សៀមរាបៈ មន្ត្រីជំនាញបានលើកឡើងថា ក្នុងរយៈពេល ២៣ សប្ដាហ៍ក្នុងឆ្នាំនេះ អ្នកជំងឺគ្រុនឈាមដែលមកព្យាបាលតាមមន្ទីរពេទ្យទាំងអស់ក្នុងខេត្តសៀមរាបគឺមានជាង ៦ ពាន់នាក់ រីឯអ្នកស្លាប់មាន ៨ នាក់ ដែលតួលេខនេះបង្ហាញពីការកើនឡើង ៦ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលពុំមានអ្នកស្លាប់។
លោក ប៊ូ សារិន ប្រធានកម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា នៅខេត្តសៀមរាបតំបន់ដែលមានការផ្ទុះជំងឺគ្រុនឈាមខ្លាំងជាងគេគឺនៅសង្កាត់ស្លក្រាម សង្កាត់គោកចក សង្កាត់សាលាកំរើក និងសង្កាត់នគរធំ នៃក្រុងសៀមរាប។
លោកបន្តថា ចាប់តាំងពីថ្ងៃទី ១៩ ខែ មិថុនា មន្ត្រីសុខាភិបាលបានចាប់ផ្ដើមបាញ់ថ្នាំកម្ចាត់សត្វមូសនៅតាមសាលារៀន ផ្សារ និងតាមដងផ្លូវសាធារណៈក្នុងសង្កាត់ទាំងនោះដោយបានប្រើប្រាស់ទឹកថ្នាំបាញ់អស់ប្រហែល ១ រយលីត្រ ហើយក្នុងចំណោម ៤ រយលីត្រ ដែលក្រសួងសុខាភិបាលបានផ្ដល់ទៅឱ្យខេត្តនេះ។
លោកថា៖ «សម្រាប់ឆ្នាំនេះ ទឹកថ្នាំប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយ ព្រោះយើងបាញ់ទើបនឹងអស់ ១០០ លីត្រទេ ប៉ុន្តែប្រេងម៉ាស៊ូតដែលបាញ់លាយជាមួយទឹកថ្នាំនេះគឺអស់ច្រើន។ ចំណែកថ្នាំអាបែតដែលយើងទទួលបានពីក្រសួង ២០ តោន យើងបានបែងចែកអស់ហើយ អត់មានសល់ទៀតទេ»។
លោកបន្តថា ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមទាំង ៨ នាក់ក្នុងរយៈពេល ២៣ សប្ដាហ៍នេះ គឺសុទ្ធតែជាកុមារដែលមានអាយុចាប់ពី ៤ ឆ្នាំ ទៅដល់ ១៤ ឆ្នាំ។ រីឯអ្នកឈឺដែលមកព្យាបាលគ្រុនឈាមក្នុងខេត្តមានជាង ៦ ០០០ នាក់ក្នុងនោះមានពលរដ្ឋក្នុងខេត្តសៀមរាប ២ ៦០០ នាក់ ហើយក្រៅពីនេះ គឺជាពលរដ្ឋមកពីជុំវិញខេត្តសៀមរាប ដូចជា មកពីខេត្តកំពង់ធំជាដើម។
លោកថា៖ «ក្នុងចំណោមអ្នកស្លាប់ហ្នឹងគឺដោយសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យយឺតយ៉ាវពេក»។
កាលពីថ្ងៃម្សិលមិញនេះភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបញ្ជាក់ពីការវិវត្តចុងក្រោយនៃជំងឺគ្រុនឈាមនៅទូទាំងប្រទេសពីលោកវេជ្ជបណ្ឌិត ហ៊ុល រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្របានទេ ដោយសារទូរស័ព្ទលោកមិនមានអ្នកទទួល។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន មន្ត្រីនាំពាក្យក្រសួងសុខាភិបាលក៏ពុំបានលើកទូរស័ព្ទដែរ ស្របពេលលេខទូរស័ព្ទលោកវេជ្ជបណ្ឌិត លាងឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមពុំអាចទាក់ទងបាន។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ១៦ ខែ មិថុនា កន្លងទៅនេះលោកវេជ្ជ បណ្ឌិត លាង ឫទ្ធា ធ្លាប់ប្រាប់ភ្នំពេញប៉ុស្ដិ៍ថាក្នុងរយៈពេល ២០ សប្ដាហ៍ឆ្នាំនេះ អ្នកឈឺដោយសារជំងឺគ្រុនឈាមមានជាង ១ ម៉ឺន ២ ពាន់នាក់ និងស្លាប់ ២១ នាក់ដែលតួលេខនេះកើនឡើងប្រហែល ៣ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។
បើតាមលោកវេជ្ជបណ្ឌិត លាង ឫទ្ធា អ្នកស្លាប់ទាំង ២១ នាក់ គឺដោយសារមិនបានទៅទទួលសេវាព្យាបាលពីមន្ទីរពេទ្យរដ្ឋ ហើយបានទៅព្យាបាលមិនត្រឹមត្រូវជាមួយគ្រូពេទ្យតាមគ្លីនិកតូចៗ ដែលគ្មានជំនាញពិតប្រាកដ។
កាលពីថ្ងៃម្សិលមិញ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើយុទ្ធនាការដាក់ថ្នាំអាបែតនៅក្នុងពាងឬអាងទឹកដើម្បីសម្លាប់ដង្កូវទឹក និងអប់រំពលរដ្ឋដើម្បីលុបបំបាត់ជម្រកសត្វមូសខ្លា ក្នុងរាជធានីភ្នំពេញ។ នេះបើតាមទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យលុបបាត់ជម្រកសត្វមូសខ្លាដែលមានតាមទឹកដក់ក្នុងសម្បកកង់ឡាន កង់ម៉ូតូ សម្បកកំប៉ុង ឬវត្ថុដែលអាចដក់ទឹកបានផ្សេងទៀតជាដើម។
ដោយឡែក កាលពីថ្ងៃទី ២១ មិថុនា ក្រសួងអប់រំយុវជននិងកីឡាក៏បានណែនាំឱ្យប្រធានមន្ទីរអប់រំគ្រប់ខេត្តក្រុងទាំងអស់ ត្រូវផ្សព្វផ្សាយអំពីវិធីការពារខ្លួនកុំឱ្យមូសខ្លាខាំទៅដល់សិស្សានុសិស្សផងដែរ ដូចជា ការស្លៀកសម្លៀកបំពាក់អាវដៃវែង ខោជើងវែង កុំលេងនៅកន្លែងងងឹត ឬក្បែរព្រៃនិងបើកទ្វារនិងបង្អូចផ្ទះឱ្យពន្លឺថ្ងៃចូលគ្រប់គ្រាន់ជាដើមស្របពេលក្រសួងសុខាភិបាលបានប្រកាសថា ឆ្នាំ ២០១៩ នេះ គឺជាឆ្នាំផ្ទុះឡើងជំងឺគ្រុនឈាមខ្លាំងបំផុតដែលតែងកើតឡើងក្នុងរយៈពេល ៦ ទៅ ៧ ឆ្នាំម្ដង៕