បាត់ដំបងៈ ក្រុម​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បាន​បើក​យុទ្ធនា​ការចុះ​ល្បាត​ព្រៃ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​សត្វព្រៃ​ដែល​បទល្មើស​នេះ​បាន​កំពុង​កើត​មាន​អំឡុងពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ស្រប​ពេល​ដែល​ពលករ​ខែ្មរ​ដែល​បានចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​នាំគ្នា​សម្រុក​ចូលមក​កម្ពុជា​វិញ​តាម​ច្រករបៀង​តាម​ព្រំដែន ក្រោយពី​មាន​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវីដ​១៩​។

លោក កត់ បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា ក្រោយពី​មាន​កំណើន​ពលករ ចំណាកស្រុក​ពី​ប្រទេស​ថៃ​បាន​ធ្វើឲ្យ​បទល្មើស​សត្វព្រៃ​កើត​មាន​គួរ​ឲ្យ​កត់សម្គាល់​នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ពិសេស​នៅក្នុង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត និង​តំបន់​រ៉ាមសារ​ព្រែក​ទាល់​។

លោក បូរ៉ាន់ បាន​ឲ្យ​ដឹង​​ថា​៖ «​តាមរយៈ​យុទ្ធនាការ​ចុះ​ល្បាត​ព្រៃ​ទាំង​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត និង តំបន់​រ៉ាមសារ​ព្រែកទាល់​ក្នុង​រយៈពេល​ ៤ ​ថ្ងៃ​មកនេះ​ (​ពី​ថ្ងៃ ២៨-៣១ ខែ​មីនា ឆ្នាំ​២០២០) មន្ត្រី​ឧទ្យានុរក្ស​របស់​យើង​បាន​ធ្វើការ​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ​ចំនួន​ ៣ ​នាក់ និង​រឹបអូស​វត្ថុតាង​មួយចំនួន​បញ្ជូន​ទៅ​ឲ្យ​តុលាការខេត្ត ហើយ​តុលាការ​ខេត្ត​ក៏បាន​សម្រេច​ឃុំខ្លួន​ពួកគេ​ជា​បណ្ដោះអាសន្ន​ផងដែរ ដោយ​ចោទប្រកាន់​ពី​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៣ តាម​បញ្ញត្តិ​មាត្រា​ ៥៦ និង ៦១ នៃ​ច្បាប់​​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​»​។

យោងតាម​បញ្ញតិ្ត​មាត្រា​ ៥៦ ​និង​ ៦១ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ជនសង្ស័យ​ទាំងនោះ​នឹងត្រូវ​ប្រឈម​ការផ្តន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ ឬ ទោសពិន័យ​ជា​ប្រាក់​ពី​ ១៥ ​លាន​ទៅ​ ៥០ ​លាន​រៀល​។

លោក បូរ៉ា បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​ ២៩ ខែមីនា ឆ្នាំ​ ២០២០ មន្ត្រី​ឧទ្យានុរក្ស​នៃ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​បាន​សហការ​ជាមួយ​កម្លាំង​មន្ត្រី​យោធា​ស្រុក​ប្រតិបត្តិ​ចុះ​ល្បាត​នៅ​ចំណុច​ភូមិសាស្ត្រ​ស្រែសាម៉ ហើយ​បាន​ប្រទះឃើញ​ជនសង្ស័យ​ ៤ ​នាក់​ក្នុងនោះ​មាន​ម្នាក់​ស្ពាយ​ការុង​ពណ៌​ស​។

ប៉ុន្តែ​នៅពេល​ក្រុម​ល្បាត​បាន​ហៅ​ឲ្យ​ពួកគេ​ឈប់​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ជនសង្ស័យ​ទាំងនោះ​បាន​ទម្លាក់​ការុង​ចោល​រួច​រត់គេច​ខ្លួន​ចូល​ទៅ​ព្រៃ​។ បន្ទាប់មក​ក្រុម​ល្បាត​បាន​ត្រួត​ពិនិត្យមើល​ក្នុង​ការុង​នោះ ឃើញ​មាន​សត្វ​ស្វា​ឈ្មោល​ងាប់​ ១ ​ក្បាល​ ទម្ងន់​ ១០ ​គីឡូក្រាម និង​កូនអណ្តើក​ចំនួន​ ០២ ​ក្បាល​។ ​សត្វ​ស្វា​ឈ្មោល​ដែល​ងាប់​នោះ​ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​ដុត​កម្ទេចចោល​នៅនឹង​កន្លែង​កើតហេតុ ចំណែក​កូន​សត្វ​អណ្ដើក​ ២ ​ក្បាល​ដែល​នៅរស់​នោះ ត្រូវ​បាន​នាំយក​ទៅ​លែង​នៅក្នុង​ស្ទឹង​មុខ​ស្នាក់ការ​បរឡាង​ស្ថិត​ក្នុង​ភូមិ-ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​។

លោក បូរ៉ា បាន​ឲ្យ​ដឹង​ទៀតថា​នៅ​យប់​ថ្ងៃទី​ ២៨ ខែ មីនា ឆ្នាំ​ ២០២០ លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ពី​ថ្នាក់ខេត្ត​ទៅ​ចូលរួម​ជាមួយ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​តំបន់​រ៉ាមសារ​ព្រែកទាល់​ និង​កម្លាំង​ពី​ប្រជាសហគមន៍​ក្នុង​តំបន់​នោះ​សរុប​ចំនួន​ ១៦ ​នាក់ ​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​នៅត្រង់​ចំណុច​រាន​ ៤៩ ហើយ​បាន​ប្រទះឃើញ​ និង​បង្ក្រាប​ចាប់​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ចាប់​កូន​សត្វ​បាន​ ៣ ​នាក់​ ក្នុងចំណោម​គ្នា​ ៨ ​នាក់​ ដោយ​រឹបអូស​វត្ថុតាង​សត្វ​ស្លាប​ទឹក ប្រភេទ​សត្វ​រនាលពណ៍​សរុប​ចំនួន​ ៦ ​ការុង​ស្មើនឹង​ ៣៨ ​ក្បាល​។

លោក បូរ៉ាន់ ​បាន​បន្ថែមថា កាលពី​ថ្ងៃទី​ ២២ ខែមីនា​កន្លង​ទៅ​នេះ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​តំបន់​រ៉ាមសារ​ព្រែកទាល់​បាន​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ​ចំនួន​ ៨ ​នាក់​រួមទាំង​វត្ថុតាង​សត្វ​ស្លាប​ទឹក​ប្រភេទ​សត្វ​រនាលពណ៍ សរុប​ចំនួន​ ៨ ​ការុង​ស្មើនឹង​ ១២៣ ​ក្បាល​ (​ងាប់​ទាំងអស់​) បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​វិធានការបន្ត​តាម​ផ្លូវ​ច្បាប់​។

លោក បូរ៉ាន់ បាន​បញ្ជាក់​ទៀតថា​៖ «​បើ​តាម​ការកត់សម្គាល់​របស់ខ្ញុំ ចាប់​តាំងពី​ប្រជាពលរដ្ឋ​ដែល​បាន​ចំណាកស្រុក​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ត្រឡប់​មក​កម្ពុជា​វិញ ពិសេស​អ្នក​ដែល​ចូលមក​តាម​ច្រករបៀង​គឺ​ពួកគេ​បាន​ដើរកាត់​តាម​ព្រៃ ហើយ​លួច​បន្លំ​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ​។ នេះ​ជា​មូលហេតុ​ដែល​មន្ត្រី​ឧទ្យានុរក្ស​យើង​ចាំបាច់​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ ដោយ​បង្កើន​ការចុះ​ល្បាត​ព្រៃ ដើម្បី​ទប់ស្កាត់​បទល្មើស​សត្វព្រៃ និង​ព្រៃឈើ​នេះ​»​។

តាម​របាយការណ៍​​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ម្សិលមិញ ជន​ចំណាកស្រុក​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ដែល​បារម្ភ​ពី​ឆ្លង​ជំងឺ​កូវីដ​១៩ ហើយ​បាន​នាំគ្នា​សម្រុក​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ​តាម​ច្រក​នានា​ជាប់​ព្រំប្រទល់​ខេត្ត​បាត់ដំបង គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែ​មីនា ឆ្នាំ​ ២០២០ មាន​ចំនួន​ជិត​ ១០ ០០០ ​នាក់​ ដែល​ជន​ចំណាកស្រុក​ទាំងនោះ​ភាគច្រើន​ជា​អ្នកមាន​លំនៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខ្លះទៀត​មាន​លំនៅ​​ក្នុង​ខេត្ត​ស្វាយរៀង ព្រៃវែង កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​៕