកិច្ចចម្រុះបានសម្រេចបិទទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយយីហោ លឹម ភ័ណ្ឌ នៅភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំជាបណ្តោះអាសន្ន ដោយផ្អាកការផលិត និងចែកចាយ បន្ទាប់ពីរកឃើញថាការ ផលិតរបស់សិប្បកម្មនេះខុសច្បាប់និងគ្មានអនាម័យ។ ប៉ុន្តែម្ចាស់ទីតាំងដែលគេអះអាងថាឈ្មោះលឹម ភ័ណ្ឌមានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ និងខេត្តព្រះវិហារមិនទាន់ត្រូវបានឃាត់ខ្លួននោះទេ។
លោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំដែលរួមគ្នាចុះបង្ក្រាបទីតាំង ១ កន្លែងនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តុលាការរង់ចាំតែការបញ្ជូនសំណុំរឿងមកដើម្បីចាត់ការបន្តប៉ុណ្ណោះ។ លោកអះអាងថា នៅពេលមន្ត្រីជំនាញពិតជារកឃើញថា សិប្បកម្ម លឹម ភ័ណ្ឌនេះ ខុសច្បាប់មែននោះ នឹងមានវិធានការតាមផ្លូវតុលាការ។
លោកបញ្ជាក់ថា៖ «ការងារកំពុងស៊ើបអង្កេត ដូច្នេះមិនទាន់បានបញ្ជូនមកខាងស្ថាប័នខ្ញុំទេ។ ដោយសារសំណុំរឿងនៅដៃសមត្ថកិច្ចដែលខ្ញុំមិនដឹងថាសមត្ថកិច្ចគាត់ធ្វើយ៉ាងម៉េចមិនទាន់ដឹងទេ ប៉ុន្តែបើមកដល់ដៃខ្ញុំទើបខ្ញុំអាចជម្រាបបាន»។
ចំណែកទីតាំងកែច្នៃសំណល់ប្រេងឆានាំចេញ ១ កន្លែងទៀតដែលស្ថិតក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក៏ត្រូវបានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរួមនឹងអាជ្ញាធរដែនដីសម្រេចឱ្យផ្អាកដំណើរការបណ្តោះអាសន្នផងដែរ កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩ បន្ទាប់ពីរកឃើញមានភាពមិនប្រក្រតី។
លោកស្រី ស៊ន សាវឿន មេភូមិថ្មគោល ក្នុងសង្កាត់ចោមចៅទី ២ ដែលបានចូលរួមប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃប្រេងឆានេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ទីតាំងនេះមិនមានឈ្មោះច្បាស់លាស់ទេ ហើយផលិតផលដែលផលិតបានត្រូវបានអះអាងថា សម្រាប់នាំចេញទៅក្រៅប្រទេសដែលមានម្ចាស់ជាជនជាតិចិន។
លោកស្រីបន្តថា ពេលចុះបង្ក្រាបនោះគឺមិនមានវត្តមានម្ចាស់ទីតាំងទេជាហេតុធ្វើឲ្យអាជ្ញាធរសម្រេចបិទបណ្ដោះអាសន្នដើម្បីរង់ចាំការស្រាវជ្រាវ និងពិនិត្យលក្ខណៈបច្ចកទេសសិន មុននឹងមានចំណាត់ការបន្ត។
លោកស្រីបញ្ជាក់ថា៖ «សិប្បកម្មនេះគាត់ដើរទិញប្រេងឆាពីពលរដ្ឋយើងនៅតាមហាងក្នុងរាជធានីភ្នំពេញយើងហ្នឹង ១ ប៊ីដុង ២ ម៉ឺនរៀល រួចហើយគាត់ចម្រោះចូលក្នុងម៉ាស៊ីន រួចដឹកចេញទៅក្រៅប្រទេសតែម្តង ដែលពួកគេថាអត់មានចែកចាយក្នុងប្រទេសទេ។ ប៉ុន្តែចាំមើលលទ្ធផលស៊ើបអង្កេតសិន ព្រោះក្រោយផ្អាកបណ្ដោះអាសន្នជំនាញកំពុងស៊ើប»។
ទន្ទឹមនឹងការបង្ក្រាបទីតាំងសិប្បកម្ម និងអាជីវកម្មកែច្នៃផលិតផលក្លែងក្លាយខុសបច្ចកទេសជាបន្តបន្ទាប់នេះកាលពីថ្ងៃចន្ទ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយអាជ្ញាធររាជធានីភ្នំពេញក៏បានដកហូតបារីម៉ាក GOLD SEAL សរុបប្រមាណ ១២៩ កេស និងសម្ភារបម្រើឲ្យការផ្សាយពាណិជ្ជកម្មបារីចំនួន ៦ មុខផងដែរ បន្ទាប់ពីរកឃើញថាខុសច្បាប់នៅទីតាំងឃ្លាំងស្តុកបារី ក្នុងសង្កាត់ទួលស្វាយព្រៃ ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នេះបើតាមគេហទំព័រនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
របាយការណ៍នោះបញ្ជាក់ថា៖ «បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោក សេង គីមឡាក់ ព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចដកហូតវត្ថុតាងទាំងអស់ខាងលើដោយរក្សាទុកជាបណ្តោះអាសន្ននៅក្នុងបន្ទប់ឃ្លាំងដាក់សម្ភារនៅក្នុងទីតាំងដដែលបិទប្លុំបេដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្តទៀតដោយដាក់ឲ្យស្ថិតក្រោមការទទួលខុសត្រូវរបស់តំណាងម្ចាស់ទីតាំងរង់ចាំការសម្រេចពីស្ថាប័នតុលាការព្រមទាំងតម្រូវឲ្យឈ្មោះ ឈុន រត្ថា ភេទប្រុស អាយុ ៣៤ ឆ្នាំ ចូលខ្លួនទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី»៕