
អ្នកគ្រូពេទ្យ (រូបក្នុងរង្វង់) ដែលរងការចោទថាប្រើហិង្សាលើអ្នកជំងឺ។ ហ្វេសប៊ុក
រតនគិរីៈ មន្ត្រីក្រសួងសុខាភិបាលពីម្សិលមិញបានសម្ដែងការសោកស្ដាយចំពោះទង្វើអសីលធម៌របស់មន្ត្រីពេទ្យផ្នែកជំងឺភ្នែកម្នាក់នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បន្ទាប់ពីបានរកឃើញថាគ្រូពេទ្យរូបនោះ បានប្រើប្រាស់ពាក្យសម្ដីជេរប្រមាថ និងទះកំផ្លៀង អ្នកជំងឺដែលជាពលរដ្ឋជនជាតិដើមភាគតិច ដូចអ្វីដែលបានផ្សព្វផ្សាយជាសាធារណៈ។
លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ម្សិលមិញថា ការចុះផ្សាយព័ត៌មានថាមានអ្នកគ្រូពេទ្យម្នាក់ក្នុងមន្ទីរពេទ្យបង្អែកខេត្តប្រើប្រាស់ហិង្សា និងជេរប្រមាថអ្នកជំងឺ គឺពិតជាកើតឡើងមែន បន្ទាប់ពីក្រុមប្រឹក្សាវិន័យរបស់មន្ទីរសុខាភិបាលបានចុះទៅស្រាវជ្រាវទាំងយប់កាលពីថ្ងៃទី ២៣ កក្កដា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម។
លោកបន្តថា មន្ត្រីដែលប្រព្រឹត្តខុសក្រមសីលធម៌នេះ មានឈ្មោះ ណុប យុំ ហើយការរកឃើញកំហុសនឹងធ្វើឱ្យមន្ត្រីពេទ្យនេះប្រឈមនឹងការដាក់ទោសទណ្ឌ ប៉ុន្តែលោកថាមិនទាន់ចង់បញ្ជាក់លម្អិតពីកម្រិតទណ្ឌកម្មឡើយ។
លោកថា៖ «យើងបានធ្វើការ (ស៊ើបអង្កេត) ចប់សព្វគ្រប់ហើយ ហើយក្រុមប្រឹក្សាវិន័យក៏បានដាក់ទោសទណ្ឌរួចហើយ និងកំពុងយកឯកសារមកក្រសួង។ក្រុមប្រឹក្សាវិន័យធ្វើការទាំងយប់ រហូតដល់ម៉ោង ៤ ភ្លឺទើបបញ្ចប់ បន្ទាប់ពីមន្ទីរសុខាភិបាលបានដឹងកាលពីថ្ងៃ ២៣ ម៉ោង ៣»។
ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «ដើម្បីប្រជាជនកម្ពុជា» បានចុះផ្សាយបង្ហាញពីការខកចិត្តចំពោះមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ខណៈបានសរសេររៀបរាប់ថា គាត់បាននាំម្ដាយឈ្មោះ ប៉ះ ពាល អាយុ ៥៦ ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិផាក់ណាម ឃុំកោះពាក់ ស្រុកវ៉ើនសៃ ទៅពិនិត្យជំងឺភ្នែក ហើយដោយសារជំងឺធ្ងន់ធ្ងរ ខាងមន្ទីរពេទ្យបង្អែកបានណែនាំម្ដាយរបស់ខ្លួនឱ្យសម្រាកព្យាបាលរយៈពេល ១ អាទិត្យ។
ម្ចាស់គណនីហ្វេសប៊ុកដដែលបន្តថា៖ «រឿងដែលហួចចិត្តនោះ គឺទៅដល់អគារផ្នែកភ្នែកបានជួបនឹងអ្នកគ្រូពេទ្យម្នាក់ សម្ដីសំដៅគ្មានសីលធម៌វិជ្ជាជីវៈជាពេទ្យសោះ សម្ដីកោងកាច តិះដៀលប្រមាថមាក់ងាយ ពួកអាជនជាតិល្ងីល្ងើ ភ្លីភ្លឺ បិបឹ អាចុយម្រាយ។ ហ៊ានលើកដៃទះកំផ្លៀងឆ្វេងស្ដាំ និងវាយដៃ ចាប់ទាញជើងដូចទាញអុស ខណៈពេលកំពុងពិនិត្យអ្នកជំងឺ។ម្ដាយខ្ញុំមានជំងឺគថ្លង់ ពិការភ្នែក មើលមិនឃើញហើយមិនអាចស្ដាប់ និងចេះនិយាយភាសាខ្មែរទេព្រោះគាត់ជាស្ដ្រីមេម៉ាយ ជនជាតិដើមភាគតិច»។
ម្ចាស់គណនីហ្វេសប៊ុកនេះអំពាវនាវឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លុបបំបាត់មន្ត្រីប្រព្រឹត្តអសីលធម៌នេះ ដោយបានចាត់ទុកថា វានឹងធ្វើឱ្យសេវាសុខាភិបាលរបស់រដ្ឋកាន់តែធ្លាក់ដុនដាប ខណៈអ្នកជំងឺជាច្រើនទៀតក៏បានលើកឡើងថា មន្ត្រីពេទ្យម្នាក់នេះតែងប្រើប្រាស់ហិង្សានិងជេរប្រមាថអ្នកជំងឺយូរណាស់មកហើយ។
ក្រោយពីមានការលើកឡើងនេះ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាលក៏បានបញ្ជាក់តាមហ្វេសប៊ុកដែរថា ក្រសួងនឹងរកយុត្តិធម៌ជូនអ្នកជំងឺ ហើយនឹងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុតចំពោះមន្ត្រីដែលប្រព្រឹត្តកំហុសឆ្គងបែបនេះ។
ភ្នំពេញ ប៉ុស្ដិ៍ មិនអាចសុំការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាលបានទេ កាលពីម្សិលមិញ ដោយសារអ្នកលើកទូរស័ព្ទថា លោកស្រីជាប់រវល់ ខណៈលោកស្រី ឱ វណ្ណឌីន មន្ត្រីនាំពាក្យក្រសួងសុខាភិបាល មិនអាចទាក់ទងបាន។
លោក ឌិន ខុន្នី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរីបានថ្លែងថា រដ្ឋធម្មនុញ្ញបានចែងថា ពលរដ្ឋកម្ពុជាទាំងអស់មិនថាជនជាតិអ្វីឡើយ គឺមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ហើយបើច្បាប់ស្ដីពីសិទ្ធិមនុស្សជាតិ និងអន្តរជាតិក៏បានចែងថា ពលរដ្ឋម្នាក់ៗ គឺមានសេចក្ដីថ្លែថ្នូររបស់ខ្លួន ដោយគ្មានអ្នកណាម្នាក់អាចរើសអើងឬមើលងាយបានឡើយ ។
លោកថា៖ «ប្រជាពលរដ្ឋកំពុងមានជំងឺ ហើយដល់ពេលទៅរកគ្រូពេទ្យ គ្រូពេទ្យប្រើពាក្យអសុរោះឬអសីលធម៌ វាកាន់តែធ្វើឱ្យប៉ះពាល់បញ្ហាផ្លូវចិត្តរបស់ពួកគាត់ថែមទៀត»។
លោកបានបន្តថា មន្ត្រីពេទ្យដែលប្រើពាក្យអសីលធម៌ ត្រូវតែរងការពិន័យផ្នែករដ្ឋបាលដូចជាការកាត់ប្រាក់ខែ ការដកបញ្ឈរជើងឬការដកចេញពីក្របខ័ណ្ឌដើម្បីជាការព្រមានទៅដល់គ្រូពេទ្យផ្សេងទៀត ខណៈលោកបញ្ជាក់ថា ការប្រើពាក្យជេរប្រមាថ និងប្រើហិង្សាដោយទះកំផ្លៀងអ្នកជំងឺគឺបទល្មើសព្រហ្មទណ្ឌដែលគ្រូពេទ្យរូបនោះត្រូវប្រឈមនឹងច្បាប់ ប្រសិនបើអ្នកជំងឺប្ដឹងទៅកាន់តុលាការ៕