ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នគរបាល​មាន​តម្រុយ​រួច​ហើយ​ចំពោះ​ក្រុម​ជន​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​រៀបចំ​ផែនការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​ ២ ​កន្លែង​ក្នុង​រាជធានី​​ភ្នំពេញ និង​ខេត្ត​សៀមរាប​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង​នគរបាល​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នគរបាល​មាន​ «​តម្រុយ​»​ ​រួច​ហើយ​អំពី​ក្រុម​ភេរវករ​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​រៀបការ​បំផ្ទុះ​គ្រាប់បែក​ដោយ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់​ខ្លួន​។

លោក​ថ្លែង​ថា​៖ «​យើង​មិន​ដែល​ធ្វេសប្រហែស​ទេ សម្ដេច​លោក​យក​ចិត្ត​ទុកដាក់​ខ្លាំង​ណាស់​...​យើង​ខិតខំ​ការពារ​ប្រជាជន​គឺជា​រឿង​សំខាន់ ការអភិវឌ្ឍ​ជាតិ អភិវឌ្ឍន៍​សង្គម ការរក្សា​សន្តិភាព សន្តិសុខ ហើយ​មក​បំផ្លាញ​សន្តិសុខ​អ៊ីចឹង​មាន​ន័យថា​ម៉េច​? មាន​ន័យថា [​បំផ្លាញ​] ប្រទេស​ជាតិ​ខ្លួនឯង តើ​យើង​គួរ​អត់ឱន​ឲ្យ​អត់​?»​។ លោក​ថា​ ​នគរបាល​មិន​ទុក​ឲ្យ​ពួក​ឧក្រិដ្ឋជន​ទាំង​នោះ​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​កន្លែង​ «​លេងសើច​» ​របស់​ពួកគេ​តទៅ​ទៀត​ឡើយ​។

លោក​ថ្លែង​ថា​៖ «​ដូច្នេះ​យើង​ខ្ញុំ​មាន​ភារកិច្ច​ដែល​អនុវត្ត មាន​បទបញ្ជា​ក៏ដូចជា​អនុវត្ត​ច្បាប់​ដើម្បី​ស្រាវជ្រាវ​រក​ពួក​នេះ​។ ទី ១ គឺ​ទប់​មិន​ឲ្យ​ធ្វើ​អ្វី​បាន ទី ២ គឺ​ផ្តន្ទាទោស​តាម​ច្បាប់​។ យើង​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ច្បាប់​ថា​ម៉េច គឺ​យើង​នឹង​ធ្វើ​ហើយ​មិន​ទុក​ឲ្យ​លេងសើច​បាន​ទេ​»​។

ទោះ​ជា​យ៉ាង​ណា​លោក ច័ន្ទថារិទ្ធ បាន​បដិសេធ​ផ្តល់​អត្តសញ្ញាណ​របស់​ជនសង្ស័យ​រហូត​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​នាំ​យក​មក​ទទួលទោស​សិន​។

លោក​ថ្លែង​ថា​៖ «​យើង​មាន​តម្រុយ ប៉ុន្តែ​យើង​សុំ​មិន​បញ្ចេញ​ទេ យើង​ធ្វើការ​សិន​។ ចាំ​ពេល​ណា​យើង​ទទួល​លទ្ធផល​ជាក់ស្ដែង យើង​នឹង​ហៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​មក​ជម្រាប​ជូន​»​។

លោក​បន្ថែម​ថា​៖ «​យើង​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ប្រជាជន​មាន​សេចក្ដីសុខ រីកចម្រើន ហើយ​អ្នកឯង​មក​បំផ្លាញ​ធ្វើឲ្យ​ប្រជាជន​រងគ្រោះ រងទុក្ខ រងភ័យ ទទួល​គ្រោះថ្នាក់​អ៊ីចឹង អ្នកឯង​គិត​មើល​។ សម្រាប់​ប្រជាជន​គាត់​មិន​អាច​ទទួល​យក​បាន​ទេ​»​។

ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ចេញ​ភ័ស្តុតាង​ដែល​បាន​ភ្ជាប់​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​នឹង​រណស្សិ​រំដោះជាតិ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក សម សេរី ដែល​រដ្ឋាភិបាល​ជឿ​ថា​ជា​មេខ្លោង​ក្នុង​ការ​បញ្ជា​ឲ្យ​រៀប​គម្រោង​ធ្វើ​ភេរវរកម្ម​ក្នុង​ឱកាស​ចូលឆ្នាំ​ខាង​មុខ​។ ប៉ុន្តែ​ទាំង​លោក សម សេរី បាន​បដិសេធ ហើយ​លោក សម រង្ស៊ី ក៏​បាន​បដិសេធ​ថា​លោក​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក សម សេរី នោះ​ទេ​។

នៅក្នុង​ខ្សែអាត់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ស្រី្ត​ឈ្មោះ​ ហ៊ុយ ធូ បាន​ភ្ជាប់​ព្រះតេជគុណ យិន រតនសុធាវី ទៅ​នឹង​ផែនការ​បំផ្ទុះ​គ្រាប់​។ នាយឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា សមត្ថកិច្ច​កំពុង​ «​ឃ្លាំមើល​» ​ព្រះសង្ឃ​អង្គ​នេះ​ហើយ​បាន​ប្រៀបធៀប​ព្រះសង្ឃ​អង្គ​នេះ​ទៅ​នឹង​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែល​កំពុង​រស់នៅ​និរទេស​នៅ​បរទេស​។

លោក​ សុភ័គ ​ថ្លែង​ថា​៖ «​ព្រះសង្ឃ​អង្គ​នេះ​មិន​ខុស​អី​ពី​លោកសង្ឃ ប៊ុត ប៊ុនតិញ​ទេ ដូច​តែ​គ្នា​តាមពិត​។ ព្រះសង្ឃ​មក​ធ្វើ​អ៊ីចឹង គាត់​ជា​អ្នក​គាំទ្រ អ្នក​ហ្នឹង​ត្រូវ​បាន​បណ្តុះបណ្ដាល​ដោយ​ពួក សម សេរី ហើយ​ចេញ​មក​វិញ គឺ​បួស ហើយ​គាំទ្រ សម សេរី និង​គាំទ្រ សម រង្ស៊ី​»​។

ប៉ុន្តែ​ព្រះតេជគុណ រតនសុធាវី បាន​ច្រានចោល​ការចោទប្រកាន់​ទាំងអស់​មក​លើ​ព្រះអង្គ ហើយ​ថា​ព្រះអង្គ​មិន​ដែល​ទទួល​ការហ្វឹកហាត់​អ្វី​ឡើយ ពី​ក្រុម​លោក សម សេរី​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​សមត្ថកិច្ច​បាន​ចុះ​មក​ឃ្លាំមើល​ដល់​អារាម​របស់​ព្រះអង្គ​គង់​នៅ​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា​៖ «​អាត្មា​ថា​កុំ​ឲ្យ​តាមដាន​អាត្មា​អី អាត្មា​ជា​សង្ឃ​ព្រះពុទ្ធសាសនា សូម​សំណូមពរ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា សម្ដេច​ ហ៊ុន សែន​...​សូម​កុំ​យក​ព្រះពុទ្ធសាសនា​ទៅ​លេង​សើច​ជាមួយ​អ្នក​នយោបាយ​ជាមួយ​អ្នក​ធ្វើ​ភេរវកម្ម​លោក សម សេរី​។ អាត្មា មិន​បាន​ពាក់ព័ន្ធ​អ្វី​ទេ​។ អាត្មា​មាន​តែ​ដើរ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​នៅ​តាម​ខេត្ត តាម​ក្រុង​ប៉ុណ្ណោះ​»៕