ភ្នំពេញៈ មន្ត្រី​អាកាសចរ​ស៊ីវិល​លើកឡើងថា បុរស​ជនជាតិ​យេម៉ែន​ម្នាក់​ដែល​បាន​ដួលសន្លប់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពី​ម្សិលមិញ គឺ​ដោយសារ​ស្រវឹងស្រា និង​អាច​ដេក​មិន​គ្រប់គ្រាន់​មិនមែន​ដោយសារ​ឆ្លង​វីរុស​កូរ៉ូណា​នោះទេ​។ ការអះអាង​នេះ​ក្រោយពី​មាន​ការផ្សព្វផ្សាយ​ថា មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ម្នាក់​បាន​ដួលសន្លប់​នៅ​ព្រលានយន្តហោះ​។

លោក​ ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ជនបរទេស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រតនៈ​ក្រោយពី​ដួលសន្លប់​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​ត្រៀម​នឹង​ហោះហើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​។

លោក​បន្តថា បុរស​ជនជាតិ​យេម៉ែន​រូបនេះ​មិនមាន​ជំងឺ​អ្វី​ឡើយ ប៉ុន្តែ​នៅពេល​ដួលសន្លប់ គឺ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា ហើយ​ហាក់​មិន​សម្រាក​នៅពេល​យប់​។

លោក​ថា​៖ «​គាត់​គ្មាន​បញ្ហា​អី​ទេ​គាត់​ប្រហែល​លេងបៀ ផឹកស្រា រហូតទល់​ភ្លឺ​មិនបាន​ដេក​ផង​មិនដឹង​។ គេ​បាន​បញ្ជូន​ទៅ​ពេទ្យ​រ៉ូយ៉ាល់ ហើយ​បញ្ជូន​បន្តទៅ​ពេទ្យ​កាល់ម៉ែត តែ​គាត់​នៅពេល​ដឹងខ្លួន​សុំ​មក​ព្រលានយន្តហោះ​វិញ ប៉ុន្តែ យន្តហោះ​បាន​ហោះ​ទៅ​បាត់​ហើយ​។ គាត់​អត់​ឈឺ​អី​ទេ ធុំ​ស្រា​ហួង ហើយ​មិនបាន​ដេក​មិនដឹង ហើយ​បើ​តាម​ភាសា​ខ្មែរ​គេ​ថា ខ្យល់ចាប់​ខ្យល់គ​ប៉ុន្តែ​គាត់​អត់​មាន ជំងឺ​បេះដូង​ ឬ​លើសឈាម​អី​ទេ​»​។

សារព័ត៌មាន​ Fresh News ​ចុះផ្សាយ​ថា ជនបរទេស​នេះ​មាន​ឈ្មោះ EBRAHIM MAHRAM ALLABDO ជនជាតិ​យេម៉ែន​បាន​ដួលសន្លប់​នៅ​ម៉ោង​ប្រហែល​ ៩ និង​ ៣០ ​នាទី​ព្រឹក​ថ្ងៃទី​ ៩ ខែ​កុម្ភៈ ខណៈ​កំពុង​រង់ចាំ​ការហោះហើរ​ចាកចេញ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​៕ ក្រោយពី​ដឹងខ្លួន​វិញ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​រតនៈ ជនបរទេស​នេះ​ត្រូវ​បាន​អាជ្ញាធរ​ណែនាំ​ឱ្យទៅ​ពិនិត្យ​សុខភាព​និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​បន្ត ដើម្បី​បង្ការ​កុំ​ឱ្យមាន​គ្រោះថ្នាក់​ដោយសារ​ខ្យល់​គ​ម្ដង​ទៀត​នៅពេល​ធ្វើដំណើរ​។

ពី​ម្សិលមិញ ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក លី សូវ៉ាន់ មន្ត្រី​នាំពាក្យ​ក្រសួង​សុខាភិបាល​បានទេ ដោយសារ​ទូរស័ព្ទ​ហៅចូល​ត្រូវ​លោក​ចុច​បិទ​វិញ​។ ប៉ុន្តែ​លោក​បាន​ប្រាប់​សារព័ត៌មាន​ហ្វ្រេសញូវ​ថា ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញ​ថា ជនជាតិ​យ៉េមែន​រូបនេះ​មិន​មាន​ការពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​ទេ ដោយសារ​កម្ដៅ​ក្នុង​ខ្លួន​គឺ​ធម្មតា ហើយ​ការដួល​សន្លប់​គឺ​បណ្ដាល​មកពី​ខ្យល់គ​។

កាលពី​ម្សិលមិញ​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ក៏​មិនបាន​បញ្ជាក់​បន្ថែម​ជុំវិញ​ការដួលសន្លប់​របស់​ជនបរទេស​នេះដែរ​។ ប៉ុន្តែ​លោកស្រី​បាន​បង្ហាញ​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​មួយចំនួន​អំពី​វីរុស​កូរ៉ូណា​ដែល​បាន​បង្ហោះ​នៅតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ព័ត៌មាន​ពិត​ពី​កម្ពុជា​បាន​ផ្សាយ​ថា មេរោគ​កូរ៉ូណា​កំពុង​រាតត្បាត​នៅ​កម្ពុជា ជាពិសេស​នៅ​ក្រុងព្រះសីហនុ​មាន​មនុស្ស​ស្លាប់​ជិត​ ១០០ ​នាក់​ហើយ​។ ប៉ុន្តែ​ត្រូវបាន​រដ្ឋាភិបាល​ក្រុងភ្នំពេញ​លាក់បាំង និង​ព្រមាន​ចាប់​គ្រូពេទ្យ​ដែល​បាន​រកឃើញ​វីរុស​កូរ៉ូណា​នេះ​ទៀតផង​។

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្តថា រឿង​មេរោគ​កូរ៉ូណា​សម្រាប់​កម្ពុជា ទោះជា​ស្លាប់​និង​ឆ្លង​ប៉ុន្មាន​រយ​នាក់​ទៀត​ក៏​គ្មាន​អ្នកណា​ហ៊ាន​និយាយ ហ៊ាន​ផ្សាយ ហ៊ាន​ព្យាបាល ឬ​ហ៊ាន​ស្រាវជ្រាវ​ដែរ ព្រោះ​ខ្លាច ហ៊ុន សែន ចាប់​ដាក់គុក​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់​ថា ព័ត៌មាន​ទាំងនេះ​គឺជា​ព័ត៌មាន​មិន​ពិត​ទាំងស្រុង ដើម្បី​បំពុលសង្គម​ដែល​ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់​៕