ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា ​ការ​លើក​ពេល​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រនេះ​គឺ​មិនមែន​មក​ពីបញ្ហា​សុខភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នោះ​ទេ ​ដោយសារ​មិនទាន់មាន​សេចក្តី​ព្រាង​ច្បាប់ ​ឬ​មិនទាន់​មាន​របៀប​វារៈ​កិច្ច​ប្រជុំ​ ខណៈ​ដែល​លោក​ ហ៊ុន សែន ​ក៏​ប្រកាសថា ​លោក​ជួប​ប្រជុំ​ជាមួយ​មន្ត្រីមូល​និធិ​អន្តរ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​នៅទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃនេះ។

លោក​ ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​អ្នក​កាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ “ព័ត៌មាន​ក្លែងក្លាយ​ អន្ដ​រាយ​ដល់​សន្ដិសុខ​ជាតិ” ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្រ្ដីពី​ម្សិលមិញ​ថា​ ការ​អាក់ខាន​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នេះ​គឺ​ដោយសារមិន​ទាន់​មាន​សេច​ក្តី​ព្រាងច្បាប់​ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​ ឬមិន​ទាន់​មាន​របៀប​វារៈ​គ្រប់គ្រាន់​។ លោកថា ​ការលើក​ពេលនេះ​ក៏​ពាក់ព័ន្ធ​នឹង គោលនយោបាយ​ថ្មី​របស់​លោក​ ហ៊ុន សែន ​ដែល​តម្រូវ​ឱ្យ​រដ្ឋមន្ត្រី​ និង​មន្ត្រី​ជំនាញ​ចុះ​មូលដ្ឋាន។

លោក​ ផៃ ស៊ីផាន ​ថ្លែងថា​៖ «​ឧទាហរណ៍​ជាក់ស្តែង ​យើង​ឃើញ​​ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​លោក ​[ស៊ុន ចាន់ថុល] ​បាន​ចុះ​ជិះកង់​ទៅដល់​មូលដ្ឋាន​នៃ​ឯក​​ទេស​របស់​លោក។​ ទៅមើល ​(ការ) ​វាយតម្លៃ​ផ្លូវថ្នល់ ​ក៏ដូចជា​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​លោក [វេង សាខុន] ​ក៏បានអញ្ជើញ​ចុះ​វាយ​តម្លៃពី​រឿង​ភាព​រីងស្ងួត​ ហើយ​ក៏ដូចជា​រដ្ឋមន្ត្រី​មួយ​ចំនួន​កំពុង​បំពេញ​ភារកិច្ច»។

លោក​ ស៊ីផាន ​បន្ថែមថា​ ក្នុង​គោល​នយោបាយ​ថ្មីអំពី​ការ​ធ្វើ​វិមជ្ឈការ ​រដ្ឋមន្ត្រី​រៀងៗ​ខ្លួន​មាន​ភារកិច្ច​បើក​កិច្ច​ប្រជុំ​អន្តរក្រសួង​ក្នុងការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​ដាក់​មក​ឱ្យ​គណៈ​រដ្ឋមន្ត្រី​ធ្វើ​ការ​ពិនិត្យ​មើល។

លោកអះអាងថា​ សុខភាព​របស់​លោក​ ហ៊ុន សែន ​នៅប្រក្រតី​ជាធម្មតា ​មិន​ដូច​អ្វី​ដែល​ជា​ការ​វាយតម្លៃ​អាក្រក់​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​នោះ​ទេ។ លោក​ថា ​បាន​ទាក់ទង​ទៅ​លោក ​ហ៊ុន សែន ​ផ្ទាល់ ​កាល​ពី​ថ្ងៃ​ទី ២៤​ កក្កដា។

លោក ​ផៃ ស៊ីផាន​ ថ្លែងថា​៖ «គឺ​គ្មាន​រឿង​អ្វី​ដែល​មាន​ការចម្លែក​ដូចការ​វាយតម្លៃ​របស់អ្នក​ដទៃ​នោះ​ទេ។ អ្នកវាយ​តម្លៃ​ហាក់​បីដូច​យក​ចិត្ត​ទុក​ដាក់​ហ្នឹង​វា​ហួស​ពី​ព្រំដែន​នៃ​ការពិត។ សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន ​លោក​នៅតែ​បំពេញ​ភារ​កិច្ច​របស់​លោក​ប្រក្រតី»។

លិខិត​របស់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ដែលចុះហត្ថលេខា​ដោយ​លោក​ ប៊ិន ឈិន ឧប​នាយក​​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ កាល​ពី​ថ្ងៃ​ទី ២៣ ​ខែ កក្កដា ​បានបញ្ជាក់​ថា ​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​ដែលគ្រោង​ធ្វើឡើង​នៅថ្ងៃ​សុក្រ​ទី ២៦​ កក្កដា នេះ ​ត្រូវបាន​លើក​ទៅពេល​ក្រោយវិញ ​តែមិន​បាន​បញ្ជាក់​ពី​មូលហេតុ​ និង​ពេលវេលា​នៃការ​លើក​ពេល​ប្រជុំ​នេះ​ទេ។

ដូចគ្នា​នេះ​ដែរ ​លោក​ ហ៊ុន សែន ​ក៏បាន​ប្រកាស​ពី​ម្សិល​មិញ ​នៅក្នុង​ហ្វេសប៊ុក​របស់​លោកថា ​សុខ​ភាព​របស់​លោក​នៅ​រឹងមាំ​ធម្មតា។​ បន្ទាប់ពី​វិល​ត្រឡប់​មក​ពី​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាសកល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជ​កម្ម ឆ្នាំ​ ២០១៩ ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​(WTO)​ នៅទី​ក្រុង​ហ្សឺណែវ ​ប្រទេស​ស្វ៊ីស ​កាលពី​ព្រឹក​ថ្ងៃទី ៦ ​ខែ កក្កដា​ លោក ​ហ៊ុន សែន ​នៅរសៀល​ថ្ងៃ​ដដែល​នោះដែរ​ បានគ្រេច​ស្មា​ខាងស្តាំ ​ខណៈ​ដែល​លោក​ហាត់​ជិះកង់​ប្រណាំង​ដើម្បី​ឈាន​ទៅ​ចុះ​ឈ្មោះ​ជា​កីឡាករ​ប្រណាំង​កង់​សម្រាប់​មនុស្ស​ចាស់។ ខណៈ​ដែល​លោក​​កំពុងជិះកង់ ពេល​នោះ​កង់ក៏បាន​ដួល​ទៅ​លើ​ស្មៅដែល​លោក​​អះ​អាង​ថា កង់​ស្ទើរតែ​អស់​ល្បឿន។

ដោយ​ជួប​បញ្ហាបែប​នេះ​លោក​ ហ៊ុន សែន ​បានប្រកាសថា ​ដោយ​សារ​មានបញ្ហា​គ្រេច​ស្មា​ខាង​ស្តាំ ​ហើយ​គ្រូពេទ្យ​តម្រូវ​ឱ្យ​លោក​ទៅ​ពិនិត្យ​ និង​សម្រាក​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី​ លោក​​ក៏បាន​លុបចោល​ជំនួប​ទាំង​ថ្នាក់​ជាតិ ​និង​ជំនួប​ជាមួយ​មន្ត្រី​អន្តរជាតិ ​ដែលត្រូវ​ជួប​នៅ​សប្តាហ៍​បន្ទាប់​នោះ។

ក្រោយ​មក​ លោក​ ហ៊ុន សែន ​បាន​ប្រកាសថា ​គ្រូពេទ្យ​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​នូវ​កន្លែង​គ្រេច​ស្មា​ស្តាំ​របស់​លោក​ ហើយ​តម្រូវឱ្យ​លោក​ផ្អាក​វាយ​កូន​គោល​មួយ​រយ:ពេល។

បន្ថែម​ពីនេះ​លោក ​ហ៊ុន សែន ​បានសរសេរ​ថា​៖ «ទន្ទឹមនឹង​ប្រជាជន​ច្រើន​លើស​លប់​បន់​ស្រន់​ឱ្យ​ខ្ញុំ​ឆាប់​ជាសះ​ស្បើយ ​ក៏មាន​ជន​មួយ​ក្តាប់​តូច​លួច​ចូល​មក​ Comment ​ឬ​បង្ហោះ​តាម ​Facebook ​បន់​ខ្ញុំ​ឆាប់​ស្លាប់ ​ឬ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​អំពី​ស្ថាន​ភាព​ជំងឺ​របស់​ខ្ញុំ​ទៅ​វិញ។ ខ្ញុំ​សូម​ជូន​យោបល់​ទៅ​អ្នក​ទាំង​នោះ​វិញថា ​ឈប់​បាន ឈប់​ទៅ ​ព្រោះ​ការធ្វើ​នយោបាយ​រង់ចាំ​ឱ្យ​ខ្ញុំ​ស្លាប់​ដើម្បី​ដណ្តើម​អំណាច​ សូម​រង់ចាំ​ជាតិ​ក្រោយ​ទៅ​ចុះ​ ព្រោះ​យមរាជ​មិន​ត្រូវការ​ជីវិត​ខ្ញុំ​ទេ​ក្នុងរ​យ:ពេល​មិនតិច​ជាង ​៤០ ​ឆ្នាំ​ពេល​ខាង​មុខ ​ព្រោះ​យមរាជ​ត្រូវការ​ឱ្យ​ខ្ញុំ​នៅ​បន្ត​បម្រើ​ប្រជាជន ​និង​កម្ចាត់​ពួក​ក្បត់​ជាតិ​ដើម្បី​រក្សា​សន្តិភាព ​និងការ​អភិវឌ្ឍ​បន្ត​ទៅ​ទៀត»។

ក្រោយ​វិល​ត្រឡប់​ពី​ការព្យាបាល​បញ្ហា​គ្រេច​ស្មា​នៅ​សិង្ហបុរី ​លោក ហ៊ុន សែន ​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី ១២ ​ខែ​កក្កដា៕