ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារថ្លែងថា សមិទ្ធផលមួយក្នុងការគ្រប់គ្រងពន្ធនាគាររយៈពេល ៥ ឆ្នាំ ចុងក្រោយគឺមិនមានការបះបោរតដៃពីជនជាប់ឃុំនៅពន្ធនាគារ និងមានកិច្ចសហការល្អក្នុងការដឹកជញ្ជូនជនជាប់ចោទទៅតុលាការ និងរក្សាសុវត្ថិភាពបានល្អ ប៉ុន្តែថា ភាពចង្អៀតណែននៅតែជាបញ្ហា។
លោក ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃចន្ទម្សិលមិញបានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្រសួងមហាផ្ទៃ ដោយលោកលើកឡើងថា អគ្គនាយកដ្ឋានពន្ធនាគារបានធ្វើការយ៉ាងល្អក្នុងការគ្រប់គ្រងសុវត្ថិភាពពន្ធនាគារ។
លោកថ្លែងថា៖ «សកម្មភាពផ្សេងៗ ពិសេសភាពចលាចល ការបះបោរផ្សេងៗនៅក្នុងពន្ធនាគាររយៈពេល ៥ ឆ្នាំកន្លងមកនេះ យើងអត់ដែលបានជួបប្រទះទេ។ អ៊ីចឹងយើងត្រូវវាយតម្លៃថា នេះគឺជាសមិទ្ធផលដ៏ធំមួយរបស់យើង។ ពិតហើយនៅក្នុងដំណើរការគ្រប់គ្រងកន្លងមកនេះ មានអង្គភាពខ្លះ មានមណ្ឌលអប់រំកែប្រែខ្លះ ពន្ធនាគារខ្លះ អាស្រ័យដោយការធ្វេសប្រហែស អាស្រ័យដោយការខ្វះចន្លោះ មានជនជាប់ឃុំរត់គេច។ ការរត់គេចនេះក៏ជាផ្នែកមួយពាក់ព័ន្ធនឹងផ្នែកសន្តិសុខសុវត្ថិភាពដែរ»។
លោកបន្តថា៖ «ប៉ុន្តែភាពធ្ងន់ធ្ងរជាងនេះដែលធ្លាប់មានពីមុនក្នុងរយៈពេល ៥ ឆ្នាំនេះ យើងអត់ជួបប្រទះទេ គឺការបះបោរ ការងើបឡើងតដៃ ប្រឆាំងជាមួយមន្ត្រីពន្ធនាគាររបស់ជនជាប់ឃុំ ៥ ឆ្នាំកន្លងមកនេះ។ នៅពេលយើងអនុវត្តផែនការយុទ្ធសាស្ត្រនេះ គឺយើងអត់ជួបប្រទះ។ នេះជាចំណុចល្អរបស់យើងក្នុងរយៈពេល ៥ ឆ្នាំកន្លងមក»។
អគ្គនាយកពន្ធនាគាររូបនេះ បន្ថែមថា សមិទ្ធផលមួយទៀតគឺការដឹកជញ្ជូនជនជាប់ឃុំទៅតុលាការត្រូវបានដំណើរការល្អប្រសើរ ធានាដល់ការអនុវត្តនីតិវិធីរបស់តុលាការ។ កាលពីបូកសរុបការងារឆ្នាំ ២០១៨ មានដីកាបង្គាប់រាប់ម៉ឺនដីកាដែលឲ្យនាំជនជាប់ឃុំទៅតុលាការ។ ទោះយ៉ាងណាលោកទទួលស្គាល់ថា នៅមានភាពខ្វះចន្លោះបន្តិចបន្តួចនៅឡើយ។
លោក ចាន់ គឹមសេង និង អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមបានទេកាលពីម្សិលមិញ។ ប៉ុន្តែលោក នុត សវនា ប្រាប់ក្រុមសារព័ត៌មានក្រោយកិច្ចប្រជុំថា បញ្ហាដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ គឺភាពចង្អៀតណែននៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំង ២៨ នៅទូទាំងប្រទេសដោយសារតែការកើនឡើងនៃអ្នកជាប់ឃុំ។
សារព័ត៌មាន ហ្រ្វេសញូ បានស្រង់សម្ដីលោក នុត សវនា ដែលលោកបានថ្លែងថា៖ «ភាពចង្អៀតណែននេះ វាមិនមែនតែជាបញ្ហាមួយដោយឡែកនោះទេ គឺវាបណ្ដាលឲ្យមានបញ្ហាដទៃៗទៀត ដែលធ្វើឲ្យអង្គភាពអនុវត្ដការងារប្រឈម និងជួបប្រទះផ្ទាល់ ដែលយើងត្រូវរកដំណោះស្រាយ។ អ៊ីចឹងហើយបានយើងចាំបាច់ណាស់ ត្រូវរៀបចំផែនការយុទ្ធសាស្ដ្រ ឲ្យស្របទៅតាមស្ថានភាពជាក់ស្ដែង»។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ដែលជាអង្គការអនុវត្តគម្រោងមួយឈ្មោះថា «គម្រោងពន្ធនាគារ» បានថ្លែងថា លោកទទួលស្គាល់ថា ការគ្រប់គ្រងពន្ធនាគារធ្វើបានល្អក្នុងការទប់ស្កាត់មិនឲ្យមានការបះបោរកើតឡើង។
ចំពោះការដឹកជញ្ជូនទៅតុលាការ លោកថា មានភាពប្រសើរដែរនៅក្នុងក្រុងភ្នំពេញ ប៉ុន្តែចំពោះការដឹកជញ្ជូនពីពន្ធនាគារតាមខេត្តមកសាលាឧទ្ធរណ៍ ឬតុលាការកំពូល នៅមានភាពខ្វះចន្លោះ គឺបណ្ដាលឲ្យមានអវត្តមានច្រើន។
លោកថ្លែងថា៖ «ទាក់ទងការដឹកជញ្ជូនពីខេត្តមកសាលាឧទ្ធរណ៍ ឬ តុលាការកំពូល អាហ្នឹងគឺយើងឃើញថាអវត្តមានច្រើនណាស់។ យើងឃើញហើយសវនាការនៅសាលាឧទ្ធរណ៍ ឬ តុលាការកំពូល អ្នកដែលមកពីបណ្ដាខេត្តអ៊ីចឹង បើគ្មានថវិកាក្នុងការចំណាយដឹកមកទេ គឺកម្រឃើញជនជាប់ចោទត្រូវដឹកមក ដោយសារតែការចំណាយច្រើនដូចជាចំណាយលើអនុរក្សពន្ធនាគារដើម្បីការពារជាដើម»។
លោកបន្តថា ការអវត្តមានជនជាប់ចោទនៅសវនាការ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ដោយសារតែអវត្តមានជនជាប់ចោទ ធ្វើឲ្យបាត់ផ្នែកមួយព្រោះជនជាប់ចោទត្រូវឆ្លើយបំភ្លឺដោះសា។
លោក សំអាត ក៏មើលឃើញការលំបាកនៅតាមពន្ធនាគារដោយសារតែភាពចង្អៀតណែនដែរ។ ប៉ុន្តែថា បញ្ហានេះមិនមែនជាកំហុសរបស់ពន្ធនាគារទេ ព្រោះថា ពន្ធនាគារកំពុងរកវិធីដោះស្រាយដូចជា ការពង្រីកពន្ធនាគារជាដើម។ ទោះយ៉ាងណាចំនួនអ្នកជាប់ឃុំនៅតែកើនឡើង។លោកថា ក្រសួងពាក់ព័ន្ធគួរតែពន្លឿនរកដំណោះស្រាយរឿងនេះ។
ករណីមួយទៀតដែលលោកស្នើឲ្យខាងពន្ធនាគារយកចិត្តទុកដាក់ដែរនោះគឺការស្លាប់របស់ជនជាប់ឃុំនៅពន្ធនាគារ។
លោកថ្លែងថា៖ «បញ្ហានេះសូមបន្ថែមការយកចិត្តទុកដាក់ ប្រសិនបើអ្នកជំងឺមានភាពធ្ងន់ធ្ងរដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យ សូមបញ្ជូនទៅឲ្យទាន់ពេលវេលា»៕