ព្រះសីហនុៈ វិនិយោគិន និង​អ្នក​ធ្វើការងារ​ផ្សេងៗ​ជនជាតិ​ចិន​វិល​ត្រឡប់មក​ខេត្ដ​ព្រះសីហនុ​វិញ​ជា​បន្តបន្ទាប់​តាម​ជើង​ហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​ដោយ​ចាប់ពី​ថ្ងៃទី​ ២៣ ​ឧសភា ដល់​ថ្ងៃទី​ ១៣ ​មិថុនា មាន​ជនជាតិ​ចិន​ ១ ០៦៦ ​នាក់​ ក្នុង​នោះ​មាន​ស្រី​ ២២៩ ​នាក់​ បាន​ត្រឡប់​មក​ខេត្ដ​នេះ​។ នេះ​បើតាម​មន្ត្រី​សាលា​ខេត្ដ​ព្រះសីហនុ​ប្រាប់​ពី​ម្សិលមិញ​។

មន្ត្រី​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក​ ឃាង ភារម្យ ថ្លែង​ថា​ជនជាតិ​ចិន​ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​មកកាន់​ខេត្ដ​ព្រះសីហនុ​នេះ បើ​រាប់​ចាប់ពី​ថ្ងៃទី​ ២៣ ​ឧសភា ដល់​ថ្ងៃទី​ ១៣ ​មិថុនា​ មាន​ជនជាតិ​ចិន​ចំនួន​ ១០៦៦ ​នាក់​ក្នុង​នោះ​មាន​ស្រី​ ២២៩ ​នាក់​។ ជនជាតិ​ចិន​ដែល​វិលត្រឡប់​មកវិញ​នេះ ពួកគាត់​ភាគច្រើន​ជា​អ្នកធ្វើ​ជំនួញ និង​ជា​អ្នកធ្វើ​ការងារ​ផ្សេងៗ​។

លោក​ថា ​ក្នុង​ ១ ​សប្ដាហ៍ ​មាន​ជនជាតិ​ចិន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​ត្រង់​ពី​ប្រទេស​ចិន​ មកកាន់​ខេត្ដ​ព្រះសីហនុ​មាន​ចន្លោះ​ពី ៣-៤ ​ជើង​ហោះហើរ​។ ចំណាត់ការ​របស់​អាជ្ញាធរ​មាន​ការត្រួតពិនិត្យ​សុខភាព​របស់​ក្រុម​ជនជាតិ​ចិន ដែល​បាន​វិល​មក​កម្ពុជា​វិញ​យ៉ាង​យក​ចិត្ដ​ទុកដាក់​។ អាជ្ញាធរ​តម្រូវ​ឲ្យ​ធ្វើ​ចត្ដាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​បន្ថែមទៀត​ចំពោះ​ជនជាតិ​ចិន​ដែល​បាន​វិលត្រឡប់​មកវិញ​នេះ​។

មន្ត្រី​នាំពាក្យ​រូបនេះ​ថ្លែង​ថា​៖ «​បន្ទាប់ពី​ការធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃនេះ​រួចហើយ យើង​យក​សំណាក​ពួកគាត់​ទៅ​ពិនិត្យ​ម្ដងទៀត ដើម្បី​ឲ្យ​ប្រាកដថា ពួកគាត់​មិនមាន​ផ្ទុក​ជំងឺ​កូវីដ​១៩​។ ដូច្នេះ​នៅពេល​ដែល​យើង​យក​សំណាក​ទៅពិនិត្យ​ ២ ​លើក​រួចហើយ នៅ​តែ​មិនមាន​ផ្ទុក​ជំងឺ​កូវីដ​១៩ នោះ​យើង​នឹង​អនុញ្ញាត​ឲ្យ​ពួកគាត់​ប្រកបរបរ​ទទួលទាន ឬ​ធ្វើ​ដំណើរ​ទៅណា​មក​ណា​វិញ​បាន​ដូច​ធម្មតា​»​។

លោក​ ឃាង ភារម្យ ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​ជនជាតិ​ចិន​រស់នៅក្នុង​ខេត្ដ​ព្រះសីហនុ​ឡើងវិញ​។ ប៉ុន្ដែ​បើតាម​លោក​ គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី​ ៩ ​មិថុនា​ ថា​បច្ចុប្បន្ន​មាន​ជនជាតិ​ចិន​ប្រហែល​ ១៥ ០០០ ​នាក់​ កំពុង​ស្នាក់នៅ​ក្នុង​ខេត្ដ​នេះ​។ លោក​ថា កាលពី​មុន​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ មាន​ជនជាតិ​ចិន​ទាំង​ស្នាក់នៅ និង​ទេសចរ​ជាង​ ២ ​លាន​នាក់​។

លោក​អភិបាលខេត្ដ​បញ្ជាក់​ថា រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​កំពុង​មាន​កិច្ចសហប្រតិបត្ដិការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ខេត្ដ-ក្រុង​របស់​ចិន​ចំនួន​ ១៦ ​ដើម្បី​ជំរុញ និង​លើក​ទឹកចិត្ដ​លើ​ការវិនិយោគ ទេសចរណ៍ វប្បធម៌ អប់រំ និង​កីឡា​ជាដើម​។

បើតាម​លោក​អភិបាលខេត្ដ ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​ដែលមាន​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ​រួមមាន វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម​ដែល​ជា​វិស័យ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​ជាតិ​របស់​រាជរដ្ឋាភិបាល​។ សក្តានុពល​រួមមាន កំពង់ផែ​សមុទ្រ​ទឹកជ្រៅ តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​ ១០ ​ទីតាំង​ [៤ ​កំពុង​ដំណើរការ និង​ ៦ ​ត្រៀម​ដំណើការ​] អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​ដែល​ត្រូវ​បាន​ប្រសិទ្ធនាម​ជា «​តារា រះ​នា​ទិសនិរតី​»៕