ភ្នំពេញៈ ស្ថាន​ទូត​មួយចំនួន និង​អ្នករាយការណ៍ពិសេសស្ដីពីអ្នកការពារសិទ្ធិមនុស្សរបស់ UN បានបង្ហាញ​ក្តីកង្វល់​ចំពោះ​ការកាត់ទោស​ដាក់ពន្ធនាគា​រលើ​សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ​នៅ​កម្ពុជាដោយ​ទទូច​ឲ្យ​មានការ​ដោះលែង​ពួកគេឲ្យ​មាន​សេរីភាព ខណៈ​មន្ត្រី​ក្រសួងយុត្តិធម៌យល់ថា ការទាមទារ​នេះ គឺ​មិនមាន​ឥ​ទ្ធិពល​អ្វី​តាមផ្លូវ​ច្បាប់​នោះទេ។

កាលពី​ថ្ងៃទី ៥ ឧសភា​ សមាជិក ៣ រូប ​នៃ​អង្គការ​មាតា​ធម្មជាតិ​កញ្ញា ឡុង គ​ន្ធា, កញ្ញា ភួ​ន កែវ​រស្មី និង​លោក ថុ​ន រដ្ឋា ត្រូវបាន​តុលាការ​ប្រកាស​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី ១៨ ខែទៅ ២០ ខែ និង​ពិន័យ​ជា​ប្រាក់ចំនួន ៤ លាន​រៀល ដោ​​យ​ចោទពីបទ​ញុះញង់​ និង​សម​គំនិត​ទាក់ទង​នឹង​បញ្ហា​បរិ​ស្ថាន។

ពួកគេ​ទាំង ៣ រូប ត្រូវបាន​ដាក់ឲ្យស្ថិតក្រោម​ការឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ចាប់តាំងពី​ពេលដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ពួកគេ​កាលពីដើម​ខែកញ្ញា ឆ្នាំ ២០២០ បន្ទាប់ពី​ពួកគេ​គ្រោង​រៀបចំ​ការដើរ​ក្បួន​ពី​វត្តភ្នំ​ឆ្ពោះទៅកាន់​គេហដ្ឋាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នៅជិតវិមានឯករាជ្យដើម្បី​បង្ហាញ​ពី​កង្វល់​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ និង​ការចាក់​ដីលុប​យ៉ាង​ឆាប់រហ័ស​នៃ​បឹង​តា​មោក។

បន្ទាប់ពី​សេចក្តីសម្រេច​បានប្រកាស លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បានបង្ហាញ​ក្តីកង្វល់​យ៉ាងខ្លាំង​ចំពោះ​ការកាត់ទោស​ដាក់ពន្ធនាគា​រលើ​សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ​នៅ​កម្ពុជាដែល​បានធ្វើ​សកម្មភាព​ប្រកបដោយ​សន្តិវិធី​នេះ។

លោកបញ្ជាក់ថា៖ «ការនិយាយ​ដើម្បី​ការពារ​បរិស្ថាន​របស់​ប្រទេស​កម្ពុជា ដែល​រង​ការ​គំរាមកំហែង​ដោយ​ការកាប់ និង​ការធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់ គឺជា​រឿង​គួរ​ឲ្យ​កោតសរសើរ។ យើង​សូម​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​ពួកគេ ដើម្បី​ឲ្យ​គ្រប់គ្នា​អាច​ស្តាប់ឮសារ​របស់​ពួកគេក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ»។

ជាមួយគ្នានេះដែរ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Pablo Kang ក៏បាន​សរសេរ​នៅក្នុង​បណ្ដាញ​សង្គម​ធ្វី​ធើរ​របស់លោកកាលពី​ថ្ងៃ​ពុធ​ដែរ​ថា សកម្មភាព​របស់​សកម្ម​ជន​មាតា​ធម្មជាតិ​ទាំងនោះ គឺ​គ្រាន់តែ​ជាការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្សតែប៉ុណ្ណោះ ដែល​វា​មិនមែន​ជាការ​ញុះញង់​នោះទេ។

លោកបញ្ជាក់ថា៖ «កាលពី​ឆ្នាំមុន​ខ្ញុំ​បាន​អង្គុយ​ជាមួយ​ក្រុមគ្រួសារ​ជិតស្និទ្ធ​របស់​សមាជិកមាតា​ធម្មជាតិទាំង ៣ នាក់ ដែល​ត្រូវបាន​គេ​ឃុំឃាំង​ដោយសារ​សកម្មភាពការពារ​បរិស្ថាន​របស់​ពួកគេ។ ថ្ងៃនេះ​ពួកគេ​បានទទួល​ទោស​ជាប់ពន្ធនាគារ។ និយាយ​លើ​ប្រធានបទ​រសើប​ទាំងនេះតាមរបៀប​អហិង្សា គឺជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្សដែល​មិនមែន​ការ​ញុះញង់​ទេ»។

លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌បាន​ចាត់ទុកថា ការបញ្ចេញ​ទស្សនៈ​របស់​ឯកអគ្គរ​ដ្ឋ​ទូត​ទាំងនេះ គ្រាន់​ជា​រឿង​ធម្មតា ព្រោះនេះ​គ្រាន់​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​ពួកលោក​តែប៉ុណ្ណោះ។ លោក ម៉ា​លីន បាន​និយាយថា​ក្នុងករណី​ដែល​ចង់​ឲ្យ​ជនជាប់ចោទ​មាន​សេរីភាព គួរតែ​ស្វែងរក​នីតិវិធី​តាមផ្លូវ​ច្បាប់ ដើម្បី​ដោះ​បន្ទុក និង​តតាំង​តាមផ្លូវ​តុលាការ។

លោក​បញ្ជាក់ថា៖ «មនុស្សម្នាក់ៗអាចមាន​ទស្សនៈផ្សេងៗគ្នាផ្អែកលើ​និន្នាការ​នយោបាយផ្សេងៗគ្នា។ ក៏ប៉ុន្តែ​ប្រហែលជា​ទស្សនៈនេះ មិនមាន​ឥ​ទ្ធិពល​អ្វី​មកលើ​ប្រព័ន្ធតុលាការ​កម្ពុជា ដែលជា​ស្ថាប័ន​ឯករាជ្យ​នោះទេ គឺ​មានតែ​ការចូលរួម​តាម​នីតិវិធីតុលាការ ធ្វើការ​ប្តឹង​ទាស់ និង​ប្តឹង​ឧទ្ធរណ៍ ដើម្បី​បង្ហាញ​សក្ខីកម្ម​ផ្លូវច្បាប់​រឹងមាំ សម្រាប់​ការពារ​ខ្លួន នោះ​ទើប​ជាម​ធ្យោ​បាយ​ដែល​អាចជួយ​គាត់​បាន»។

លោកស្រី Mary Lawlor អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​អ្នកការពារ​សិទ្ធិមនុស្សបាន​លើកឡើងថា ពួកគេ​ត្រូវបាន​ជាប់ពន្ធនាគារ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ ២០២០ ដោយ​គ្រាន់តែ​ចូលរួម​ការពារ​បឹង​ធម្មជាតិ​តា​មោក។

លោកស្រីថ្លែងថា៖ «ខ្ញុំ​ពិតជា​សោកសៅដែល​បានទទួល​ដំណឹង​ថា អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន ៣ នាក់ ​មកពី​អង្គការ​មាតា​ធម្មជាតិត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៨ ខែទៅ ២០ ខែ។ ខ្ញុំ​មិនគួរ​និយាយ​រឿងនេះ​ទេតែ​ថា​ការការពារ​បរិស្ថាន​ដោយ​សន្តិភាព គឺ​មិនមែនជា​បទឧក្រិដ្ឋ​នោះទេ»។

សូមជម្រាបថា សកម្មជន​បរិស្ថាន កញ្ញា ឡុង គ​ន្ធា មាន​អាយុ ២២ ឆ្នាំ និង​កញ្ញា ភួ​ន កែវ​រស្មី មាន​អាយុ ១៩ ឆ្នាំ ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ ១៨ ខែពីបទ «ញុះញង់​បង្កឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម» តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌនិង​ពិន័យ​ជា​ប្រាក់ម្នាក់ៗចំនួន ៤ លាន​រៀល ឬ​ប្រមាណ ១ ពាន់​ដុល្លារ។ ចំណែក​លោក ថុ​ន រដ្ឋា អាយុ ២៩ ឆ្នាំ ត្រូវបាន​ផ្ដន្ទាទោស​ក្រោម​បទ​ចោទ​ដូចគ្នា ដោយ​ដាក់ពន្ធនាគារ រយៈពេល ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល៕