ភ្នំពេញៈ បញ្ហាដីធ្លីនៅខេត្តកោះកុងនៅតែជាកង្វល់មួយ ស្របពេលដែលការតវ៉ានៅតែមានបន្តបន្ទាប់ ជាអ្វីដែលមន្ត្រីថាបង្កឡើងដោយសារមានការញុះញង់ពីមជ្ឈដ្ឋានខាងក្រៅ ខណៈការដោះស្រាយនៅសល់តិចតួច ប៉ុន្តែការលើកឡើងនេះត្រូវបានមន្ត្រីសង្គមស៊ីវិលច្រានចោល ដោយបានចាត់ទុកការតវ៉ាទាំងនោះថា ធ្វើឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។
តាមរបាយការណ៍សកម្មភាពលទ្ធផលការងារប្រចាំត្រីមាសទី២ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុង ដែលត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំនេះ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកោះកុងកាលពីម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញពីលទ្ធផល និងមូលហេតុមួយចំនួនដែលបង្កឲ្យមានការតវ៉ាទាក់ទងនឹងទំនាស់ដីធ្លីនៅក្នុងខេត្តជាប់សមុទ្រមួយនេះ។
របាយការណ៍បានលើកឡើងថា ក្នុងត្រីមាសទី២ ឆ្នាំ ២០១៩ នេះ រដ្ឋបាលខេត្តកោះកុងរក្សាបាននូវស្ថិរភាពសន្តិភាព សណ្តាប់ធ្នាប់សង្គមយ៉ាងល្អប្រសើរជូនពលរដ្ឋ ភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ហើយបានពុះពារជម្នះបញ្ហាប្រឈមជាច្រើនហើយថា ក្នុងរយៈពេល ៣ ខែ ពីខែ មេសា រហូតដល់ខែ មិថុនា មានការប្រមូលផ្តុំតវ៉ាចំនួន ៤៨ លើក ដែលពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន SEZ ក្រុមហ៊ុន UDG និងអង្គការសម្ព័ន្ធសព្វព្រៃ។
តាមរបាយការណ៍បានបញ្ជាក់ថា៖ «ការដោះស្រាយដីលំនៅឋាន និងដីចម្ការរបស់ពលរដ្ឋក្នុងស្រុកក្រុងចំនួន ៤ ដែលគ្របដណ្តប់ដោយអនុក្រឹត្យលេខ ៨០ ចុះថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃតាតៃ ពុំទាន់ដំណើរការបានតាមសំណើ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។ ការញុះញង់ពីមជ្ឈដ្ឋានខាងក្រៅឲ្យប្រជាពលរដ្ឋប្រមូលផ្តុំតវ៉ាដីធ្លីនៅតែមានជាបន្តបន្ទាប់ ដែលបង្កឲ្យមានអសន្តិសុខ និងអស្ថិរភាពនៅក្នុងខេត្ត និងមករាជធានីភ្នំពេញ»។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រុមការងារចុះជួយមូលដ្ឋាននៅទូទាំងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធបាននឹងកំពុងស៊ើបអង្កេត និងការដោះស្រាយចំពោះបញ្ហាដីធ្លីទាំងនោះ។
លោកបានបញ្ជាក់ថា៖ «កិច្ចការងារនេះ យើងកំពុងតែធ្វើហើយ វាច្បាស់ហើយកន្លែងដែលមានដីធំ វាមានអ្នកត្រូវការដីក៏វាមានច្រើនដែរ ដូច្នេះគេកំពុងតែធ្វើការងារនេះ។ យើងបានធ្វើការងារនេះជាបន្តបន្ទាប់ហើយ ទាំងសមត្ថកិច្ច និងអ្នកដែលមានតួនាទីទទួលខុសត្រូវដីធ្លីមានភារកិច្ចទទួលខុសត្រូវ និងចាត់ចែងឲ្យបានត្រឹមត្រូវ សមស្របទៅតាមច្បាប់ និងតម្រូវការរបស់ប្រជាជន»។
លោកបានបន្ថែមថា សមត្ថកិច្ចកំពុងស្រាវជ្រាវហ្មត់ចត់ទៅលើក្រុមមនុស្សខិលខូចមួយចំនួនដែលតែងបំផុសពលរដ្ឋឲ្យតវ៉ានៅខេត្តកោះកុង និងនៅរាជធានីភ្នំពេញ ដោយលោកបានចាត់ទុកមនុស្សទាំងនោះថា បានបង្កអសន្តិសុខ និងអស្ថិរភាពដល់ខេត្ត និងរាជធានីភ្នំពេញ។
លោកបានបន្ថែមថា៖ «យើងកំពុងសហការគ្នាដើម្បីពិនិត្យមើលអ្នកខ្លះឆ្លៀត បានដោះស្រាយនៅនឹងកន្លែងជាក់ស្តែងរួចទៅហើយ តែបែរជានាំគ្នាមកភ្នំពេញមកបង្ករឿងនៅភ្នំពេញ។ រឿងហ្នឹងដែលខ្ញុំបានផ្តល់អនុសាសន៍ឲ្យចាត់វិធានការតាមផ្លូវច្បាប់ បើមិនដូច្នេះទេ វានឹងបន្តបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។ ការងារនេះជាការងារចាំបាច់ដែលយើត្រូវតែធ្វើ»។
ចំណែកលោក សុខ សុទ្ធី អ្នកនាំពាក្យខេត្តកោះកុងបានថ្លែងថា បញ្ហាដីដែលបានបន្តកើតឡើងក្នុងខេត្តកោះកុងដោយសារទីតាំងខ្លះស្ថិតក្នុងតំបន់វិនិយោគដែលពលរដ្ឋមួយចំនួនបានទាមទារសំណងហួសហេតុធ្វើឲ្យលំបាកដោះស្រាយ ហើយករណីខ្លះដោយសារឡើងថ្លៃ និងមានការញុះញង់ពីអ្នកខាងក្រៅមួយចំនួន។
លោកបញ្ជាក់ថា៖ «ពួកគាត់រស់នៅលើតំបន់ឧទ្យាន ជាគោលនយោបាយយើងមិនបានដោះស្រាយជូនពួកគាត់ទេដោយគាត់គ្រាន់តែអ្នកមកទិញដីធ្លីដើម្បីលក់បានថ្លៃ។ រឿងមួយចំនួនទៀត ប្រជាពលរដ្ឋបានទទួលហើយ ប៉ុន្តែដោយសារតែទីផ្សារឡើងថ្លៃ និងមានការញុះញង់ពីបណ្តាអ្នកពាក់ព័ន្ធមួយចំនួនដូចជា អង្គការ និងកម្ដៅនយោបាយផង និងពួកមជ្ឈដ្ឋានអគតិអុកឡុកផងដែរ»។
ទោះបីយ៉ាងណា លោកបានបន្ថែមថា នៅមានករណីបញ្ហាដីធ្លីប្រមាណជា ១០ ទៅ ២០ ភាគរយ ដែលពុំទាន់បានដោះស្រាយនៅតំបន់វិនិយោគ និងតំបន់ផ្សេងៗក្នុងខេត្តកោះកុង ប៉ុន្តែក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធកំពុងបន្តដោះបញ្ហាដីធ្លីដែលនៅសេសសល់។
ក៏ប៉ុន្តែលោក មាន ព្រហ្មមុនី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុកខេត្តកោះកុងបានច្រានចោលការចោទប្រកាន់ដែលថា មានអង្គការ និងជនខិលខូចបំផុសពលរដ្ឋឲ្យតវ៉ាដោយចាត់ទុកការចោទប្រកាន់នេះថា គ្មានមូលដ្ឋានច្បាស់លាស់ ហើយអះអាងថាការតវ៉ាពលរដ្ឋនៅខេត្តកោះកុងធ្វើឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងបាតុកម្មដោយសន្តិវិធី។
លោកថា៖ «តាមពិតប្រជាពលរដ្ឋតវ៉ារឿងដីធ្លីដោយខ្លួនគាត់ គ្មានអ្នកណាញុះញុង់ទេ ដោយសារគាត់បានបាត់បង់ដីធ្លីពិតប្រាកដ។ ពួកយើងសង្គមស៊ីវិលយើងឃ្លាំមើលប្រជាពលរដ្ឋជួបជុំគ្នាតវ៉ា ហើយការតវ៉ារបស់ប្រជាពលរដ្ឋស្របទៅតាមច្បាប់ដែលចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់បាតុកម្មដោយសនិ្តវិធី។ គ្មាននរណានៅពីក្រោយទេ តែដោយសារប្រជាជនគាត់ឈឺចាប់ពីការបាត់បង់ដីធ្លី»៕