ភ្នំពេញៈ ប្រតិកម្មតប​នឹង​ការរិះគន់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា កងកម្លាំង​ប្រដាប់​អាវុធ​យក​ពេលវេលា​ទៅ​ចូលរួម​ជួយ​ធ្វើ​យុទ្ធនាការ​រក​សំឡេងឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​មុន​ពេល និង​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​ការ​រំលោភ​ច្បាប់​កម្ពុជា​នោះ​មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​នេះ​ចាត់​ទុក​អ្នក​រិះគន់​បែប​នេះ​ជា​អ្នក​ដែល​មិន​យល់​ពី​ច្បាប់​របស់​កម្ពុជា​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច​លោក​ សុខ ឥសាន និង​អ្នក​នាំពាក្យ​នគរបាល​ជាតិ​លោក​ គៀត ច័ន្ទថារិទ្ធ បាន​ថ្លែង​ការពារ​ប្រហាក់​ប្រហែល​គ្នា​ចំពោះ​កងកម្លាំង​ប្រដាប់អាវុធ​មានដូចជា យោធា កងរាជ​អាវុធហត្ថ និង​នគរបាលជាតិ​ដែល​ត្រូវ​បាន​ចោទ​ថា យក​ពេលវេលា​ទៅ​ជួយ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ក៏​ដូចជា​ជួយ​រក​សំឡេងឆ្នោត​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

មន្ត្រី​អ្នក​នាំពាក្យ​ទាំង​ ២ ​រូប​អះអាង​ស្រដៀង​គ្នា​ថា កងកម្លាំង​ប្រដាប់អាវុធ មិន​បាន​អនុញ្ញាត​ឲ្យ​យក​ពេលវេលា​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច​ក្នុង​ម៉ោង​ការងារ​របស់​ពួកគេ​ទេ ហើយ​ច្បាប់​ក៏​មិន​បាន​ហាម​កងកម្លាំង​ប្រដាប់អាវុធ​ពី​ការចូលរួម​សិទ្ធិ​នយោបាយ​ដែរ​។

លោក ឥសាន ថ្លែង​ថា​៖ «​អ្នក​ដែល​អួតខ្លួន​ថា Human Rights Watch គាត់​អត់​ស្គាល់​ច្បាប់​កម្ពុជា​ផង​ហើយ​មក​និយាយ​ទាំង​បំពាន​។ យើង​មិន​ចាប់​អារម្មណ៍​ទេ ពីព្រោះ​ការ​ដែល​ទិតៀន និង​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​ក៏ដូចជា​គណបក្ស​កាន់​អំណាច​ដោយសារ​វាយប្រហារ​ទាំង​ខុសច្បាប់ ដូច្នេះ​ហើយ​យើង​យល់​ថា​ប្រជាពលរដ្ឋ​មើល​ឃើញ​ហើយ​អ្នកណា​ជេរ​គេ អ្នកណា​វាយប្រហារ​គេ​ដោយ​បំពាន ហើយ​ខ្ញុំ​យល់​ថា​មិន​អាច​មាន​ឥទ្ធិពល​ដល់​ជំនឿ​របស់​ប្រជាពលរដ្ឋ​ទេ​»​។

លោក​ គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ថា​៖ «​មន្ត្រីរាជការ​យល់​ច្បាប់ទម្លាប់ គេ​មិន​ចេះ​តែ​ធ្វើ​ទេ គេ​ធ្វើ​នៅ​ក្រៅ​ពេល​បំពេញភារកិច្ច​។ ទី​ ២ គេ​សុំច្បាប់​ពី​អង្គភាព ដូច្នេះ​មិន​មាន​អ្វី​ខុស​នោះ​ទេ ហើយ​គេ​មិន​យក​ឯកសណ្ឋាន​កងទ័ព ឬ​នគរបាល​យក​ទៅ​ពាក់​ដើរ​ទៅ​ឃោសនា​ទេ​»​។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ពី​ម្សិលមិញ​អះអាង​ថា កងកម្លាំង​ប្រដាប់អាវុធ​កំពុង​សកម្ម​ក្នុង​ការ​ចូលរួម​ជួយ​រក​សំឡេងឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​អំឡុង​មុន និង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​និង​កំពុង​ចាប់ផ្តើម​ដែល​ទង្វើ​បែប​នេះ​គឺជា​ការរំលោភ​ច្បាប់​កម្ពុជា​ដែល​តម្រូវ​ឲ្យ​ពួកគេ​រក្សា​ជំហរ​នៅ​ជា​ភាព​អព្យាក្រឹត​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ពី​ម្សិលមិញ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Human Rights Watch) ដ៏ល្បី​មួយ​នេះ​ដែល​មាន​ស្នាក់ការ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​ក៏​បាន​រកឃើញ​ថា​សមាជិក​ជាន់ខ្ពស់​នៃ​កងកម្លាំង​សន្តិសុខ​បាន​បង្ហាញ​នូវ​ភាពលម្អៀង​ទៅ​រក​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅឯ​កន្លែង​ជួបជុំ​ជា​សាធារណៈ​នានា និង​ព្រឹត្តិការណ៍​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

មាត្រា​ ៩ ​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​នៃ​មន្ត្រី​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ​ចែង​ថា​ «​មន្ត្រី​យោធា​ត្រូវ​នៅ​អព្យាក្រឹត​ក្នុង​តួនាទី និង​សកម្មភាព​របស់​ខ្លួន​ហើយ​ការប្រើ​តួនាទី​ ឬ​មុខងារ និង​សម្ភារ​របស់​រដ្ឋ សម្រាប់​សកម្មភាព​នយោបាយ​ណា​មួយ​ត្រូវ​បាន​ហាមឃាត់​»​។

លោក​ ប្រេដ អាដាម នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​អាស៊ី ថ្លែង​ថា​៖ «​ដើម្បី​ឈ្នះ​ការបោះឆ្នោត​បោក​បញ្ឆោត វា​មិន​គ្រប់គ្រាន់​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច​ដើម្បី​ហាម​បក្សប្រឆាំង [​បក្ស​កាន់​អំណាច​] ត្រួតត្រា​លើ​ស្ថាប័ន​បោះឆ្នោត​ទាំងអស់ និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៀត​»​។

លោក​ថា​៖ «​កាន់តែ​ច្បាស់​ទៀត​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​គិត​ថា​ខ្លួន​ក៏​ត្រូវ​ការ​ផង​ដែរ ដើម្បី​ដាក់ពង្រាយ​ឧត្តមសេនីយ៍​ដ៏គួរ​ឲ្យ​ខ្លាច​មួយ​ចំនួន​របស់​ប្រទេស​នេះ ដើម្បី​ធ្វើ​យុទ្ធនាការ និង​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​»​។

កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា​ក្នុង​បរិយាកាស​មួយ​ដែល​អតីត​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​ប្រធាន​គណបក្ស​នេះ លោក​ កឹម សុខា ត្រូវ​បាន​ចាប់​ដាក់គុក និង​ស្ថាបនិក​គណបក្ស​លោក​ សម រង្ស៊ី បាន​និរទេស​ខ្លួន​ដោយ​បង្ខំ​។

អង្គការ​មួយ​នេះ​ក៏​បាន​បង្ហាញ​អំពី​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​ចាប់​តាំងពី​យុទ្ធនាការ​ផ្លូវការ​ចាប់ផ្តើម​ថ្ងៃទី​ ៧ ខែ​កក្កដា ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី​កងទ័ព​កម្ពុជា​បាន​ធ្វើ​យុទ្ធនាការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ប្រាប់​អ្នកចូលរួម​កាលពី​ថ្ងៃទី​ ៨ កក្កដា នៅឯ​វត្ត​មួយ​ក្នុង​ខេត្ត​កណ្តាល​ថា​ «​ក្នុង​ការ​ដឹកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រទេស​របស់​យើង​បាន​អភិវឌ្ឍ គ្រប់កន្លែង​ក្នុង​ប្រទេស​មាន​ផ្លូវ ស្ពាន ប្រឡាយ សាលារៀន មន្ទីរពេទ្យ​។​ល​។​»​។

ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែល​ថ្មីៗ​នេះ​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ដោយ​សហរដ្ឋអាមេរិក​បាន​និយាយ​ទៅ​កាន់​គ្រូបង្រៀន​ប្រមាណ​ ១០០០ ​នាក់ នៅឯ​ការជួបជុំ​មួយ​កាលពី​ថ្ងៃទី​ ៨ ខែ​កក្កដា​ថា​៖ «​ការអភិវឌ្ឍ និង​សន្តិភាព​របស់​ជាតិ​ទាំង​មូល​ទូទាំង​ប្រទេស​ក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច តេជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​» ​ហើយ​បាន​អំពាវនាវ​ឲ្យ​អ្នក​ទាំង​នោះ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​ក៏​បាន​បង្ហាញ​ពី​របាយការណ៍ ដែល​ទទួល​បាន​ពី​សមាជិក​ជាន់ខ្ពស់​នៃ​កម្លាំង​សន្តិសុខ​ដែល​ធ្វើ​យុទ្ធនាការ​ឲ្យ​លោក​ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​មុន​យុទ្ធនាការ​ផ្លូវការ​ចាប់ផ្តើម​ថ្ងៃទី​ ៧ ខែ​កក្កដា​ដែល​ថា​នេះ​ជា​ការ​រំលោភ​ច្បាប់​កម្ពុជា​។

លោក សម គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា និចហ្វិក បាន​ថ្លែង​ថា​ «​ការលើកឡើង​របស់​ Human rights watch គឺ​ត្រឹមត្រូវ​ដោយសារ​តែ​នៅ​បាត់ដំបង និង​កន្លែង​ផ្សេងៗ​ទៀត​មាន​រដ្ឋមន្ត្រី​ប្រាប់​យោធា​ និង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ការពិត​នៅពេល​ដែល​គាត់​លើកឡើង​បែប​ហ្នឹង​ជា​សាធារណៈ​វា​ខុស​ក្រម​សីលធម៌​ និង​ច្បាប់​ដោយសារ​កងកម្លាំង​ប្រដាប់​អាវុធ​ជា​មនុស្ស​អព្យាក្រឹត​។ គជប ត្រូវ​ចេញ​លិខិត​ព្រមាន និង​ស្តីបន្ទោស​៕