ភ្នំពេញ៖ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​អះអាង​ថា ការងារ​ចាក់​វ៉ាក់សាំង​គឺ​នៅ​តែ​ដំណើរការ​ធម្មតា រិត​តែ​សម្រុក​ធ្វើ​ថែម​ទៀត ដោយ​មិន​មាន​ការ​ពន្យារពេល ឬ​ផ្អាក​នោះ​ឡើយ ទោះ​ជា​មាន​ការ​បិទ ឬ​បម្រាម​មិន​ឱ្យ​ចេញ​ចូល​ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ ឬ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ក៏​ដោយ។ យោង​តាម​ការ​ឲ្យ​ដឹង​តាមរយៈ​ហ្វេសប៊ុក​របស់​លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។

លោកស្រី​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​ចាក់​លើក​ទីពីរ ចាំបាច់​ត្រូវ​តែ​មក​ចាក់​តាម​ពេល​វេលា​ដែល​បាន​កំណត់​រួច​ហើយ ដោយ​ប្រើប្រាស់​កាត​ចាក់​វ៉ាក់សាំង​បង្ហាញ​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច ដើម្បី​បាន​មក​ចាក់​វ៉ាក់សាំង​លើក​ទីពីរ​​ជា​ចាំបាច់។ រីឯ​អ្នក​ដែល​ត្រូវ​ចាក់​លើក​ទី​មួយ ជា​ភារកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន ឃុំ-សង្កាត់ ដែល​ត្រូវ​សម្របសម្រួល​ទទួល​ខុស​ត្រូវ ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុម​គោលដៅ​កំណត់​រួច​ហើយ​នោះ ពួក​គាត់​បាន​ទៅ​ចាក់​វ៉ាក់សាំង​ទៅ​តាម​ទីតាំង​រៀងៗ​ខ្លួន។

លោកស្រី​ឲ្យ​ដឹង​ថា អ្នក​ដែល​មិន​ត្រូវ​គោលដៅ​កំណត់​របស់​រាជ​រដ្ឋភិបាល មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ទៅ​ចាក់​នោះ​ឡើយ ដោយ​រង់ចាំ​ដល់​វេន​សឹម​ឱ្យ​ទៅ​ចាក់។

លោកស្រី​ថ្លែង​ថា៖ "ជន​បរទេស​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ចាក់​ហើយ​នោះ ខ្ញុំ​ស្នើសុំ​ក្រសួង​ការបរទេស ឬ​សាមីក្រសួង ដូចជា​ក្រសួងអប់រំ យុវជន និង​កីឡា ដែល​មាន​ទីប្រឹក្សា ឬ​សាមី​អង្គការ​ដែល​ទទួល​បាន​ការ​ណែនាំ​ជា​លិខិត​ពី​ក្រសួង​ការបរទេស​រួច​ហើយ​នោះ ហើយ​ដែល​ការ​ស្នើសុំ​ចាក់​ទទួល​បាន​ការ​អនុញ្ញាត​រួច​ហើយៗ​កំពុង​តែ​ដំណើរការ​ចាក់​នៅ​មជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក​ជា​រៀងរាល់​ថ្ងៃ​នេះ ធ្វើ​ការ​បញ្ជាក់​ជូន​ដោយ​មាន​លិខិត​ត្រឹមត្រូវ​ជូន​ដល់​អង្គការ​អន្តរជាតិ ឬ​សាមីទី​ប្រឹក្សា​ក្រសួង ដើម្បី​អាច​ធ្វើ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​បាន"។

ចំណែក "ជន​បរទេស ដែល​មាន​កាត​ចាក់​វ៉ាក់សាំង​លើក​ទីមួយ​រួច​ហើយ​នោះ ត្រូវ​ប្រើ​កាត​ចាក់​វ៉ាក់សាំង​បង្ហាញ​សមត្ថកិច្ច​ថា ខ្លួន​មាន​តម្រូវការ​ទៅ​ចាក់​លើក​ទីពីរ​ជា​ចាំបាច់​ផង​ដែរ។ ខ្ញុំ​ស្នើសុំ​ឯកឧត្តម លោក​ជំទាវ​ប្រធាន​អនុគណៈកម្មការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ក្រសួង ឬរាជធានី-ខេត្ត សុំ​មេត្តា​ចាត់ចែង​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​ការ​ខកខាន​របស់​បុគ្គល​ក្នុង​ការ​ទៅ​ទទួល​យក​វ៉ាក់សាំង​ទាំង​លើក​ទីមួយ និង​លើកទីពីរ​នេះ"។

លោកស្រី​បាន​ឲ្យ​ដឹង​ថា ប្រធាន និង​អនុប្រធាន​លេខាធិការដ្ឋាន គ.វ.ក ១៩ ធ្វើ​ការ​សម្របសម្រួល​បន្ត​ទៀត​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​លើ​កិច្ចការ​នេះ៕