The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ថា ​ការចូលរួម​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ពី​យុវជន​នៅ​មាន​តិច

មន្ត្រី​ថា ​ការចូលរួម​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ពី​យុវជន​នៅ​មាន​តិច

Content image - Phnom Penh Post
ក្រុមការងារ អ្នកស្ម័គ្រចិត្តសង្គ្រោះបឋម ជួបជុំគ្នានៅឯទីលានប្រជាធិបតេយ្យកាលពីថ្ងៃចន្ទ។ ផា លីណា

មន្ត្រី​ថា ​ការចូលរួម​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ពី​យុវជន​នៅ​មាន​តិច

ភ្នំពេញៈ មន្ត្រី​ក្រសួង​អប់រំ​បាន​អះអាង​ថា ការចូលរួម​លើ​ការងារ​ស្ម័គ្រចិត្ត​ពី​យុវជន​កម្ពុជា​នៅ​មាន​កម្រិត​តិចតួច​នៅ​ឡើយ​ ដោយសារ​ពួកគេ​មិន​ទាន់​យល់​ច្បាស់​ពី​ការរស់នៅ​ក្នុង​សង្គម ខណៈ​អង្គការ​សហប្រជាជាតិ​ និង​ក្រសួង​អប់រំ​បាន​ចាត់ទុក​ការងារ​នេះ​ថា​មាន​សារៈសំខាន់​។

លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​​កីឡា​បាន​ថ្លែង​ក្នុង​ពេល​ចូលរួម​បើក​វេទិកា​ថ្នាក់ជាតិ​លើក​ទី​ ៨ ​ស្តីអំពី​ការងារ​ស្ម័គ្រចិត្ត និង​ទិវា​អន្តរជាតិ​អ្នក​ស្ម័គ្រ​ចិត្ត​ឆ្នាំ ​២០១៨ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​កាលម្សិលមិញ​ថា ការងារ​ស្ម័គ្រចិត្ដ​ជា​រឿង​សំខាន់​ដែល​យុវជន​កម្ពុជា​ត្រូវ​ចូលរួម ព្រោះ​នេះ​មិនមែន​ជា​ការងារ​សម្រាប់​តែ​ខ្លួនឯង​នោះទេ ប៉ុន្ដែ​សម្រាប់​សង្គម​កម្ពុជា និង​ពិភពលោក​។

លោក​បាន​បន្ត​ថា​៖ «​ការចូលរួម​របស់​យុវជន​យើង​ជាមួយ​កិច្ចការងារ​ស្ម័គ្រចិត្ដ នៅ​មាន​តិចតួច ដោយសារ​យុវជន​យើង​នៅ​មិន​ទាន់​យល់​ដឹង​ពិតប្រាកដ​​ពី​ជីវិត​រស់នៅ​។ ដូច្នេះ​តម្លៃ​ជា​វិជ្ជមាន​របស់​យុវជន​យើង​គឺ​ត្រូវ​ខិតខំ​ពង្រឹង​សកម្មភាព ដើម្បី​បន្ដ​សកម្មភាព​ស្ម័គ្រចិត្ដ​នៅ​តាម​សាលារៀន និង​នៅ​ក្រៅ​សាលារៀន​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

លោក​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បំផុស​ឲ្យ​យុវជន​កម្ពុជា​ទាំងអស់​ឱ្យ​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ដ​នៅ​ក្នុង​សហគមន៍ និង​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព និង​មាន​តម្លៃ​ជា​វិជ្ជមាន​ក្នុង​ការកសាង​ខ្លួន គ្រួសារ និង​សង្គមជាតិ​របស់​យើង​។

លោក បូរ៉ាត បន្ថែម​ថា​៖ «​ការងារ​ស្ម័គ្រចិត្ដ​នេះ យើង​ដឹង​ហើយ​ថា​គឺ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា​ ឬ​ពណ៌​សម្បុរ​មាន​ន័យ​ថា មនុស្ស​ទាំងអស់​លើ​ពិភពលោក​នេះ​រួម​គ្នា​ធ្វើ​កិច្ចការ​ដើម្បី​មនុស្សជាតិ សង្គម និង​ប្រទេស​ខ្លួនឯង​»​។

បើ​តាម​លោក បូរ៉ាត ការងារ​ស្ម័គ្រចិត្ដ​នេះ​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា និង​សហការ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​បាន​លើក​ឡើង​ថា ការខិតខំ​រៀបចំ​វេទិកា​ស្ម័គ្រចិត្ដ​នេះ​ឡើង​គឺជា​កត្ដា​ដ៏មាន​សារៈសំខាន់​សម្រាប់​ជួយ​ដល់​យុវជន​​កម្ពុជា​ឲ្យ​ស្គាល់​តម្លៃ​ពិត​ប្រាកដ​​នៃ​ការរស់នៅ​សម្រាប់​ម្នាក់ៗ ។

លោក​បន្ដ​៖ «​យើង​ទាំងអស់​គ្នា​ត្រូវ​ទទួល​ស្គាល់​ថា យើង​គ្រប់គ្នា​ត្រូវ​ធ្វើ​ដំណើរ​បន្ដ​ទៀត ដើម្បី​កិច្ចការងារ​ស្ម័គ្រចិត្ដ​សម្រាប់​យើង សម្រាប់​គ្រួសារ​យើង និង​សង្គមជាតិ​របស់​យើង​»​។

លោកស្រី Pauline Tamesis អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ដែល​បាន​ចូលរួម​ដែរ​នោះ​បាន​ថ្លែង​ថា នេះ​ជា​ឱកាស​ដែល​យើង​អាច​ចែករំលែក​នូវ​ការខិតខំ​ប្រឹងប្រែង និង​តម្លៃ​នៃ​ការងារ​ស្ម័គ្រចិត្ដ​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ដែល​សំខាន់​ជាង​លើក​មុនៗ​។

លោកស្រី​ថា​៖ «​យើង​ផ្ដោត​ជាពិសេស​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ចំពោះ​អ្នក​ស្ម័គ្រចិត្ដ​នៅ​កម្ពុជា​ដែល​បាន​ខិតខំ​បំពេញ​ការងារ​ក្នុង​សហគមន៍​ដែល​ជា​​ផ្នែក​មួយ​នៃ​ការចូលរួម​ដោះស្រាយ​បញ្ហា​ដើម្បី​អភិវឌ្ឍន៍​»​។

យុវតី អៀង វណ្ណរី និស្សិត​ឆ្នាំ​ទី​ ៤ ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​ជា​អ្នក​ស្ម័គ្រចិត្ដ​មួយ​រូប​ក្នុង​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា នាង​តែង​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ដើម្បី​​បាន​បទពិសោធ និង​ចំណេះដឹង​​ថ្មីៗ​ពី​គ្រប់​មជ្ឈដ្ឋាន​ផង​ដែរ​។

យុវតី​រូប​នេះ​បាន​បន្ដ​ថា​៖ «​យុវជន​កម្ពុជា​យើង​មាន​រហូត​ដល់​ ៣៣ ​ភាគរយ​ដែល​កំពុង​សិក្សា ប៉ុន្ដែ​បាន​ចូលរួម​កិច្ចការ​ស្ម័គ្រចិត្ដ​តិចតួច និង​មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ​»​។

វណ្ណរី បន្ថែម​ថា​៖ «​ការងារ​ស្ម័គ្រចិត្ដ​គឺជា​ការងារ​មួយ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​មក​បង្ខំ​យើង​ឲ្យ​ចូលរួម​ទេ ប៉ុន្ដែ​យើង​បាន​ទៅ​ដោយ​សុទ្ធ​ចិត្ដ​ទាំង​កម្លាំង​កាយ ​ពេលវេលា និង​កម្លាំង​ចិត្ដ​»​។

លោក ស្រ៊ុន ស្រ៊ន ប្រធាន​សមាគម​អនាគត​យុវជន​កម្ពុជា​​អាស៊ាន យល់​ឃើញ​ថា​យុវជន​បច្ចុប្បន្ន​ដែល​ចូលរួម​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​គឺ​មាន​ច្រើន​ហើយ ប៉ុន្ដែ​យុវជន​ស្ម័គ្រចិត្ដ​ចូលរួម​ធ្វើ​ការងារ​ដីធ្លី​ ឬ​ការងារ​ប្រឈម​នានា​តាម​សហគមន៍​នៅ​មាន​តិចតួច​។

លោក​ថា​៖ «​ការ​មាន​យុវជន​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​តិចតួច​នេះ​មកពី​យើង​មិន​ទាន់​មាន​យន្ដការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ដ​ទៅ​ធ្វើ​ការងារ ហើយ​យុវជន​នៅ​មិន​ទាន់​ស្គាល់​ប្រភព​ដើម្បី​ចូលរួម​បំពេញ​ការងារ​ស្ម័គ្រ​ចិត្ត​បាន​» ៕

អត្ថបទគួរចាប់អារម្មណ៍