ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា អាណាព្យាបាល​នៅ​កម្ពុជា​មាន​ការ​យល់​ដឹង​ពី​បញ្ហា​អូទីស្សឹម (autism) [អ្នក​មាន​អាការ​ខុស​ប្រក្រតី] ច្រើន​ជាង​មុន​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​បញ្ជូន​កូនៗ​ដែល​មាន​អាការ​បែប​នេះ មក​សាលា​រៀន​ទាន់​ពេល​វេលា ខណៈ​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ខ្វះខាត​ធនធាន​មនុស្ស នៅ​ពេល​គ្រូ​បង្រៀន​ជំនាញ​នេះ មាន​តិចតួច​បំផុត។

កាលពី​ម្សិលមិញ មន្ត្រី​រដ្ឋា​ភិបាល អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​អូ​ទី​ស្សឹម និង​អាណា​ព្យាបាល រួម​ទាំង​កុមារ​មាន​បញ្ហា​អូទីស្សឹម​ជិត ១០០ នាក់ បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ​នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ ២ រាជធានី​ភ្នំពេញ​ស្តី​ពី​អនុសាសន៍​នានា​លើ​គោល​នយោបាយ និង​ការ​ប្រមូល​ទិន្នន័យ​ដល់​ជន​ដែល​មាន​អូទីស្សឹម​លើក​ដំបូង​សម្រាប់​កម្ពុជា ដើម្បី​រៀបចំ​ទិវា​អូទីស្សឹម​នៅ​ក្រោម​គម្រោង​អាស៊ាន។

លោក ឯម ច័ន្ទ​មករា អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋា​ន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ​នៃ​ក្រសួង​សង្គមកិច្ច​បាន​ថ្លែង​ថា ការ​យល់​ដឹង​ជុំវិញ​បញ្ហា​អូទីស្សឹម​លើ​កុមារ​ក្នុង​ពេល​ចុង​ក្រោយ​នេះ​មាន​ការ​កើន​ឡើង ព្រោះ​តែ​អាណា​ព្យាបាល​បាន​បញ្ជូន​កូនៗ​របស់​ពួកគាត់​ដែល​មាន​បញ្ហា​អូទីស្សឹម​មក​ទទួល​ការ​អប់រំ​ថ្នាក់​ពិសេស និង​ស្វែងរក​សេវា​គាំទ្រ​ផ្នែក​វិជ្ជាជីវៈ​ផ្សេងៗ។

លោក​បន្តថា ជាក់ស្តែង​ក្នុង​ឆ្នាំ​សិក្សា ២០១៧-២០១៨ កុមារ និង​យុវជន​មាន​ពិការ​ភាព​នៅ​កម្ពុជា​ប្រមាណ​ជិត ៥ ម៉ឺន ៥ ពាន់​នាក់​ក្នុង​នោះ​ស្រី​មាន​ប្រមាណ​ជាង ២ ម៉ឺន ២ ពាន់​នាក់​ទទួល​បាន​ការ​អប់រំ និង​បាន​ចូលរៀន​នៅ​សាលា ហើយ​បើ​ទោះ​ជា​គ្មាន​តួលេខ​ច្បាស់​ពី​កុមារ​អូទីស្សឹម​ក្ដី តែ​លោក​អាច​ប៉ាន់​ស្មាន​ថា ក្នុងចំណោម​ជន​មាន​ពិការ​ភាព​ទាំង​នោះ គឺ​ប្រមាណ ៥០០០ នាក់ មាន​បញ្ហា​អូទីស្សឹម។

លោក​បញ្ជាក់ថា៖ «យើង​នឹង​សហការ​បន្តទៀត​ជាមួយ​សង្គម​ស៊ីវិល​ដើម្បី​ទ្រទ្រង់​វិស័យ​នេះ​តាមរយៈ​ការ​បង្កើត​ថ្នាក់​អប់រំ​ពិសេស​ដែល​មាន​កម្មវិធី​សិក្សា​ក្នុងការ​បណ្តុះ​បណ្តាល​កុមារ​អូទីស្សឹម​ឲ្យ​ទទួល​បាន​នូវ​វិជ្ជា​សម្បទា បំណិន​សម្បទា និង​ចរិយា​សម្បទា​ពេញ​លេញ​ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​សមាជិក​សកម្ម​និង​អាច​រស់​នៅ​ក្នុង​សង្គម​ដោយ​គ្មាន​ការ​រើស​អើង»។

អ្នកជំនាញ​និយាយថា អូ​ទីស្សឹម​គឺជា​អាការ​មួយ​ដែល​ធ្វើ​ឲ្យ​ខួរក្បាល​ដំណើរការ និង​វិវឌ្ឍ​ខុស​ប្រក្រតី។ អ្នក​កើត​បញ្ហា​នេះ​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ទាំង​ការ​និយាយ ទាំង​កាយ​វិការ ចរិត​ឫកពា​មាន​ភាព​ខុស​ប្លែក​ពី​មនុស្ស​ធម្មតា។ ភាគ​ច្រើន​រោគ​សញ្ញា​នៃ​បញ្ហា​អូទីស្សឹម​អាច​បង្ហាញ​ចេញ​មក​ក្នុង​អាយុ​ចន្លោះ​ចាប់​ពី ២-៣ ឆ្នាំ តាមរយៈ​រោគ​សញ្ញា​មួយ​ចំនួន ដូចជា ចូលចិត្ត​ធ្វើ​កាយវិការ​ក្តាប់​លាដៃ ដើរ​ប្រើ​ចុង​ម្រាម​ជើង យក​ក្បាល​ទៅ​បោក​ទង្គិច​នឹង​វត្ថុ​ដែល​នៅ​ជិត​ខ្លួន រឹង​រូស ទាមទារ និង​ស្រែក​យំ​ខ្លាំងៗ ចូលចិត្ត​លេង​ចាក់​ទឹកទៅ​មកៗ អារម្មណ៍​ឆាប់​ប្រែប្រួល ខឹង​ឆេវឆាវ​ច្រើន រួម​នឹងមិន​ឆ្លើយ​តប និង​មិនចេះ​សម្លឹង​មើល​ភ្នែក​អ្នក​ណា​ហើយ​និង​មិន​សូវ​និយាយ​ឬ​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ជាដើម។

បើតាម​អ្នកជំនាញ ជាទូទៅ​កុមារ​ដែលមាន​បញ្ហា​អូ​ទី​ស្សឹម​គឺ​ត្រូវការ​មាន​អ្នក​មើលថែ​ដល់​ទៅ ២ នាក់ ខណៈ​មាន​ពិការ​ភាព​ពុំ​ចាំបាច់​មាន​អ្នក​មើល​ថែ​ទេ។

លោក ចាន់ សារិន ប្រធាន​ដឹកនាំ​បណ្តាញ​ជនពិការ​ខ្សោយសតិ​បញ្ញា និង​អូទីស្សឹម និង​ជា​ប្រធាន​អង្គការ​ជំនួយ​នៃ​ក្តីសង្ឃឹម​សម្រាប់​សហគមន៍ (CIDAN) បាន​ថ្លែង​ថា កុមារ​អូទីស្សឹម​ជា​ជន​ដែល​ងាយ​រង​គ្រោះ​បំផុត​បើ​ប្រៀប​ធៀប​នឹង​ជនពិការ ដូចជា ពិការ​ដៃ ជើង គ​ថ្លង់ និង​ពិការ​ភ្នែក​ជាដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អូទីស្សឹម​ត្រូវបាន​សហគមន៍​រើសអើង​តាម​គ្រប់​រូបភាព​ផ្សេងៗ​ហើយ​កត្តា​នេះ​បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​កុមារ​ធ្លាក់​ទឹកចិត្ត ព្រមទាំង​បាត់បង់​សំឡេង​ក្នង​ការ​ចូលរួម​សកម្មភាព​សង្គម។

យ៉ាងណា លោក​ឲ្យ​ដឹងថា រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ ការ​យល់​ដឹង​ពី​អូទិស្សឹម​មាន​ការ​កើន​ឡើង បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​បាន​ទូលំ​ទូលាយ ហើយ​ការ​បញ្ជូន​កុមារ​ដែល​មាន​បញ្ហា​មក​សាលា​រៀន​អប់រំ​ថ្នាក់​ពិសេស​មាន​ការ​កើន​ឡើង​ដែល​នាំ​ឲ្យ​ធនធាន​វិស័យ​នេះ ជួប​ប្រទះ​នូវ​ការ​ខ្វះខាត។

លោក​បញ្ជាក់ថា៖ «តាម​អង្គការ​ធ្វើការ​លើ​បញ្ហា​អូ​ទី​ស្សឹម​នេះ​គឺមាន​ជាង ១០ តែ​មាន​អង្គការ ២ ទៅ ៣ ប៉ុណ្ណោះ ដែល​សកម្ម​លើ​បញ្ហា​នេះ។​ចំណែក​បញ្ហា​ធនធាន​មនុស្ស​វិញ ក៏​នៅ​ខ្វះខាត​ដែរ ព្រោះ​គ្រូ​ដែល​បាន​សិក្សា​ពី​បញ្ហា​នេះ នៅ​មាន​ចំនួន​តិច»។

បើតាម​លោក សារិន អង្គការ​របស់​លោកមា​ន​កុមារ​អូ​ទី​ស្សឹម​ប្រមាណ ២០០ នាក់​ហើយ ដែល​ត្រូវ​បាន​អាណា​ព្យាបាល​បញ្ជូន​មក​សាលា​រៀន​នៅ​អង្គការ​របស់​លោក ហើយ​ក៏មាន​កុមារ​អូទីស្សឹម​ជាច្រើន​ទៀត​កំពុង​ស្វែងរក​សេវា​អប់រំ​នេះ តែ​ដោយសារ​ការ​ខ្វះខាត​ធនធាន​ទើប​អង្គការ​លោក​មិន​អាច​ទទួល​កុមារ​អូទីស្សឹម​បន្ថែម​ទៀត។ ដូចនេះ ភាគី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​គួរ​ចូលរួម​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ធនធាន​មនុស្ស និង​ថវិកា។

លោក ស្តើង ចិន្តា អាណាព្យាបាល​កុមារ​អូ​ទី​ស្សឹម ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​មិន​ទាន់​យល់​បញ្ហា​នេះ លោក​តែង​បារម្ភ​ពី​អាការ​កូន​ពី ១ ថ្ងៃ​ទៅ ១ ថ្ងៃ ដោយសារ​ភាព​ខុស​ប្លែក​ពី​ក្មេង​ដទៃ តែ​ក្រោយ​ទទួល​បាន​ប្រឹក្សា​និង​ដឹងថា កូន​មាន​បញ្ហា​អូទីស្សឹម​នេះ​លោក​ក៏បាន​ព្យាយាម​បញ្ជូន​ទៅ​កាន់​សាលា​ជំនាញ។ លោក​ថា ពេល​នេះ​កូន​លោក​មាន​អាការ​ប្រក្រតី​ច្រើន ក្រោយពី​​ទទួល​បាន​ការ​អប់រំ​ពី​អ្នក​មាន​ជំនាញ​ផ្នែក​នេះ។

លោក​បញ្ជាក់ថា៖ «វា​ថ្មី សម្រាប់​អាណាព្យាបាល​ដូច​ពួក​ខ្ញុំ ដូច្នេះ​សុំ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ហើយ​ក៏​រំពឹង​ថា នឹង​មាន​សាលា​សម្រាប់​ក្មេងៗ​ប្រភេទ​នេះ​កាន់​តែ​ច្រើន ដើម្បី​ជួយ​អប់រំ​ពួកគេ​ដែរ។ ព្រោះ​កាល​ពី​ខ្ញុំ​មិន​ទាន់​ដឹង ខ្ញុំ​បាន​បញ្ជូន​គេ​ទៅ​សាលា​ធម្មតា តែមាន​បញ្ហា​ជាច្រើន​សម្រាប់​ក្មេង​ដោយសារ​សាលា​ធម្មតា​មិន​យល់​ពី​បញ្ហា​នេះ»៕