ព្រះសីហនុៈ អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះសីហនុ​លោក ឃាង ភារម្យ បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹកជញ្ជូន​ថ្មី​មួយ​ដែល​ទើប​សម្ពោធ​ថ្មីៗ​នេះ​គឺជា​ការបើក​ដំណើរការ​ត្រឹមត្រូវ​តាមច្បាប់​ ខណៈ​ក្រុមហ៊ុន​នេះ​មាន​ការវិនិយោគ​រួមគ្នា​រវាង​ជនជាតិខ្មែរ និង​ចិន ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ការប៉ះពាល់​ដល់​ជនជាតិ​ខ្មែរ​ដែលមាន​របរ​ស្រដៀង​គ្នា​នេះ ។

លោក ឃាង ភារម្យ បាន​ថ្លែងថា​៖ «​គ្មាន​ច្បាប់​ណា​ហាមឃាត់​មិន​ឲ្យ​ពួកគាត់​រកស៊ី​ទេ​។ ពួកគាត់​បើករបរ​នេះ​ត្រឹមត្រូវ​តាមច្បាប់​។ ជា​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ជា​ជនជាតិខ្មែរ និង​ចិន​សហការ​គ្នា​បង្កើតឡើង​។ សេវាកម្ម​ដឹកជញ្ជូន​របស់​ពួកគាត់​អាច​ធ្វើ​​បាន​ដូច​ខ្មែរ​ដែរ​។ ​ជនជាតិ​ខ្មែរ​ក៏​​គាត់​ដឹក ជនជាតិ​ចិន​ក៏​ដឹក​»​។

លោក​បាន​ឲ្យ​ដឹង ទោះបី​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ដឹកជញ្ជូន​នេះ​មាន​អ្នកបើកបរ​រថយន្ត​ជា​ជនជាតិ​ចិន​ខ្លះ​ក្ដី ប៉ុន្ដែ​ពួកគេ​ត្រូវ​​មាន​ការ​ត្រួតពិនិត្យ​ច្បាស់លាស់​ពី​សមត្ថកិច្ច​កម្ពុជា​ជាមុន​សិន​ទើប​អនុញ្ញាត​ឲ្យ​ប្រកប​ការងារ​បើកបរ​រថយន្ត​តាក់ស៊ី​នេះ​។

កាលពី​ថ្ងៃទី ​២៦ ខែ​តុលា​កន្លង​​ទៅ ក្រុមហ៊ុន​ឈ្មោះ ស៊ីន ភីងអាន ត្រេនស្ពតថេសិន ​ដែល​វិនិយោគ​លើ​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​តាម​រថយន្ត​តាក់ស៊ីម៉ែត្រ​ថ្មី​មួយ​នៅ​ក្រុង​ព្រះសីហនុ​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​សហការ​ជាមួយ​អ្នក​វិនិយោគិន​ខ្មែរ​បាន​បើកសម្ពោធ​នៅ​សណ្ឋាគារ​ព្រីសន៍​ថាមហូរថល ជិត​រង្វង់មូល​តោ​ ២ ​ក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នគរបាល​ព្រមទាំង​ឧកញ៉ាៗ​ច្រើន​រូប​ផងដែរ​។

លោក ហេង វណ្ណា សហស្ថាបនិក​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​នេះ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន​នៅ​ថ្ងៃ​សម្ពោធ​នោះ​ថា​ ក្រុមហ៊ុន​នេះ​បង្កើតឡើង​ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ចិន​ក្នុង​នោះ​លោក​ជា​ម្ចាស់​ខ្មែរ​មាន​ភាគហ៊ុន​ ៥១ ​ភាគរយ និង​ម្ចាស់​ភាគហ៊ុន​ចិន​មាន​ភាគហ៊ុន​ ៤៩ ​ភាគរយ ។

លោក​ថ្លែងថា​៖ «​យើង​មាន​សេវាកម្ម​ដឹក​ទាំង​ជនជាតិខ្មែរ និង​ចិន​។ ​សម្រាប់​អ្នកបើកបរ យើង​មាន​តៃកុង​ឡាន​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន ប៉ុន្ដែ​តៃកុង​ឡាន​យើង​គឺ​មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ​។ ​សេវាកម្ម​ដឹក​ភ្ញៀវ​របស់​យើង​គឺ​អាច​យក​ពី​ភ្ញៀវ​គិត​ជា​គីឡូម៉ែត្រ​ដោយ​ក្នុង​ ១ ​គីឡូម៉ែត្រ ចាប់ពី ៤ ០០០-៤ ៥០០ ​រៀល​»​។

លោក វណ្ណា បាន​អះអាង​ថា ​ក្រុមហ៊ុន​លោក​ជា​ក្រុមហ៊ុន​ដំបូង​ដែល​បើក​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​នៅក្នុង​ខេត្ដ​ព្រះសីហនុ​។ ​ការបើក​ដំណើរការ​សេវាកម្ម​ដំបូង​នេះ​ក្រុមហ៊ុន​មាន​រថយន្ត​តាក់ស៊ី​ទំនើប​ដាក់​ឲ្យ​ដំណើរការ​ចំនួន​ ៣០ ​គ្រឿង​ជា​លើកដំបូង​ជាមួយ​បុគ្គលិក​ជនជាតិ​ខ្មែរ-ចិន ចំនួន​ ១០០ ​នាក់​។

លោក អ៊ី សុខា ស្នងការរង​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​ខេត្ដ​ព្រះសីហនុ​បាន​ថ្លែង​ក្នុងពេល​បើក​ដំណើការ​ក្រុមហ៊ុន​នេះដែរ​ថា ក្រុមហ៊ុន​នេះ​មាន​ច្បាប់​ត្រឹមត្រូវ ហើយ​ជនបរទេស​ក៏​អាច​បើកបរ​បាន​ឲ្យ​តែ​មាន​បណ្ណបើកបរ​ត្រឹមត្រូវ​។

លោក​ថ្លែងថា​៖ «​បណ្ណ​បើកបរ​ខ្ញុំ​ពិនិត្យ​ឃើញ​ថា​ (​បុគ្គលិក​ក្រុមហ៊ុន​) ​ពិតជា​មាន​ពិតប្រាកដ​មែន​។ ការបើកបរ​គេ​មិន​ដែល​រើសអើង​ទេ ជនជាតិ​ខ្មែរ​ក៏ដោយ ជនជាតិ​បរទេស​ណា​ក៏ដោយ​ឲ្យ​តែ​មាន​បណ្ណ​បើកបរ គឺ​បើកបរ​បាន​។ សម្រាប់​ជនបរទេស​បណ្ណ​បើកបរ​របស់​ពួកគាត់​មាន​សុពលភាព​រយៈពេល​ ១ ​ឆ្នាំ​។ ​ដូច្នេះ​បើ​ពួកគាត់​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ​យើង​អាច​ឲ្យ​ពួកគាត់​រកស៊ី​បាន​ធម្មតា​»​។

ទោះជា​យ៉ាងណា​ក្ដី​អ្នកស្រី ជៀប សុធារី មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ដ​ព្រះសីហនុ​បាន​លើកឡើង​ថា ថ្វីដ្បិត​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទីផ្សារសេរី​​ដែល​អាច​ឲ្យ​មាន​ការប្រកួតប្រជែង​ក្នុង​ការប្រកប​អាជីវកម្ម​ក្ដី ប៉ុន្ដែ​ការបើក​ឲ្យ​មាន​ក្រុមហ៊ុន​រថយន្ដ​ដឹកជញ្ជូន​អ្នក​ដំណើរ​ក្នុង​ខេត្ដ​ព្រះសីហនុ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​លើ​សេវាកម្ម​ដឹកជញ្ជូន​នេះ​ដែរ​ដូចជា​តាមរយៈ​ម៉ូតូ​កង់​ ៣ ម៉ូតូឌុប ដែល​ធ្លាប់​ទទួល​បាន​ផល​នាពេល​កន្លងមក​។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖ «​ពលរដ្ឋ​យើង​ជីវភាព​នៅ​មាន​កម្រិត​​មិនអាច​ទៅ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​រថយន្ដ​ទំនើប​សម្រាប់​បម្រើ​សេវាកម្ម​ឲ្យ​ភ្ញៀវ​នោះទេ​។ ​ដូច្នេះ​ចង់​មិនចង់​ពួកគាត់​អាច​នឹង​បាត់បង់​ប្រាក់​ចំណូល​ដែល​ធ្លាប់​ទទួល​បាន​ពី​សេវាកម្ម​ដឹក​ភ្ញៀវ​នាពេល​​កន្លងមក​។ ​ជនជាតិ​ចិន​ភាគច្រើន​គឺ​គាត់​ចង់​បាន​ភាព​ងាយស្រួល និង​ទាន់​ពេលវេលា​សម្រាប់​បំពេញ​ការងារ​ពួកគាត់​។ ដូច្នេះ​ពួកគាត់​នឹង​ប្រើប្រាស់​សេវាកម្ម​រថយន្ដ​ទំនើប​វិញ​»៕