ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​កសិ​កម្ម លោក ​វេង សាខុន​ ថ្លែង​ថា​ ជំងឺ​ប៉េស្ត​ជ្រូក​ បង្ក​មហន្តរាយ​ដល់​ឧស្សាហកម្ម​ជ្រូក​ និង​ធ្វើឲ្យ​សេដ្ឋកិច្ច​ខាតបង់​ច្រើន ​ដោយ​លោក​ជំរុញ​ដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​បង្កើន​ផលិត​កម្មនៃ​ការ​ចិញ្ចឹម​​ជ្រូក ​ប្រកប​ដោយ​អនាម័យ​ និង​សុវត្ថិភាព​ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អ្នក​បរិភោគ។

លោក ​វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​ និង​នេសាទ ​ក្នុង​សិក្ខាសាលាផ្សព្វ​ផ្សាយ​ស្តីពី ​«វិធានការ​ការពារ ​និង​ទប់​ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​អា្រហ្វិក​នៅ​កម្ពុជា» ​ដែលមាន​អ្នកចូលរួម​ប្រមាណ​ ៥០០ នាក់​ ពី​ម្សិលមិញ ​នាក្រសួង​កសិកម្ម ​បាន​លើក ឡើង​ថា ​នៅកម្ពុជា ​ការ​ចិញ្ចឹម​ជ្រូក​ជាលក្ខណៈ​គ្រួសារ ​ក្នុង​ឆ្នាំ ​២០១៨ ​មាន​ប្រមាណ​ជា​ ១,៩ ​លាន​ក្បាល ​និងជា​លក្ខណៈ​ឧស្សាហ​កម្ម​ប្រមាណ​ជា​ ០,៨​ លាន​ក្បាល ​និង​មាន​កសិដ្ឋាន​គ្រប់​កម្រិត​ជាង ៦៧០ កសិដ្ឋាន​នៅ​ទូទាំង​ប្រទេស។

ប៉ុន្តែ​ដោយ​មាន​កំណើន​នៃការ​អភិវឌ្ឍ​គ្រប់​វិស័យ ​និង​លំហូរ​ទេសចរណ៍​ពីក្រៅ​ប្រទេស​កាន់​តែច្រើន​ឡើង ​តម្រូវការ​សាច់​ជ្រូក​ក៏មាន​ការ​កើន​ឡើង ​ដែលទាម​ទារ​ឲ្យមាន​ការបង្កើន​ផលិតកម្ម​ជ្រូក​បន្ថែម​ទៀត​ ដើម្បី​​ឆ្លើយ​តប​តាម​តម្រូវ​ការ​កើន​ឡើង​នេះ។

​លោក ​សាខុន បានអំពាវនាវ​ដល់​​អ្នកចិញ្ចឹម​ជ្រូក ​ម្ចាស់​សត្ត​ឃាតដ្ឋាន ​និងអាជីវករ​លក់​សាច់ជ្រូក ​ឲ្យចូល​រួម​សហការ ​«រក្សា​តម្លៃ​សាច់​ជ្រូក​ ឲ្យនៅ​ដដែល ​ដោយមិន​ត្រូវ​ឆក់​ឱកាស​ដំឡើង​តម្លៃ​សាច់​ជ្រូក​ជា​ដាច់​ខាត»។

លោក​រដ្ឋមន្រ្តី​ក៏បាន​សង្ខេប​ពីប្រវត្តិ​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក ​ដល់​អង្គ​សិក្ខាសាលា​នោះ​ថា ​ជំងឺនេះ​បានផ្ទុះ​ឡើង​លើកដំបូង​នៅ​ឆ្នាំ​ ១៩០៧ ​នៅ​ប្រទេស​ កេនយ៉ា ​ហើយវា​បានផ្ទុះឡើង​ជាបន្តបន្ទាប់​ ទៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក ​និងចុងក្រោយ​ក្នុង​ឆ្នាំ ២០១៨ ​ជំងឺនេះ​បាន​ផ្ទុះ​ឡើង​នៅបណ្តា​ប្រទេស​ក្នុង​​ទ្វីប​អឺរ៉ុប ​រួច​បន្ត​រាល​ឆ្លង​ចូល​ក្នុង​ប្រទេស​ ចិន​ ហើយ​បច្ចុប្បន្ន​បាននិង​កំពុង​បន្ត​រាលដាល​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ប៉ែក​ខាង​ជើង ​និង​កណ្តាល​នៃ​ប្រទេស ​វៀតណាម។

លោក​បន្ថែមថា​៖ «ជំងឺនេះ​បានបង្ក​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ជ្រូក ​និងបាន​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​មានការ​ខាតបង់​យ៉ាង​ច្រើន»។

​កាលពី​ថ្ងៃ​ទី ២២ ​ខែ មីនា ​កន្លង​ទៅ​ថ្មីៗ​នេះ ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ ​ខេត្ត​ស្វាយរៀង ​បាន​បង្ក្រាប​ចាប់​រថយន្ត​ដឹក​ជ្រូក​ចំនួន ៣ គ្រឿង ​ដែលនាំចូល​ពី​ប្រទេស​ វៀត​ណាម ​ដោយ​ខុស​ច្បាប់​ សរុប ៨៩ ក្បាល ​ប៉ុន្តែ​ សំណាង​ល្អ ​ដែលជ្រូក​ទាំង​នោះ ​មិនត្រូវ​បានគេ​រកឃើញ​​ថា​មានផ្ទុក ​ជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​(ASF) ​ឬ ជំងឺ​ត្រចៀក​ខៀវ​ (PRRS) នោះ​ទេ។

លោក​សែន ចាន់​ធី ​ប្រធាន​ការិយាល័យ​ ផលិតកម្ម ​និង​បសុព្យាបាល ​នៃ​មន្ទីរ​កសិកម្ម​​ ខេត្ត​ស្វាយ​រៀង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ម្សិលមិញ​ថា​៖ «ក្រោយ​ពី​បង្ក្រាប​ចាប់​ឃាត់​រថយន្ត​ទាំង​ ៣ គ្រឿង​នោះ​រួច​ហើយ ​មន្ត្រី​ជំនាញ​យើង ​បាន​ធ្វើ​ការ​បូម​យក​សំណាក​ឈាម ​ពី​សត្វ​ជ្រូក​ទាំងនោះ ​បញ្ជូន​មក​មន្ទីរ​ពិសោធន៍​នៅ​រាជធានី ភ្នំពេញ​ ដើម្បី​ពិនិត្យ​រក​មេរោគ ​ASFV និង​ PRRSV ប៉ុន្តែ​ជា​លទ្ធផល​ សត្វ​ជ្រូក​ទាំងនោះ​មិនមាន​ផ្ទុក​មេរោគ​ ឬជំងឺ​ទាំង​នេះ​ឡើយ»៕