
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងក្នុងសន្និសីទកាសែតនាពេលកន្លងមក។ ហុង មិនា
ភ្នំពេញ៖ មន្ត្រីរដ្ឋាភិបាលថ្លែងថា ក្រុមអង្គការសង្គមស៊ីវិល ហាក់មិនទាន់បានយល់ច្បាស់អំពីគោលបំណង និងខ្លឹមសារនៃច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន។ ការថ្លែងនេះបន្ទាប់ពីក្រុមសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល ធ្វើវិសោធនកម្មច្បាប់នេះឡើងវិញ ដោយសារព្រួយបារម្ភថា គោលបំណងនៃច្បាប់អាចជាការគំរាមកំហែងសិទ្ធិមនុស្សធ្ងន់ធ្ងរ។
សេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី ១៣ ឧសភា របស់ក្រុមអង្គការ និងសហគមន៍ចំនួន ៦៦ អំពាវនាវឱ្យរដ្ឋាភិបាលបើកការពិគ្រោះយោបល់ជាបន្ទាន់ជាមួយអ្នកពាក់ព័ន្ធនានា រួមទាំងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សក្នុងការធ្វើវិសោធនកម្មច្បាប់នេះឡើងវិញ ដើម្បីធានាថាជាច្បាប់មួយគោរពទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជា។
សង្គមស៊ីវិលលើកឡើងថា៖ «ខណៈពេលដែលយើងខ្ញុំទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាបានបង្ហាញគោលបំណងក្នុងការធ្វើសេចក្ដីព្រាងច្បាប់នេះ ដើម្បីការពារ សុខភាពសាធារណៈក្នុងអំឡុងពេលការរាតត្បាតមេរោគកូវីដ ១៩ យើងខ្ញុំជាអង្គការសង្គមស៊ីវិល និងសហគមន៍ដែលបានរាយនាមសូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីច្បាប់នេះ ដែលអាចផ្ដល់អំណាចគ្មានដែនកំណត់ដល់រដ្ឋាភិបាលកម្ពុជាក្នុងការដាក់កំហិតទៅលើសេរីភាពជាមូលដ្ឋានដែលអាចបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស»។
ពួកគេថា ច្បាប់ស្ដីពីគ្រាអាសន្នត្រូវបានអនុម័តយ៉ាងឆាប់រហ័សដោយមិនបានពិគ្រោះយោបល់គ្រប់គ្រាន់ជាមួយភាគីពាក់ព័ន្ធ។ ថ្វីដ្បិតច្បាប់នេះ បង្កើតឡើងស្របតាមមាត្រា ២២ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៤ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ប៉ុន្តែបង្ហាញចំណុចគួរឱ្យបារម្ភ ដែលទាមទារឱ្យមាត្រាមួយចំនួនត្រូវតែធ្វើវិសោធនកម្មឡើងវិញ ដូចជាមាត្រា ៣ មាត្រា ៥ មាត្រា ៦ មាត្រា ៧ មាត្រា ៨ និងមាត្រា ៩។
ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ម្សិលមិញថា ការស្នើរបស់សង្គមស៊ីវិល ដូចជាមិនទាន់យល់អំពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃច្បាប់នេះនៅឡើយទេ។ ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ដូចជា សន្ធិសញ្ញាអន្តរជាតិ និងកតិកាសញ្ញាអន្តរជាតិ ក៏អនុញ្ញាតឱ្យរឹតត្បិតសិទ្ធិសេរីភាពដែរ នៅក្នុងស្ថានភាពមានគ្រាអាសន្ន។
លោកថ្លែងថា៖ «វិធានការដែលរដ្ឋាភិបាលដាក់ចេញនៅក្នុងគ្រាមានអាសន្នក្នុងមាត្រា ៥ ហ្នឹងក៏មិនមែនជាវិធានការដែលអនុញ្ញាតឱ្យរដ្ឋាភិបាលធ្វើអ្វីតាមចិត្តដោយគ្មានដែនកំណត់នោះដែរ។ គឺមានលក្ខខណ្ឌរបស់វាច្បាស់លាស់ ហើយមានយន្តការតាមដានត្រួតពិនិត្យ និងមានយន្តការទទួលខុសត្រូវរបស់មន្ត្រីអនុវត្តច្បាប់នៅពេលណាប្រព្រឹត្តខុសទៅនឹងខ្លឹមសារ និងគោលបំណងនៃច្បាប់នេះ»។
លោកថា៖ «ដូច្នោះ ការលើកឡើង ក៏ដូចជាសំណូមពរ និងកង្វល់របស់ក្រុមសង្គមស៊ីវិល យើងមិនដឹងជាត្រូវពិចារណាយ៉ាងម៉េចកើតទេក្នុងការធ្វើវិសោធនកម្ម។ ព្រោះការលើកឡើង អត់ត្រូវទៅតាមខ្លឹមសារ និងគោលបំណងនៃច្បាប់របស់យើង»៕