ភ្នំពេញៈ រដូវ​ត្រី​ធ្វើ​ប្រហុក​វគ្គ​ដំបូង​នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​ ២៩ ខែ ធ្នូ ឆ្នាំ​ ២០២០ ​នេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ខកខាន​ធ្វើ​ប្រហុក ផ្អក និង ត្រីឆ្អើរ ក្នុង​វគ្គ​ដំបូង​នេះ កុំ​ទាន់​អស់សង្ឃឹម ព្រោះ​មន្ត្រី​ជំនាញ​ជលផល​បាន​អះអាង​ថា នៅ​ពាក់កណ្ដាល​ខែមករា ឆ្នាំ​ ២០២១ ​ខាងមុខនេះ ត្រី​ប្រហុក​នឹង​កើតមាន​ជាថ្មី​ម្ដងទៀត​។

លោក​ អ៊ុច វុត្ថា ប្រធាន​នាយកដ្ឋាន​កិច្ចការ​ជលផល​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃអាទិត្យ​ថា នៅសល់​តែ​ ២ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ខែ​រនោច​នឹង​ចូលមក​ដល់​។ ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ​នៃ​ខែរនោច​នេះ ត្រី​នឹង​មិន​បំផ្លាស់ទី​ចេញពី​បឹង​ទន្លេសាប ចូលមក​តាម​ដង​ទន្លេសាប​នៃ​ខ្សែទឹក​ខាងក្រោម ដើម្បី​ឆ្ពោះទៅកាន់​ទន្លេមេគង្គ​នោះឡើយ​។

លោក​បាន​ថ្លែងថា​៖ «​ជាទូទៅ​នៅក្នុង​ខែរនោច​ត្រី​មិនត្រូវ​នោះទេ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​ ៥-៦ ​ខ្នើត ខែមាឃ​ខាងមុខនេះ ត្រី​នឹង​ត្រូវ​ច្រើន​ជាថ្មី​ម្ដងទៀត ដូច្នេះ​អ្នក​ដែល​ខកខាន​ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ​នៅក្នុង​វគ្គ​ដំបូង​នេះ កុំ​ទាន់​អស់សង្ឃឹម​»​។

ទោះយ៉ាងណា​ប្រជាពលរដ្ឋ​ដែល​មកពី​តំបន់​ដាច់ស្រយាល​មួយចំនួន​ក្នុង​ខេត្តកណ្ដាល កំពង់ស្ពឺ និង​តាកែវ បាន​ត្អូញត្អែរថា តម្លៃ​ត្រី​ប្រហុក​នៅក្នុង​ឆ្នាំនេះ​ថ្លៃ​សម្រាប់​ទីតាំង​ដាយ​ត្រី​ក្នុង​ដង​ទន្លេសាប​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ គឺ ចន្លោះ​ពី​ ៣ ៥០០ ​រៀល ដល់​ ៥ ៥០០ ​រៀល ក្នុង​ ១ ​គីឡូក្រាម​ដែល​តម្លៃ​នេះ​ថ្លៃ​ខ្ពស់ជាង​ឆ្នាំ​ ២០១៩ ​ទ្វេដង​។

តម្លៃ​ត្រី​ដ៏ខ្ពស់​នេះ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​សម្រេចចិត្ត​មិន​ទិញ​ត្រី​ធ្វើ​ប្រហុក​ក្នុង​វគ្គ​ដំបូង​នោះទេ ដោយ​ពួកគេ​ខ្លះ​បាន​សម្រេចចិត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ដៃទទេ ដើម្បី​ត្រៀម​រកប្រាក់​បន្ថែម​សម្រាប់​ការធ្វើ​ត្រី​ប្រហុក​នៅ​វគ្គ​បន្ទាប់ ដែល​នឹង​មកដល់​នៅ​ពាក់កណ្ដាល​ខែមករា​ឆ្នាំ​ ២០២១​។

អ្នកស្រី អ៊ុក ចន្ធី អាយុ ៤៥ ​ឆ្នាំ​មកពី​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា អ្នកស្រី និង​ប្ដី​របស់គាត់​បានសម្រេច​ចិត្ត មិន​ទិញ​ត្រី​ធ្វើ​ប្រហុក​ទេ នៅក្នុង​វគ្គ​ដំបូង​នេះ ដោយសារ​តែ​តម្លៃ​ត្រី​ថ្លៃ​ពេក គឺ​ក្នុង​ ១ ​គីឡូក្រាម​ថ្លៃ​ពី ៣ ៥០០ ​រៀល​ ទៅ​ ៥ ៥០០ ​រៀល​។

អ្នកស្រី​និយាយថា​៖ «​យើង​បាន​ត្រៀម​លុយ​ ៥០ ​ម៉ឺន​រៀល ដើម្បី​មក​ធ្វើ​ប្រហុក​នា​ដើម​រដូវកាល​នេះ ប៉ុន្តែ​តម្លៃ​ត្រី​វា​ខ្ពស់​ពេក​។ ដូច្នេះ​មាន​តែ​ត្រឡប់​ទៅ ផ្ទះ​វិញ ដើម្បី​រង់ចាំ​ដល់​ខ្នើត​ថ្មី ដែល​នឹង​មកដល់​នា​ពាក់កណ្ដាល ខែ​មករា ឆ្នាំ​ ២០២១ នេះ​វិញ​»​។

ជុំវិញ​ករណីនេះ ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ក្នុង​ដង​ទន្លេសាប ដែល​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ច្រាំង​ចំរេះ​ ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ គឺ​លោក​ គីម នាង អាយុ​ ៥២ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា តម្លៃ​ត្រី​ថោក ឬ​ថ្លៃ​អាស្រ័យ​ទៅ​លើ​ត្រី​ចាប់​បាន​តិច​ ឬ​ច្រើន​។

«​កាលពី​ថ្ងៃទី​​ ២០-២៣ ខែធ្នូ ឆ្នាំ​ ២០២០ ខ្ញុំ​ចាប់​ត្រី​បាន​ជា​មធ្យម ៣,៥ ​តោន ក្នុង​រយៈពេល​ ២៤ ​ម៉ោង​»​។ នេះ​ជាការ​លើកឡើង​របស់​លោក​ គីម នាង​។ លោក​បាន​និយាយថា ក្នុង​អំឡុង​ពេលនោះ​តម្លៃ​ត្រី​ដែល​គាត់​លក់​ចេញ​គឺ​ក្នុងតម្លៃ​ត្រឹមតែ ៣ ០០០ ​រៀល ទៅ​ ៣ ៥០០ ​រៀល​ ក្នុង​ ១ ​គីឡូក្រាម​។

លោក​បាន​បន្ថែមថា​៖ «​ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​ចាប់បាន​ត្រឹមតែ​ ៨០០ ​គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ​ ១ ​យប់ ដូច្នេះ​តម្លៃ​លក់​ក៏​ឡើង​ថ្លៃ​ខ្ពស់​ទៅតាម​ហ្នឹង​ដែរ​»​។

ជាមួយ​គ្នានេះ​លោក​បាន​ត្អូញត្អែរ​ផងដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មុខរបរ​អាជីវកម្ម​ដាយ​ត្រី​របស់គាត់​រក​មិនឃើញ​ប្រាក់ចំណេញ​នោះទេ ដោយសារតែ​ចាប់​ត្រី​មិនបាន​ច្រើន​ដូច​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ២០០០​។ លោក​អះអាង​ថា ក្នុង​រដូវ​ប្រមូល​ផល​ត្រី​ប្រហុក​មកដល់ នៅ​គន្លង​ដាយត្រី​របស់គាត់ ធ្លាប់​ចាប់​បាន​ក្នុង​ចន្លោះ​ពី ៥ ​តោន​ដល់​ ៨ ​តោន​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​។

ទោះយ៉ាងណា​ក៏ដោយ លោក គីម នាង នៅតែមាន​សុទិដ្ឋិនិយម​ទៅ​លើ​មុខរបរ​អាជីវកម្ម​ដាយ​ត្រី​នេះ ព្រោះ​បើតាម​ម្ចាស់​អាជីវកម្ម​រូបនេះ ការងារ​នេះ​ជា​មុខរបរ​ត​ពី​ឪពុកម្ដាយ​របស់លោក អស់​រយៈពេល​ជាង​ ៣០ ​ឆ្នាំ​មកហើយ​។

ម្យ៉ាងទៀត​នោះ បើតាម​លោក​ គីម នាង ការថយចុះ​នូវ​ទិន្នផល​ត្រី​ទឹកសាប​ក្នុង​ធម្មជាតិ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ គឺ​បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ ដែល​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​របប​ទឹកទន្លេ​មេគង្គ និង​ជាពិសេស​គឺ​ការកើតមាន​បទ​ល្មើស​នេសាទ​ខុសច្បាប់​។ ក្នុងនោះ ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​រួមមាន មង​កន្ទុយ​កណ្តុរ ឬ​មង​ប្រើស​ ១០០ លូស្បៃមុង និង​មង​បណ្ដែត ដែលមាន​ភ្ជាប់​ដុំ​ឆក់​ត្រជាក់​ជាដើម​៕