
ប្រជាសហគមន៍ជនជាតិដើមភាគតិចសួយក្នុងស្រុកឱរ៉ាល់ដែលមន្ត្រីថាទន្ទ្រានយកដីក្នុងតំបន់អភិរក្ស។ រូប សហការី
កំពង់ស្ពឺៈ អាជ្ញាធរ និង មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺអះអាងថា សកម្មភាពចូលទន្ទ្រានកាន់កាប់ដីក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ របស់ប្រជាសហគមន៍ជនជាតិដើមភាគតិច សួយ ក្នុងស្រុកឱរ៉ាល់ ក្នុងរយៈពេល ៣-៤ ថ្ងៃកន្លងមកនេះគឺជាអំពើល្មើសច្បាប់ហើយថាករណីនេះទំនងជាប់ពាក់ព័ន្ធនឹងក្រុមឈ្មួញដីទុច្ចរិតណាមួយ។
លោក ឯម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៣០ខែតុលានេះថា ប្រជាសហគមន៍ជនជាតិសួយជាង៣០០នាក់មកពីភូមិកោដូន្តី ភូមិពុទ្រា និងភូមិតានិល ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ បាននាំគ្នាទន្ទ្រានកាន់កាប់ដីក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលម្នាក់ៗទន្ទ្រានយកក្នុងទំហំ (៥ម x ១០០ម) និងបានបោះបង្គោលឈើកំណត់ព្រំប្រទល់គ្នាជាស្រេចផងដែរ ហើយលោកថាសកម្មភាពទាំងនោះកើតមាន ៤ ថ្ងៃមកហើយគិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៨ នេះ ។
លោក សុគន្ធ បានបន្តថា៖ «មន្ត្រីជំនាញយើងបានចុះហាមឃាត់ដោយបានពន្យល់ពួកគាត់ថា សកម្មភាពដែលពួកគាត់កំពុងប្រព្រឹត្តគឺជាអំពើល្មើសច្បាប់ ប៉ុន្តែពួកគាត់នៅតែមិនស្ដាប់ ហើយនៅតែបន្តសកម្មភាពបោះបង្គោលរំលោភទន្ទ្រានកាន់កាប់ដីរដ្ឋម្ដងហើយម្ដងទៀត។ សកម្មភាពនេះ យើងសង្ស័យថាពួកគាត់កំពុងត្រូវបានមេខ្យល់ឬជនទុច្ចរិតណាម្នាក់ប្រើប្រាស់ដើម្បីកេងចំណេញផលប្រយោជន៍អ្វីមួយ ហើយនៅពេលនេះកំពុងស្ថិតក្រោមការស្រាវជ្រាវដោយក្រុមមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋាន»។
ប៉ុន្តែ បើតាមលោក ឃឺនសំរិទ្ធ តំណាងប្រជាសហគមន៍ជនជាតិភាគតិចសួយភូមិកោដូន្តី ទីតាំងដីនោះ ដើមឡើយគឺជាផ្នែកមួយនៃដីសហគមន៍របស់ជនជាតិដើមភាគតិចសួយដែលត្រូវបានរាជរដ្ឋាភិបាលកាត់យកមកដាក់បញ្ចូលទៅក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុនកូស្មូសម្រាប់អភិវឌ្ឍតំបន់អេកូទេសចរណ៍ភ្នំទេរទឹកពុះ ប៉ុន្តែនៅឆ្នាំ២០១៥ក្រុមហ៊ុននេះក្ស័យធនក៏បានប្រគល់ដី និងគម្រោងទាំងអស់មករដ្ឋាភិបាលវិញ។
លោក សំរិទ្ធ បានបន្តថា៖«កន្លងមកថ្មីៗនេះ ដីក្នុងតំបន់អភិវឌ្ឍន៍ខាងលើនេះ ត្រូវបានគេឈូសឆាយជាបន្តបន្ទាប់ហើយនៅពេលពួកយើងសួរអាជ្ញាធរ ពិសេស ខាងមន្ត្រីបរិស្ថានដែលគ្រប់គ្រងនៅតំបន់នោះពួកគេឆ្លើយថាមិនដឹង ដូច្នេះពួកយើង បារម្ភខ្លាចគេឈូសឆាយនិងយកចំណែកដីរបស់សហគមន៍យើងទៅលក់ឲ្យក្រុមហ៊ុនឯកជន ហើយរាយការណ៍ថាពួកយើងជាអ្នកលក់។ ដូច្នេះ ដើម្បីការពារដីជាចំណែកមួយរបស់សហគមន៍យើងឲ្យបានគង់វង់ទៅថ្ងៃអនាគតប្រជាសហគមន៍ជនជាតិសួយយើងទាំងបីភូមិ បានឯកភាពគ្នាចូលទៅគ្រប់គ្រងដីនោះឡើងវិញ ប៉ុន្តែត្រូវបានរារាំងដោយមន្ត្រីបរិស្ថាន»។
លោក សំរិទ្ធ បានបន្តថា ចាស់ទុំក្នុងសហគមន៍របស់គាត់បានផ្ទុះការតវ៉ាដោយជំទាស់នឹងការអះអាងរបស់ក្រុមមន្ត្រីបរិស្ថានដែលថាចំណែកដីរបស់សហគមន៍ពួកគាត់ដែលរដ្ឋបានកាត់ដាក់បញ្ចូលក្នុងគម្រោងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ភ្នំទេរទឹកពុះ ជាដីអភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
តំណាងប្រជាសហគមន៍ជនជាតិភាគតិចសួយម្នាក់ទៀត គឺ អ្នកស្រី លឹម ហេង បានថ្លែងថា ពួកគាត់មិនជំទាស់ទេ ប្រសិនបើចំណែកដីរបស់សហគមន៍គាត់ដែលដាក់បញ្ជូលទៅក្នុងគម្រោងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ភ្នំទេរទឹកពុះនេះនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ប៉ុន្តែពួកគាត់បារម្ភខ្លាចគេយកទៅលក់ឲ្យក្រុមហ៊ុនឯកជនព្រោះដីព្រៃក្នុងតំបន់នោះត្រូវបានគេឈូឆាយវាលចង់អស់ហើយ តែមិនឃើញមានការអភិវឌ្ឍអ្វីជាដុំកំភួនទេ។
អ្នកស្រីបានថ្លែងថា៖«ដីដែលគេឈូសវាលនោះត្រូវបានគេដាំបង្គោលហើយយើងស៊ើបទៅអាជ្ញាធរមូលដ្ឋានមន្ត្រីខ្លះលួចប្រាប់ថាដីបោះបង្គោលនោះជារបស់ឧកញ៉ានេះឬឧកញ៉ានោះអស់ហើយតែមិនដឹកថាគេចង់វិនិយោគអ្វីនោះទេ»។
ជុំវិញករណីនេះ លោក មួង ភី អភិបាលស្រុកឱរ៉ាល់ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាដីនោះ ការពិតជាដីតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំ ឱរ៉ាល់ មិនមែនជាដីសហគមន៍នោះទេ ហើយផ្ទៃដីសរុបរបស់សហគមន៍នេះ មានទំហំ ៣០៨៥,៦៨ ហិកតា និង ត្រូវបានចុះបញ្ជីរួមជាលក្ខណៈប្រព័ន្ធរួចហើយ។
លោកបានបញ្ជាក់ថា៖«យើងសង្ស័យករណីរំលោភទន្ទ្រានកាន់កាប់ដីក្នុងតំបន់ដែនជម្រកសត្វខាងលើនេះមានជាប់ពាក់ព័ន្ធនឹងជំនួញដីធ្លី ខណៈអ្នកភូមិផ្សេងទៀត គេចុះបញ្ជីកាន់កាប់ដីធ្លីជាឯកជន តាមលក្ខណៈជាប្រព័ន្ធ អាចលក់ដូរបាន ប៉ុន្តែប្រជាសហគមន៍ជនជាតិសួយទាំងបីភូមិខាងលើនេះមិនមានគ្រួសារណាមួយមានសិទ្ធិលក់ដូរដីរបស់ខ្លួនបានទេព្រោះដីទាំងនោះបានចុះបញ្ជីជារួមសម្រាប់សហគមន៍ទាំងបីភូមិ»៕