
លោក ចាន់ ដារ៉ុន ថ្លែងក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញ នាទីស្តីការគណៈរដ្ឋមន្ត្រី។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអះអាងថា គិតត្រឹមឆ្នាំ ២០១៩ ប្រជាពលរដ្ឋចំនួន ៨០% មានបង្គន់ប្រើប្រាស់ និងប្រជាពលរដ្ឋ ៦៥% ទទួលបានទឹកស្អាតប្រើប្រាស់។ កម្ពុជាមានបំណងចង់ឱ្យពលរដ្ឋទាំងអស់ទទួលបានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់នៅត្រឹមឆ្នាំ ២០២៥ ខាងមុខ។
ក្នុងសន្និសីទកាសែតពីម្សិលមិញដែលរៀបចំនៅទីស្ដីការគណៈរដ្ឋមន្ត្រីស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទលោក ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទអះអាងថា ពលរដ្ឋមានបង្គន់ប្រើប្រាស់ក្នុងឆ្នាំ ២០១៩ មានចំនួន ៨០% ដែលកើនពី ៧១% ក្នុងឆ្នាំ ២០១៧ ខណៈពលរដ្ឋដែលមានទឹកស្អាតប្រើប្រាស់នៅឆ្នាំ ២០១៩ មានចំនួន ៦៥% ដែលកើនឡើងពី ៥៨% នៅក្នុងឆ្នាំ ២០១៧។ លោកបានបន្តថា ប្រជាពលរដ្ឋមួយចំនួនដែលមានបង្គន់អនាម័យប្រើប្រាស់ក្ដី ប៉ុន្តែនៅមិនទាន់មានទម្លាប់បន្ទោរបង់នៅក្នុងបង្គន់នៅឡើយ និងនៅតែចេញទៅបន្ទោរបង់ពាសវាលពាសកាលដដែល។
លោកបានថ្លែងថា៖ «ខ្លះមានហើយបង្គន់អនាម័យ តែបត់ដៃបត់ជើងនៅខាងក្រោយផ្ទះដដែល បង្គន់ហ្នឹងទុកចោល ហើយពេលខ្លះយើងសួរថាបង្គន់ហ្នឹងអត់ប្រើ គាត់ថាអត់ទម្លាប់ ដោយគាត់ទុកចាំឱ្យបងប្អូនមកពីភ្នំពេញប្រើ។ អ៊ីចឹងយើងត្រូវធ្វើការងារនេះជាប្រចាំដូចភ្លៀងរលឹម គឺបំផុសហើយបំផុសទៀត ដើម្បីឱ្យពួកគាត់មានការប្រែប្រួលផ្នត់គំនិត»។
លោកបន្ថែមថា៖ «ការប្រើប្រាស់បង្គន់អនាម័យ គឺជាចំណុចសំខាន់។ យើងមានទម្លាប់ពីណាពីណីមក គឺបត់ជើងបត់ដៃនៅគុម្ពោតព្រៃនៅខាងក្រោយផ្ទះ តែអ្នកខ្លះយល់ដឹងក៏បានជីកកប់ ប៉ុន្តែបត់ជើងពាសវាលពាសកាលនេះ និងការជីកកប់នេះ យើងពិនិត្យទៅឃើញថាវាមិនល្អ។ វាមានផលអវិជ្ជមានទៅដល់សុខភាពដែលធ្វើឱ្យប្រជាពលរដ្ឋមានជំងឺ ហើយបើមានជំងឺហើយ គឺអត់អាចទៅធ្វើការរកទទួលទានបានទេ ហើយត្រូវចំណាយលុយដើម្បីទិញថ្នាំមកព្យាបាលថែមទៀត»។
លោក ចាន់ ដារ៉ុន បញ្ជាក់ថាកាលពីឆ្នាំ ២០១៩ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្លាំង ដើម្បីចុះបំផុសប្រជាពលរដ្ឋសាងសង់បង្គន់ប្រើប្រាស់ និងការចុះចែកចានបង្គន់បានចំនួន ៣៤២ សាងសង់បង្គន់ចាក់ទឹកចំនួន ២០១៧ និងបង្គន់ចាក់ផេះចំនួន ២០៤៣។
លោកថា៖ «ការលើកកម្ពស់អនាម័យជនបទគឺយើងបានយកចិត្តទុកដាក់ខ្លាំង ជាក់ស្ដែងក្នុងឆ្នាំ ២០១៩ យើងសម្រេចលទ្ធផលច្រើន។ ទី ១ យើងបានបំផុសដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទឱ្យចូលរួមសាងសង់បង្គន់អនាម័យតាមសហគមន៍ដល់ភូមិគោលដៅនៅក្នុងខេត្តចំនួន ១២»។
មន្ត្រីរូបនេះឲ្យដឹងថា ខេត្តដែលបានបំផុសឲ្យមានការសាងសង់បង្គន់គឺមាន កែប កោះកុង ក្រចេះ ប៉ៃលិន ឧត្តរមានជ័យ សៀមរាប កំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង ត្បូងឃ្មុំ និងខេត្តព្រះសីហនុដែលមានពលរដ្ឋចូលរួមក្នុងការផ្សព្វផ្សាយ និងជំរុញចំនួន ៣៧៧៦ គ្រួសារ។ ទី ២ បំផុសទៅលើការសាងសង់បង្គន់អនាម័យចាក់ទឹកតាមផ្ទះឯកជនចំនួន ២៩៨៩៩ បង្គន់។
លោកបន្ថែមទៀតថា ចំពោះការប្រើប្រាស់ទឹកនៅតាមជនបទគឺមានលក្ខណៈសមរម្យគួរសមនៅពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងរយៈពេលកាលពី ១០ ឆ្នាំដែលភាគច្រើនគឺស្ដ្រី និងកុមារមានភារកិច្ចចេញទៅដងទឹកសម្រាប់យកប្រើប្រាស់ស្ថិតនៅឆ្ងាយពីផ្ទះ ដូចជាទូល យួរ និងរែកជាដើម។
លោកអះអាងថា ចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសង្គមកិច្ចសម្រាប់ផ្គត់ផ្គង់ទឹកនៅតាមជនបទកាលពីឆ្នាំ ២០១៩ ក្រសួងបានសាងសង់អណ្ដូងស្នប់គ្រប់ប្រភេទបាន ៣៦០៧។ ការជួសជុលអណ្ដូងទឹកគ្រប់ប្រភេទ ១១៥៦ និងការសាងសង់ និងជួសជុលស្រះទឹកចំនួន ២២២ ដែលស្ថិតនៅតាមជនបទដែលមិនអាចជីកអណ្ដូងបាន។
ទោះជាយ៉ាងណា Unicef អះអាងក្នុងឆ្នាំ ២០១៩ ថាប្រទេស កម្ពុជា កំពុងមានការរីកចម្រើនជាលំដាប់ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ក្នុងការឆ្លើយតបតាមគោលដៅទឹកស្អាត និងអនាម័យនៅឡើយ។
អង្គការរបស់ UN មួយនេះបន្តថា កម្ពុជាមានអត្រាបន្ទោរបង់ពាសវាលពាសកាលខ្ពស់បំផុតក្នុងតំបន់ ដោយមានប្រជាជនក្រីក្ររស់នៅតាមទីជនបទចំនួន ៨ នាក់ក្នុងចំណោម ១០ នាក់ បានបន្ទោរបង់នៅតាមទីវាល ដូចជាវាលស្រែក្នុងទឹក ឬកន្លែងចំហ ជាជាងប្រើប្រាស់បង្គន់។ ការបន្ទោរបង់មិនប្រើប្រាស់បង្គន់នេះ គឺជាបុព្វហេតុចម្បងនៃជំងឺរបស់កុមាររួមមាន ភាពក្រិន និងការខ្សោយខួរក្បាល៕