សៀមរាបៈ ក្រុម​អ្នកជំនាញ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជួសជុល​ប្រាសាទ​ក្រហម​សម្រេច​បាន​ប្រមាណ​ជាង​ ៨០ ​ភាគរយ ​ហើយនឹង​គ្រោង​បន្ត​ជួសជុល​ដំបូល​ប្រាសាទ​ក្នុង​ដំណាក់កាល​ទី​ ២ ​ទៀត ដោយ​អ្នកជំនាញ​អះអាង​ថា ប្រាសាទក្រហម​នេះ​ត្រូវបាន​កសាង​ក្នុង​ ស.វ. ទី​ ៩ ក្នុង​រាជព្រះបាទ​ជ័យវរ្ម័ន​ទី​ ២ ​នៅលើ​ភ្នំ​គូលែន ខេត្ត​សៀមរាប​។

លោក​ ឈាន រដ្ឋា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្លែង​ពី​ម្សិលមិញ​ថា ប្រាសាទ​ក្រហម​កសាង​ក្នុង​ ស.វ. ទី​ ៩ ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ២ នៅលើ​ភ្នំ​គូលែន​បាន​បញ្ចប់​ការជួសជុល​ប្រមាណ​ជាង​ ៨០ ​ភាគរយ​ឲ្យ​ផុត​ពី​ហានិភ័យ​ជា​លើកដំបូង​។ ការជួសជុល​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកជំនាញ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក​ថា សម្រាប់​ការជួសជុល​ក្រុម​ការងារ​បាន​កំណាយ​បក​ដី​ដែល​ចាក់​បង្គរ ស្វែងរក​វត្ថុ​រូបចម្លាក់​សិល្បៈ និង​រៀបទុក​ដាក់​ឥដ្ឋ​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​ធ្វើ​ជម្រាល​រំដោះ​ទឹក​សម្អាត​រុក្ខជាតិ ដើមឈើ​ដែល​ដុះ​នៅលើ​ជញ្ជាំង និង​ដំបូល​ប្រាសាទ​។ បន្ទាប់មក​រៀប​ឥដ្ឋ​ភ្ជិត​ជញ្ជាំង​ប្រេះ និង​ជួសជុល​ពង្រឹង​ជញ្ជាំង​ដែល​ពុកផុយ​កន្លងមក​។

ក្រោយមក​ជួសជុល​ពង្រឹង​ដំបូល​ដែល​បម្រុង​ជ្រុះ​ធ្លាក់​ជួសជុល និង​ដំឡើង​ខ្លោងទ្វារ​ខាង​កើត​ឡើងវិញ​។ កិច្ចការ​ជួសជុល​ប្រាសាទ​ក្រហម​ ១ ​នៅ​ដំណាក់កាល​ទី​ ១ ​នេះ​មិនទាន់​គ្រប់គ្រាន់​ទេ ដោយ​លោក​គ្រោង​ស្នើសុំ​បន្ត​គម្រោង​ដំណាក់កាល​ទី​ ២ ​ទៀត​។

បើ​តាម​មន្ត្រី​រូបនេះ​គម្រោង​ទី​ ២ គឺ​ជួសជុល​ផ្នែក​ដំបូល​ប្រាសាទ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រឹះ​ឥដ្ឋ​សម្រាប់​ទ្រលិង្គ និង​យោនី​ជួសជុល​វត្ថុ​ក្បាច់ចម្លាក់​សិល្បៈ​បន្ថែម​ដែល​បាន​រកឃើញ​នៅ​ជុំវិញ​ប្រាសាទ ដើម្បី​ឲ្យ​ប្រាសាទ​នៅ​រឹងមាំ គង់វង្ស​យូរអង្វែង និង​កំណាយ​ស្រាវជ្រាវ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​ពី​ប្រាសាទ​នេះ​។

លោក​ រដ្ឋា បញ្ជាក់ថា​៖ «​ប្រាសាទ​ក្រហម​នេះ​មាន​ការទ្រុឌទ្រោម​ខ្លាំង​ដោយ​ក្រុម​ការងារ​បាន​បោសសម្អាត​ខាងក្នុង និង​ខាងក្រៅ​បរិវេណ​ប្រាសាទ​ដក​រុក្ខជាតិ​កាប់​ដើមឈើ​ប៉ះពាល់​ប្រាសាទ​រួចរាល់ ហើយ​យើង​ចាប់ផ្ដើម​ជួសជុល​គ្រឹះ​ប្រាសាទ​។ បន្ទាប់មក​ជួសជុល​ជញ្ជាំង និង​ជួសជុល​រូបចម្លាក់​ក្បាច់​នានា​នៅក្នុង​ប្រាសាទ​ជា​រួម​គឺ​យើង​សម្រេច​បាន​ជាង​ ៨០ ​ភាគរយ​ហើយ​។ បន្ទាប់ពី​បញ្ចប់​គម្រោង​ជួសជុល​ប្រាសាទ​ក្រហម​នេះ​គឺ​យើង​នឹង​បន្ត​ជួសជុល​ប្រាសាទ​មួយចំនួន​ទៀត​នៅលើ​ភ្នំ​គូលែន​នេះ​»​។

លោក​ ឮ ចាន់ណូរ៉ា មន្ត្រី​បច្ចេកទេស​ជួសជុល​ប្រាសាទ​ក្រហម​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ប្រាសាទ​ក្រហម​ជា​ប្រាសាទ​ឥដ្ឋ​លាយ ថ្មភក់ កសាង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ២ នា​ ស.វ. ទី​៩ ឧទ្ទិស​ដល់​ព្រះឥសូរ​ស្ថិត​នៅលើ​ភ្នំ​គូលែន​កម្ពស់​ ៣៧០ ​ម៉ែត្រ​ពី​នីវ៉ូទឹកសមុទ្រ និង​ ១៤ ​គីឡូម៉ែត្រ​ពី​ព្រះអង្គ​ធំ​។ ប្រាសាទ​នេះ​មាន​ចំនួន​ ២ ​គឺ​ឈ្មោះ​ប្រាសាទក្រហម​ ១ និង​ប្រាសាទ​ក្រហម​ ២​។

លោក​បន្តថា មុន​ការជួសជុល​ប្រាសាទ​ក្រហម​ ១ ​បាន​ប្រឈម​នឹង​ការបំផ្លាញ​ពី​ដើមឈើ និង​ឫស​ឈើ​ចាក់​ចូល​ទៅក្នុង​តួប្រាសាទ ជញ្ជាំង និង​ដំបូល​ធ្វើឲ្យ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​។ ម្យ៉ាងទៀត​ឥដ្ឋ​មួយចំនួន​ពុកផុយ​ដោយសារ​អាយុកាល និង​អាកាសធាតុ​បង្ក​ឲ្យ​រុក្ខជាតិ​ចាក់​ចូលទៅ​បំផ្លាញ​រចនាសម្ព័ន្ធ​ប្រាសាទ​។

កាលពី​សម័យ​មុន​មាន​ការលួច​ជីកកកាយ​រក​វត្ថុ​បុរាណ​នៅ​ផ្នែក​កណ្តាល​ប្រាសាទ​ធ្វើឲ្យ​ខូច​គ្រឹះឥដ្ឋ​សម្រាប់​ទ្រ​លិង្គ និង​យោនី​ដែល​ធ្វើឲ្យ​ធ្លាក់​រាយប៉ាយ​លើដី​ព្រមទាំង​មាន​ការបំផ្លាញ​ពី​សត្វកណ្តៀរ និង​ម្រោម​ដែល​ធ្វើ​សម្បុក​ក្នុង​ជញ្ជាំង​ឥដ្ឋ និង​ខឿន​ប្រាសាទ​ជាដើម​។

លោក ឮ ចាន់ណូរ៉ា បាន​បញ្ជាក់ថា​៖ «​កត្តា​ទាំងនេះ​ទើប​តម្រូវ​ឲ្យ​ជួសជុល​ជាបន្ទាន់ ដើម្បី​សង្គ្រោះ​ប្រាសាទ​ឲ្យ​បាន​ទាន់​ពេលវេលា​សម្រាប់​វិស័យ​ទេសចរណ៍​ និង​លើក​តម្លៃ​កេរដំណែល​ដូនតា​។ នៅ​ដំណាក់កាល​ទី​ ១ ​នេះ​យើង​បាន​ប្រើប្រាស់​ពេលវេលា​ចាប់ពី​ថ្ងៃទី​ ២០ ខែមករា រហូត​ដល់​ថ្ងៃទី​ ២០ ខែ​មេសា​ពោល​គឺ​រយៈពេល​ ៣ ​ខែ​ហើយ​»៕