ភ្នំពេញៈ មន្ត្រី​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​បានប្រកាស​ថា​បញ្ហា​កកស្ទះ​សំណុំរឿង​ នៅ​តុលាការ​ នៅតែ​ជា​កង្វល់​ធំ​មួយ​របស់​ក្រសួង​យុត្តិធម៌​ ហើយ​ដែលភាគច្រើន​នៅ​​សាលា​ឧទ្ធរណ៍​ ហើយ​ថា​ ក្រសួង​បាន​និង​កំពុង​បង្កើត​សាលា​ឧទ្ធរណ៍​តំបន់​ដើម្បី​ដោះស្រាយ​​បញ្ហា​កកស្ទះ​នេះ។

លោក​ជិន ម៉ា​លីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីអំពី​ «សមិទ្ធ​ផល ​១ ឆ្នាំ ​ក្រោយ​ការ​បោះ​ឆ្នោត»​ កាលពី​ព្រឹកថ្ងៃទី ១ ​ខែ សីហា ​ថា​ទោះបីជា​ស្ថាប័ន​តុលាការ​បាន​ដោះស្រាយ​ បញ្ហា​កកស្ទះ​សំណុំរឿង​មួយចំនួន​បន្ទាប់​ពី​រាជរដ្ឋាភិបាល ​និង​ក្រសួង​យុត្តិធម៌​បានដាក់​ចេញ​នូវ​យន្តការ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក៏ដោយ​ តែ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បានធ្វើឲ្យ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ ​នៅតែ​ជា​កង្វល់​ធំ​មួយ​របស់​ក្រសួង​យុត្តិធម៌។

លោក​បញ្ជាក់ថា​៖ «យើង​អាច​ដោះ​ស្រាយ​ភាព​កកស្ទះ​ខ្លះ​តែ​វា​មិនមាន​ចំនួន​ច្រើន​ទេ។ យើង​បាន​ដោះស្រាយ​បញ្ចេញ​សំណុំ​រឿង​ ៥០​ ភាគរយ ​តែ​សំណុំរឿង​ថ្មី​ចូលមក​ក៏​ប្រហែល​ហ្នឹង​ដែរ​ដោយសារតែ​វា​ស្ថិតនៅក្នុង​យុទ្ធនា​ការ​បង្ក្រាប​គ្រឿងញៀន​ដែល​សំណុំរឿង​ចូលមក​ហ្នឹង​គឺជា​រឿង​គ្រឿងញៀន​តែម្តង។ ដូច្នេះ​យន្តការ​ដែល​យើង​បាន​ដាក់ចេញ​នេះ វា​បាន​ជួយ​ដោះស្រាយ​មួយផ្នែក»។

លោក​ថ្លែងថា​៖ «យន្តការ​នៃ​ការដោះ​ស្រាយ​រយៈពេល​វែង គឺ​ការបង្កើត​ឲ្យ​មាន​ឧទ្ធរណ៍​តំបន់​នេះ​ ដើម្បី​ជួយ​សម្រួល​ និង​ដោះ​ស្រាយ​ឲ្យ​បាន​លឿន។ មួយ​ទៀត​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ​ដែលយើង​បាន​បង្កើត​មណ្ឌល​សេវា​ទទួល​សំណុំ​រឿង​យុ​ត្តិ​ធម៌នៅ​មូលដ្ឋាន​ គឺ​កាត់​បន្ថែម​ការនាំ​សំណុំរឿង​មក​តុលាការ ហើយសំណុំរឿង​តូចតាច​ហ្នឹង គួរ​ដោះស្រាយ​បញ្ចប់​នៅត្រឹម​មូលដ្ឋាន​តែម្ដង​ទៅ​មិនចាំបាច់​នាំមក​តុលា​ការ​នាំ​ឲ្យ​មានការ​កើនឡើង​នៅ​តុលាការ​ទេ»​។

លោក​ឲ្យ​ដឹងថា​ ក្រសួង​យុ​តិ្ត​ធម៌ ​បាន​ដាក់​ចេញ​នូវ​ដំណោះស្រាយ​រយៈពេល​វែង​ ដោយ​ការបង្កើត​តុលាការ​ឧទ្ធរណ៍​តំបន់ ព្រមទាំង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​បង្កើត​មណ្ឌល​សេវា​យុត្តិធម៌ ​ដែល​សព្វថ្ងៃ​មាន​ចំនួន​ ៦៨ កន្លែង។ នៅថ្ងៃ​ខាងមុខនឹង​បង្កើត​គ្រប់​ក្រុង​ស្រុក​ខណ្ឌ ​ទូទាំង​ប្រទេស។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​រយៈពេល ១ ឆ្នាំនេះ យើង​បាន​សាងសង់​សាលា​ឧទ្ធរណ៍​ តំបន់​នេះ​បាន​ចំនួន​ ៣ ខេត្ត​ គឺ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ខេត្ត​បាត់ដំបង ​និង​ខេត្ត​ព្រះសីហនុ ​ហើយ​ដំណើរការ​សាងសង់​នេះ​បាន ៨០ ភាគរយ​ហើយ ​និង​រំពឹងថា​ ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ក្រោយនេះ​»។ ​

លោក ​ជិន ម៉ា​លីន ​បញ្ជាក់ថា​ កាល​ពី​ ២ សប្តាហ៍​កន្លងមក​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​បាន​ប្រជុំ​ជាមួយ​ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា​ទូទាំង​ប្រទេស ​ដោយ​ដាក់​ចេញ​នូវ​គោល​ការណ៍​មួយ​ចំនួន ​ដែល​ក្នុងនោះ​ រួមមាន​ការកំណត់​ឲ្យ​ប្រធាន​តុលាការ​នីមួយៗ​រៀបចំ​ផែនការ​បញ្ចេញ​សំណុំរឿង​ដែល​សេសសល់ ​ត្រូវ​ជំ​នុះ​ជម្រះ​ឲ្យ​រួចរាល់ ក្នុង​រយៈពេល​ ៣ ខែ ​ជាដើម។

កាលពី​ថ្ងៃទី ២ ​ខែ កក្កដា​ ឆ្នាំ ២០១៩ នៅ​សាលាខេត្ត​រតនគិរី ​លោក​ អង្គ ​វង្សវឌ្ឍានា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​លើក​ឡើងថា ​មានការ​កកស្ទះ​សំណុំ​រឿង​ នឹង​ជា​បញ្ហា​ចោទ ​ទាំង​សំណុំរឿង​រដ្ឋប្ប​វេណី​ និង​សំណុំរឿង​ព្រហ្មទណ្ឌ។ ​សំណុំ​រឿង​ខ្លះ​ក៏បាន​អូសបន្លាយ​ដល់​ជាង​ ១០​ ឆ្នាំ​ហើយ ក៏​មិនទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ​ជាពិសេស​សំណុំរឿង​ព្រហ្មទណ្ឌ​។ ដូច្នេះ​ចៅក្រម ​ប្រធាន​សាលា​ដំបូង​ខេត្ត​ និង​អ្នកពាក់ព័ន្ធ​មិន​គួរ​ទុក​សំណុំរឿង​ចាស់ៗ​នោះទេ​ ត្រូវខិត​ខំ​ដោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បានល្អ​ប្រសើរ។

កាលពី​ចុងខែ​ មីនា​ ឆ្នាំ ២០១៩ ​លោក ​បេ ទា​ឡេង ​អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ឲ្យ​ដឹងថា ​អ្នក​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​រហូតដល់​ ៣១ ៤០០ នាក់​ ក្នុងនោះ​មាន​ ២ ភាគ ៣ ​គឺជា​ជន​ដែល​មិនទាន់​ត្រូវបាន​តុលាការ​កាត់​ទោស​។ ក្នុង​ចំណោម​អ្នក​កំពុង​ជាប់ឃុំ​ខាងលើ ​ក្នុង​នោះ​មាន​ស្ត្រី ​២ ៤៤០ ​នាក់។ ក្នុង​ចំនួន​នេះ ​ជន​ត្រូវ​ចោទ​មាន ​៧ ៧៦៧ នាក់​ ជន​ជាប់ចោទ​មាន​ ៣ ៦៤៣​ នាក់។ ចំណែក​ពិរុទ្ធជន​មាន​ ១០ ៨៩០ នាក់ ​ហើយ​​ទណ្ឌិត​មាន​ចំនួន ៩ ១៣៧ នាក់។

លោក​ នុត សវនា ​អ្នក​នាំពាក្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធនា​គារ ​នៃ​ក្រសួង​មហា​ផ្ទៃ​ថ្លែងថា​ ភាព​យឺ​តយ៉ាវ​ក្នុង​កាត់ក្ដី​ធ្វើ​ឲ្យ​ពន្ធនាគារ​មាន​ភាព​ចង្អៀត​ណែន​ហើយវា​ធ្វើឲ្យ​មានការ​លំបាក​ក្នុង​ការគ្រប់គ្រង​អ្នក​ជាប់ឃុំ ​ហើយថា​ជន​ជាប់ចោទ​ខ្លះ​ត្រូវរង់​ចាំ​សវនា​ការ​រយៈពេល​រហូត​ដល់​ទៅ ៨​ ឬ ៩ ខែ​ទាំង​ខ្លួន​មិនមាន​ទោស​ទណ្ឌ។

លោក​បញ្ជាក់ថា​៖ «ការពន្លឿន​សំណុំ​រឿង​វា​មានផល​ប្រយោជន៍ច្រើន​ដោយ​សារ​តែ​វា​អាចធ្វើឲ្យ​អ្នកជាប់​ចោទ​ឬជន​ត្រូវចោទ​ក្នុង​ពន្ធនាគារ​រយៈ​ពេល​ខ្លី។​ នៅពេល​ដែល​សំណុំ​រឿង​កាន់តែ​យូរ​វា​ធ្វើឲ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​ជនជាប់ចោទ​ ឬជន​ត្រូវចោទ ​ដោយ​សារតែ​គាត់​មិនទាន់​មានទោស ​តែ​ដោយសារ​មានការបង្គាប់​ឲ្យឃុំ​ពី​ចៅក្រម​ ស៊ើបសួរ ​ពួកគេ​ត្រូវ​រង់​ចាំ​សវនា​ការ​ក្នុង​ពន្ធនា​គារ។ នៅពេល​តុលាការ​មានឆន្ទៈ​ក្នុងការ​ពន្លឿន​សំណុំរឿង ​វា​នឹង មាន​ លក្ខណៈ​ល្អប្រសើរ​ច្រើន​សម្រាប់​ពន្ធនា​គារ​ក្នុងការ​គ្រប់គ្រង​ជន​ជាប់​ឃុំ»។

លោ ​ស៊ឹង សែន​ករុណា​ អ្នកនាំពាក្យ​សមាគម​អាដហុក​ថ្លែងថា ​ស្ថាប័ន​តុលា​ការ​ត្រូវធ្វើ​ការដោះ​បញ្ហានេះ​ជាបន្ទាន់ ​ដោយ​សារ​តែ​បញ្ហា​កកស្ទះ​សំណុំរឿង​នេះ​វា​ធ្វើឱ្យ​ប៉ះ​សិទ្ធិ​សេរីភាព​របស់​ជន​ជាប់ចោទ ​និង​អ្នកជាប់​ពន្ធនាគារ​។

លោក​ថា​៖ «វា​ប៉ះពាល់​ដល់​សិទ្ធិ​សេរី​ភាព​របស់​គាត់​ដោយសារតែ​ការឃុំខ្លួន​បណ្តោះអាសន្ន​ទៅលើ​ពួកគេ​ មានរយៈ​ពេល​យូរ​ហើយ​ស្ថាប័ន​តុលាការ​គួរតែ​មានយន្តការ​ច្បាស់លាស់​ក្នុង​ការ​គ្រប់​គ្រង​សំណុំរឿង​ និង​ពន្លឿននីតិវិធី​កាត់​ក្តី»៕