ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​សមាគម​ក្នុងស្រុក​សរុប​ចំនួន ៥៧ បានចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា ស្នើឲ្យ​រដ្ឋាភិបាល «​បញ្ឈប់​ការបំបិទ​មាត់​អ្នកសារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន​» ​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា សេចក្ដី​ថ្លែងការណ៍​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ច្បាប់ ធ្វើឡើង​ដោយ​គំនុំ និង​ដើម្បី​ផលប្រយោជន៍​នយោបាយ​។

ក្រុម​អង្គការ និង​សមាគម​ទាំងនេះ​អះអាង​ថា រដ្ឋាភិបាល​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ និង​អ្នក​សារព័ត៌មាន​នៅ​ស្ថាប័ន​ទាំងនេះ ព្រមទាំង​ស្នើឲ្យ​រដ្ឋាភិបាល​ទម្លាក់ចោល​បទចោទប្រកាន់​ដែល​ពួកគេ​អះអាង​ថា ធ្វើឡើង​ដោយសារ​ «​រឿង​នយោបាយ​»​។ ពួកគេ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​គេ​មើលឃើញ​ថា​បាន​ «​រារាំង​ដោយ​គ្មាន​ហេតុផល​ដល់​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញ​មតិ​» និង​ស្នើឲ្យ​ផ្ដល់​អាជ្ញាប័ណ្ណ​ដែល​ត្រូវ​បាន​ដកហូត​ទៅ​ស្ថាប័ន​ព័ត៌មាន​ទាំងនោះ​វិញ​។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ និង​សមាគម​ទាំង​ ៥៧ បានស្នើ​ឲ្យ​ទម្លាក់​បទចោទ​លើ​លោក រស់ សុឃិត ចាងហ្វាង​សារព័ត៌មាន​ជាតិខ្មែរ​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមិថុនា និង​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​ពាក់ព័ន្ធ​នឹង​ការបង្ហោះ​សារ​នៅលើ​ហ្វេសប៊ុក​។

ចំណែក​អ្នកសារព័ត៌មាន​ម្នាក់ទៀត​គឺ​លោក សុខ ឧត្តម ម្ចាស់​ស្ថានីយ​វិទ្យុ​រិទ្ធិសែន​នៅ​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទចោទ​ដូចគ្នា​ពាក់ព័ន្ធ​នឹង​ការចុះ​ផ្សាយ​ជម្លោះដីធ្លី​នៅក្នុង​ឧទ្យានុរក្ស​ភ្នំ​ឱរាល់​។ ក្រុម​អង្គការ​ដដែល​ក៏​ស្នើ​ឲ្យ​ដោះលែង​លោក រ៉ាត រ័ត្នមុនី ដែលជា​អ្នកបកប្រែ​ឲ្យ​សារព័ត៌មាន​រុស្ស៊ី Russia Today ផងដែរ​។ លោក​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ថៃ ហើយ​ត្រូវបាន​បញ្ជូន​ភ្លាមៗ​មក​កម្ពុជា​កាលពី​ខែធ្នូ ឆ្នាំ ២០១៨ និង​ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​កំណត់​ ២ ​ឆ្នាំ​ពី​បទ​ញុះញង់​ឲ្យ​មាន​ការរើសអើង​។ ពួកគេ​បានស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ប្រគល់​អាជ្ញាប័ណ្ណ​ដល់​សារព័ត៌មាន​អនឡាញ TVFB ឡើងវិញ បន្ទាប់ពី​លោក សុវណ្ណ រិទ្ធី ដែល​ជា​ម្ចាស់​ត្រូវ​បាន​ដោះលែង​កាលពី​ដើម​ខែ​តុលា បន្ទាប់ពី​បាន​កាត់ទោស​ដាក់ពន្ធនាគារ​ ១៨ ខែ ពាក់ព័ន្ធ​នឹង​ការរាយការណ៍​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩​។

ក្រៅពី​ករណី​ទាំង​ ៤ នេះ​ក្រុម​អង្គការ​ដដែល​បាន​ថ្លែង​ថា គិត​ចាប់ពី​ឆ្នាំ​ ២០១៩ មក មាន​ករណី​ស្រដៀង​គ្នា​នេះ​ចំនួន​ ៩ ​ទៀត​។ លើស​ពី​នេះ​មាន​ការដក​អាជ្ញាប័ណ្ណ​ពី​ស្ថាប័ន​សារព័ត៌មាន​ជាច្រើន​ទាំង​អនឡាញ និង​វិទ្យុ​ដែល​ផ្សព្វផ្សាយ​បន្ត​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី និង​វីអូអេ ជាដើម​។

សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា​៖ «​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​នូវ​ច្បាប់​ជាច្រើន​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​មាន​ការបង្ក្រាប​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​បណ្ដាញ​សង្គម និង​បាន​ងាក​ទៅប្រើ​មាត្រា​ក្នុង​ក្រម​ព្រហ្មទណ្ឌ ជាពិសេស​មាត្រា​ ៤៩៤ និង ៤៩៥ ដើម្បី​បំបិទមាត់​ការរាយការណ៍ និង​អ្នករាយការណ៍​ដែល​រិះគន់​»​។

ក្រុម​អង្គការ​អះអាង​ថា កម្ពុជា​មិន​បាន​គោរព​តាម​គោលការណ៍​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ស្តីពី​សិទិ្ធ​ពលរដ្ឋ និង​សិទិ្ធ​នយោបាយ​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ទទួល​ស្គាល់​កាលពី​ឆ្នាំ ១៩៩២ ដែល​ធានា​ដល់​ការប្រមូល និង​ចែករំលែក​ព័ត៌មាន​ដោយ​គ្មាន​ដែន​កំណត់​។ ពួកគេ​អះអាង​ថា វិធានការ​ផ្លូវច្បាប់​លើ​ករណី​ដែល​បានលើកឡើង​ធ្វើ​ឡើង​ដោយ​គ្មាន​គោលបំណង​ស្របច្បាប់ ដូច​ដែល​មានចែង​ក្នុង​គោលការណ៍​សន្ធិសញ្ញា​។

លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ពីថ្ងៃ​ទី​ ២ ខែ​វិច្ឆិកា​ថា ក្រសួង​ព័ត៌មាន​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​តប​ចំពោះ​ការចោទប្រកាន់​នេះ​។

ចំណែក​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែងថា ក្រុម​អង្គការ​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ​គឺជា​ក្រុម​ដដែល​ដែល​មាន​និន្នាការ​ប្រឆាំង ឬ​មាន​គំនុំគុំកួន​ជាមួយ​រដ្ឋាភិបាល ហើយ​យក​ឱកាស​ណាមួយ​ចេញ​សេចក្ដី​ថ្លែងការណ៍​ដើម្បី​រិះគន់ និង​វាយប្រហារ​រដ្ឋាភិបាល​ដោយ​មិនមាន​មូលដ្ឋាន​ច្បាប់​។

លោក​ថ្លែងថា​៖ «​បើ​យើង​មើល​លើ​ខ្លឹមសារ​លម្អិត​នៃ​សេចក្ដីថ្លែងការណ៍​នេះ គឺជា​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់​តែម្ដង គឺជា​ការចោទប្រកាន់​តាម​គំនុំ​តាមរបៀប​វារៈ​នយោបាយ​របស់គេ​។ បានជា​ខ្ញុំ​សន្និដ្ឋាន​ដូច្នេះ​ព្រោះ​ថា វិធានការ​ច្បាប់​ចំពោះ​អ្នក​សារព័ត៌មាន​លើក​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ មិនមែន​ដោយសារ​តែ​ការអនុវត្ត​វិជ្ជាជីវៈ​ជា​អ្នក​សារព័ត៌មាន​ទេ​។ វិធានការ​ច្បាប់​ចំពោះ​អ្នក​ទាំងអស់​នេះ ដោយសារ​តែ​អ្នក​ទាំងអស់​នេះ​បាន​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​កម្ពុជា មិនមែន​ដោយសារ​អនុវត្ត​សិទ្ធិសេរីភាព​របស់​ខ្លួន និង​វិជ្ជាជីវៈ​សារព័ត៌មាន​ទេ​»​។

សេចក្ដី​ថ្លែងការណ៍​ដែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង និង​ទម្លាក់​បទចោទ​លើ​អ្នក​សារព័ត៌មាន​ក្នុង​ករណី​ខាងលើ គឺជា​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​បំពាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា ព្រោះ​រដ្ឋាភិបាល​មិនមាន​សមត្ថកិច្ច​ក្នុង​ការទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​ជនជាប់ចោទ​ណាមួយ​ទេ​។ ការអំពាវនាវ​បែបនេះ​គឺជា​ការអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ប្រព្រឹត្ត​ល្មើសច្បាប់​។ ក្រុម​អង្គការ​គួរតែ​គិតពី​ប្រយោជន៍​រួម និង​ប្រយោជន៍​ជាតិ​ជា​ជាង​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ប្រយោជន៍​នយោបាយ​។ នេះ​ជា​ការបញ្ជាក់​របស់​លោក ជិន ម៉ាលីន​។

លោក​ថ្លែង​បន្តទៀត​ថា​៖ «​ការចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​គំនុំគុំកួន​មាន​និន្នាការ​នយោបាយ និង​គ្មាន​មូលដ្ឋាន​ច្បាប់​នេះ​វា​ហាក់ដូចជា​ការលើក​ទឹកចិត្ត​ឲ្យ​ជនល្មើស​បន្ត​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​តទៅទៀត​។ សេចក្ដី​ថ្លែងការណ៍​នេះ​គួរតែ​ប្ដូរ​ទិសដៅ​ទៅ​អប់រំ​មនុស្ស​ឲ្យ​គោរព​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​ប្រសិន​បើ​បំពាន​ច្បាប់​ត្រូវ​ចូលរួម​ការពារ​ខ្លួន​តាមផ្លូវ​តុលាការ​។ នេះ​ទើប​ជា​ការអំពាវនាវ​មួយ​ដែល​ត្រឹមត្រូវ និង​ស្រប​តាមច្បាប់ និង​រដ្ឋធម្មនុញ្ញ​»៕