ភ្នំពេញៈ អ្នកវិភាគ និង​មន្ត្រី​យល់​ស្រដៀង​គ្នា ចំពោះ​ការប្រកាស​វិល​ចូល​ស្រុក​របស់លោក​ សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្សប្រឆាំង​នៅ​ខែវិច្ឆិកា​ដែល​ម្ខាង​ថា ជា​សង្គ្រាម​ចិត្តសាស្ត្រ ឯខាង​មន្ត្រី​នៅ​តែ​មិន​មាន​ជំនឿ​ថា ការប្រកាស​នេះ​ក្លាយ​ជា​ការពិត ប៉ុន្តែ​ថា​បើ​ពិតមែន​នោះ​វា​ជា​រឿង​ល្អ និង​ងាយស្រួល​សម្រាប់​សមត្ថកិច្ច​ក្នុង​ការវាយខ្នោះ​។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ CNRP បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ដោយ​ប្រកាស​ពី​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្តីទី​អតីត​ CNRP សម រង្ស៊ី មក​កម្ពុជា​វិញ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​ចំ​ថ្ងៃ​រំឭក​ខួប​ឯករាជ្យ​របស់​កម្ពុជា​ពី​អាណានិគម​បារាំង​។ ការប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ប្រជុំ​ដោយ​លោក សម រង្ស៊ី ផ្ទាល់​។

ថ្លែង​នៅពេល​ជួប​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី​ពី​ម្សិលមិញ​លោក​ រង្ស៊ី បញ្ជាក់​ពី​ការសម្រេច​ចិត្ត​នោះ​ថា​៖ «​ហើយ​សុំ​ហែក​ទ្រូង​ជម្រាប​បងប្អូន​ចុះ​កាលពី​ម្សិលមិញ​ខ្ញុំ​បាន​ធ្វើ​សេចក្ដី​សម្រេច​មួយ​សំខាន់​ជាងគេ​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ ថា​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​យើង​វិញ​។ ទៅ​ជួយ​ប្រជារាស្ត្រ​ខ្មែរ​ឲ្យ​ទាល់តែ​បាន​»​។

លោក​ថា​ពេលវេលា​ទុំ​ហើយ​ដែល​លោក​ត្រូវ​ចូល​មក​វិញ ដោយ​បញ្ឈប់​ការតស៊ូ​ពី​ខាង​ក្រៅ​។ ដូច្នេះ​លោក​នឹង​ចូល​មក​បំផុស​ប្រជារាស្ត្រ​។

លោក​ អ៊ូ ចាន់ឫទ្ធិ អតីត​តំណាងរាស្ត្រ CNRP និង​ជា​អ្នកនាំពាក្យ​ក្រុម​ការងារ​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​អតីត​ថ្នាក់ដឹកនាំ CNRP ប្រាប់​ពី​ម្សិលមិញ​ថា​ការជ្រើសរើស​យក​ថ្ងៃទី​ ៩ វិច្ឆិកា​ក្នុង​ការវិល​ត្រឡប់​គឺ​យក​ថ្ងៃ​ដែល​សម្ដេចព្រះនរោត្តម សីហនុ​បាន​រំដោះប្រទេស​ពី​ការគ្រប់គ្រង​របស់​បរទេស​។ លោក​បន្ថែម​ថា​រយៈពេល​ប្រហែល​ ២ ​ខែ​ដែល​នៅ​សល់​ជា​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​រួមមាន​ការងារ​ទូត​ការងារ​ផ្ទៃក្នុង និង កម្លាំង​ផ្សេងៗ​។

លោក​ថ្លែង​ថា​៖ «​យើង​ជឿថា ការវិលត្រឡប់​របស់​យើង​នឹង​មិន​មាន​ការចាប់​ខ្លួន​ទេ ដោយសារ​យើង​ទៅ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​។ ដូច្នេះ​ខ្ញុំ​ក៏​ដូច​ថ្នាក់ដឹកនាំ​ជឿជាក់​ថា​មិនមាន​ការចាប់​ខ្លួន​ទេ ប៉ុន្តែ​បើ​មាន​ការចាប់ខ្លួន យើង​មាន​ពេល​ ២ ​ខែ​ទៀត យើង​នឹង​ជជែក​គ្នា​ទាំងអស់​ថា អ្វី​ខ្លះ​នឹង​អាច​កើតឡើង​?»​។

ការប្រកាស​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី មិនមែន​ជា​លើក​ទី​ ១ ​ទេ ប៉ុន្តែ​លោក​ធ្លាប់​បាន​ធ្វើ​ឡើង​ជាច្រើន​លើក​រួចហើយ​។ ការប្រកាស​ចុងក្រោយ​គឺ​ពាក់ព័ន្ធ​នឹង​ការភ្នាល់​គ្នា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការដោះលែង​លោក​ កឹម សុខា​។ លោក​ថា​លោក​ កឹម សុខា នឹងត្រូវ​ដោះលែង​យ៉ាងយូរ​ត្រឹម​ខែ​ ៣ ឆ្នាំ​ ២០១៩​នេះ ហើយ​បើ​លោក​ចាញ់​លោក​នឹង​ចូល​មក​ស្រុក​ខ្មែរ​ឲ្យ​ចាប់​ខ្លួន​។

ទោះ​យ៉ាង​ណា​លោក​ អ៊ូ ចាន់ឫទ្ធិ ថ្លែង​ថា វា​ជា​លើកដំបូង​ហើយ​ដែល​លោក​ សម រង្ស៊ី ប្រកាស​ពី​កាលបរិច្ឆេទ​ច្បាស់​មាន​ទាំង​ថ្ងៃ ខែ និង​ឆ្នាំ​។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​លោក​ ឆាយ គឹមខឿន ថ្លែង​ពី​ម្សិលមិញ​ថា ព័ត៌មាន​អំពី​ការវិលត្រឡប់​មកវិញ​នេះ​គឺជា​រឿង​ល្អ​សម្រាប់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ដែល​កំពុង​ស្វែងរក​ចាប់ខ្លួន​លោក​ សម រង្ស៊ី តាម​អំណាច​សាលដីកា​តុលាការ​។ ប៉ុន្តែ​លោក​ថា ការប្រកាស​នេះ​ក៏បង្ក​បញ្ហា​មួយចំនួន​ដែរ​។

លោក​ថ្លែង​ថា​៖ «​បើ​ការនិយាយ​ពី​ការអនុវត្ត​ច្បាប់​អនុវត្ត​ដីកា និង​ការពង្រឹង​នីតិរដ្ឋ ព័ត៌មាន​នេះ​ល្អ​សម្រាប់​សមត្ថកិច្ច​ព្រោះ​ឲ្យ​តែ​គាត់​មក យើង​ន្អាលនឹង​វាយខ្នោះ​។ គាត់​ប្រកាស​អ៊ីចឹង​មែន តែ​ខ្ញុំ​មិន​ជឿ ហើយ​វា​ក៏​មាន​ឥទ្ធិពល​មិន​ល្អ ដោយសារ​តែ​គាត់​អាច​ធ្វើ​អ៊ីចឹង​ដើម្បី​ញុះញង់​កម្លាំង​ដែល​នៅក្នុង​ស្រុក​គាំទ្រ​គាត់​មួយ​ចំនួន​ឲ្យ​ស្ទុះ​ក្រោក​ឡើង​»​។

លោក​បន្ត​ថា​៖ «​វា​ជា​រឿង​មួយ​ដែល​គាត់​កំពុង​បំពុល​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យើង​ពិបាក​ធ្វើការ​ដែរ​។ សកម្មជន​គាត់​អាច​ដើរ​ខ្សឹប​ដើរ​ខ្សៀវ ដើរ​បង្កើត​បញ្ហា​នេះនោះ ដើម្បី​កៀរគរ​ប្រមូល​មនុស្ស​មក​ចាំ​ទទួល​គាត់​។ តែ​គាត់​មក​មិន​មក មិន​ប្រាកដ​ទេ​»​។ លោក​បញ្ជាក់​សាជាថ្មី​ថា សមត្ថកិច្ច​ដាច់ខាត​ត្រូវ​ចាប់ខ្លួន​លោក​ សម រង្ស៊ី ពីព្រោះ​លោក​មាន​ដីកា​ចាប់​ខ្លួន​ច្រើន​ណាស់​។

លោក មាស នី អ្នកវិភាគ​បញ្ហា​សង្គម​យល់ថា ការប្រកាស​ពី​មាតុភូមិ​និវត្តន៍​គ្រាន់តែ​ជា​សង្គ្រាម​នយោបាយ​ប៉ុណ្ណោះ បើ​ទោះបី​ជា​មានការ​កំណត់​ពេល​ជាក់លាក់​ក៏ដោយ​។ លោក​ថា​ការកំណត់​យក​ថ្ងៃ​ ៩ ខែ​វិច្ឆិកា​ក៏​ដើម្បី​ស្ទង់​មើល​ការវិវត្ត​នៃ​ដំណើរ​ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​សហភាព​អឺរ៉ុប និង​ការវិវត្តន៍​នៃ​ «​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ២០១៩» ដែល​សភា​អាមេរិក​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ និង​វិបត្តិ​សង្គម​នានា​ដែល​អាច​កើត​មានឡើង​ដោយសារ​តែ​ឥទ្ធិពល EBA​។

លោក​ថ្លែង​ថា​៖ «​ឲ្យ​គាត់​ត្រឡប់​មក​វិញ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ហាក់​ដូចជា​មិន​មាន​ប្រយោជន៍​អី​សម្រាប់​គាត់​ទេ ក្រៅពី​មក​ដើម្បី​ឲ្យ​គេ​ចាប់គាត់​ដាក់គុក​។ ប៉ុន្តែ​បើ​សិន​ជា​គាត់​ប្រើ​វិធីសាស្ត្រ​ផ្សេង​ដូចជា មិន​មក​ចូល​ស្រុក​ខ្មែរ​តែ​ម្ដង​ទេ តែ​មក​នៅ​ស្រុក​ជិត​ខាង​ដើម្បី​មើល​ពី​ការទទួល និង​ការយក​ចិត្ត​ទុកដាក់​របស់​ប្រទេស​ជិត​ខាង​។ បើ​មិន​មាន​ការធ្វើ​បត្យាប័ន​បញ្ជូន​អី អាហ្នឹង​វា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ខាង​ក្នុង​ហាក់ដូច​ដេក​មិន​លក់​ដែរ បើ​មាន​ចរន្ត​នោះ​កើតឡើង​»​។

លោក​បន្តថា​៖ «​បើសិន​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​មិន​ខ្វល់ខ្វាយ​លើ​សម្ពាធ​​ [​ពី​បរទេស​] ​ខ្ញុំ​គិតថា​ដំណើរការ​គ្រប់គ្រង​រដ្ឋាភិបាល​នឹង​ប្រឈម​នឹង​សម្ពាធ​ ២ ​ធំៗ​គឺ​សម្ពាធ​ពី​អន្តរជាតិ​។ បើ​រដ្ឋាភិបាល​បន្ត​កម្ទេច​បក្សប្រឆាំង​ដូច​ដែល​គណបក្ស​ប្រជាជន​បាន​ប្រកាស​ឡើង​ថា​កម្ទេច​ទាល់តែ​ខ្ទេច​នោះ វា​នឹង​ធ្វើឲ្យ​ស្ថានភាព​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​អាក្រក់​ថែម​ទៀត​»​។

លោក​បន្ត​ថា​សម្ពាធ​ទី ២ ដែល​អាច​កើត​មាន​គឺ​សម្ពាធ​ផ្ទៃក្នុង​ករណី​មាន​ការព្យួរ EBA ឬ​ការដក GSP ដែល​អាច​ធ្វើឲ្យ​កម្មករ​បាត់បង់​ការងារ និង​ការបង្កក​ទ្រព្យសម្បត្តិ និង​ការ​រឹតត្បិត​ទិដ្ឋាការ​ដោយ​ច្បាប់ H.R ៥២៦ របស់​អាមេរិក​។

លោក​ មាស នី ថ្លែង​ថាបើ​ការប្រកាស​វិល​ចូល​ស្រុក​លើក​នេះ​ត្រូវ​ពន្យារ​វិញ​ដោយ​មិន​មាន​ហេតុផល​សមរម្យ​នោះ វា​ធ្វើឲ្យ​ការប្រកាស​បែបនេះ​សាបរលាប​។ ប៉ុន្តែ​លោក​ថា បើ​សិន​ជា​ក្រុម​អតីត​មេដឹកនាំ​បក្សប្រឆាំង​ពិតជា​មកវិញ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​រារាំង​មិន​ឲ្យ​ចូល​ស្រុក​នោះ វា​ជា​មូលហេតុ​មួយ​ដែល​ក្រុម​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​យក​ជា​មូលហេតុ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មើល​ទៅ​ហាក់​ដូចជា​សេណារីយោ​ទី​ ២ ​នេះ​ច្បាស់​ជាង​។ ខ្ញុំ​មាន​ជំនឿ​ថា​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​មិន​ចង់​មាន​វត្តមាន​លោក​ សម រង្ស៊ី នៅក្នុង​ស្រុក​ទេ ទោះបី​នៅក្នុង​គុក​ក៏ដោយ​ក៏​ពិបាក​ក្នុង​ការគ្រប់គ្រង​ដែរ​»​។

ដោយឡែក​លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់​ថា ការប្រកាស​ពី​មាតុភូមិនិវត្តន៍​នេះ​ទី​ ១ ​គ្រាន់តែ​ជា​សារ​ដាស់តឿន​ដល់​សមាជិក​របស់​លោក​ថា លោក​កំពុង​មាន​សកម្មភាព​នៅឯ​បរទេស ហើយ​កុំ​ឲ្យ​ខាង​ក្នុង​ដេកលក់​។ ទី​ ២ ​ការធ្វើ​នេះ​ចង់​ឲ្យ​ [​រដ្ឋាភិបាល​] ព្រួយ​បារម្ភ​។

លោក​ថ្លែង​ថា​៖ «​ប៉ុន្តែ​រដ្ឋាភិបាល​កុំ​ទៅ​ឈឺក្បាល​ជាមួយ​មនុស្ស​ចឹងៗ យើង​ជា​ប្រទេស​អនុវត្ត​ច្បាប់ ជា​ប្រទេស​នីតិរដ្ឋ​។ អ៊ីចឹង​អ្នកឯង​មក​ក៏​មក​ទៅ អ្នកឯង​មក គោរព​ច្បាប់​ទៅ​។ កាលណា​យើង​យក​រឿង​ហ្នឹង​មក​ធ្វើ​ពពុះ​ច្រើន ធ្វើឲ្យ​ សម រង្ស៊ី រឹត​តែ​មាន​ការងារ​ធ្វើ ធ្វើឲ្យ សម រង្ស៊ី រឹតតែ​ល្បីឈ្មោះ​។ បើ​ជើង​ខ្លាំង ដើរ​ចូល​មក​ដូច កឹម សុខា​។ អ៊ីចឹង​បាន​ឡូយ​»​។

លោក​ថា​ការប្រកាស​នេះ​ក៏​ជា​ចំណុច​ផ្ដាច់ព្រ័ត្រ​របស់​លោក សម រង្ស៊ី គឺថា​បើ​លោក​មិន​មក​គឺ​គាត់​អស់​សីល​នៅពេល​នោះ​ហើយ គឺ​ដោយសារ​គាត់​ភូតកុហក​ច្រើនពេក​។

ជាមួយ​គ្នា​នេះ​អតីត​សមាជិក​មូលដ្ឋាន​របស់ CNRP នៅ​ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្ត​កំពត លោក​ នុត ពេជ អាយុ​ ៦៣ ​ឆ្នាំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ដោយ​អនុវត្ត​តាម​ដីកា​ចាប់ខ្លួន​របស់​តុលាការ​។

យោងតាម​ដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ចេញ​ដោយ​លោក​ អ៊ី ឃាង ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពត​ចុះ​ថ្ងៃ​ទី​ ១៧ ខែ​ឧសភា ឈ្មោះ​ នុត ពេជ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​មិន​អនុវត្ត​សេចក្ដី​សម្រេច​របស់​តុលាការ​ (​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​) ប្រមូលផ្ដុំ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​»​។ លោក​ចៅក្រម​បញ្ជាក់​ថា​សកម្មភាព​របស់​ នុត ពេជ បាន​ប្រព្រឹត្ត​ឡើង​កាលពី​ខែ​មេសា និង​ឧសភា​នៅ​ភូមិ​ព្រៃ​សំណាង​លើ ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត​។

លោក​ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ឈ្មោះ​ នុត ពេជ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​រួច​ហើយ​កាលពី​ថ្ងៃ​ចាប់​ខ្លួន​៕

វីដេអូ៖