
គ្រឿងចក្រត្រូវបានប្រើកាយដីចេញពីតំបន់ឆ្នេរ។ រូបថត ហ្វេសប៊ុក William Guang
ភ្នំពេញៈ លោក សាមុត សុធារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឲ្យដឹងកាលពីម្សិលមិញថា ដីដែលចាក់លុបសមុទ្រនោះ គឺត្រូវកាយចេញភ្លាមៗក្នុងពេលនោះដែរ។
លោកបន្ដថា៖«ដីលុបឆ្នេរនោះ បានចាប់ផ្ដើមកាយចេញពីឆ្នេរវិញ តាំងពីឯកឧត្ដមឧបគាត់ អញ្ចើញមកម្សិលមិញម្លេ៉ះ។ មានគ្រឿងចាក់ច្រើនគ្រឿងកំពុងកាយ ប៉ុន្ដែខ្ញុំអត់បានរាប់ថាប៉ុន្មានទេ»។
ទោះជាយ៉ាងណាក៍ដោយ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពីកូតាគណបក្សខ្មែរក្រោកដែលបានចុះទៅសិក្សាលើការចាក់ដីលើសមុទ្រ នៅក្រុងព្រះសីហនុ តំបន់ព្រែកត្រែង កាលម្សិលមិញបានអះអាងថា ត្រូវមានវិធានការទទួលខុសត្រូវ គឺមិនមែនចប់ត្រឹមនេះទេ។
លោក ថ្លែងថា៖«ខ្ញុំបានទៅជួបជាមួយលោកអភិបាលរងខេត្ដព្រះសីហនុ ហើយគាត់បានបំភ្លឺ ចំពោះវិធានការបែបណាបន្ដទៀត ចំពោះបញ្ហាចាក់ដីចូលសមុទ្រនេះ។ យើងចង់ឲ្យមានការទទួលខុសត្រូវ មិនត្រឹមតែកាយដីនេះចេញអាចរួចខ្លួនទេ»។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង អះអាងថាដីដែលចាក់លុបឆ្នេរសមុទ្រនៅតំបន់ព្រែកត្រែងនោះ គឺជារបស់ម្ចាស់ឈ្មោះ ចឹង សុភាព ហៅ យាយភូ ក្រោមស្លាកក្រុមហ៊ុន ធៀបអ៊ីម៉ិចគ្រុប។
លោក វឌ្ឍនាសាប៊ុង ថ្លែងថា៖«ខាងយាយភូ ទោះជាយ៉ាងណា យើងនៅតែទាមទារ មិនមែនត្រឹមតែឲ្យគាត់កាយដីចេញវិញទេ ក៏ត្រូវតែមានការទទួលខុសត្រូវចំពោះការរំលោភយកដីឆ្នេររបស់រដ្ឋចំពោះមុខច្បាប់ដែរ។ បើនៅតែមិនមានដំណោះស្រាយ យើងនឹងលើករឿងនេះ ទៅក្នុងអង្គប្រជុំនៅឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់តែម្ដង»។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីចេញកាលពីម្សិលមិញ បានឲ្យដឹងថាអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អញ្ជើញចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែងក្នុងភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដើម្បីឲ្យកាយយកដីដែលបានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើមឡើងវិញ៕