ភ្នំពេញៈ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា នៅក្នុងខែមីនាខាងមុខអាចនឹងមានរោងចក្រកាត់ដេរមួយចំនួននៅកម្ពុជា ព្យួរការងារកម្មករ ដោយសារខ្វះក្រណាត់ដេរ ពីព្រោះលែងមានការបញ្ជូនក្រណាត់ដែលជាវត្ថុធាតុដើមចេញពីប្រទេសចិនចាប់តាំងពីប្រទេសនេះបានផ្ទុះនូវវីរុសកូរ៉ូណាមកគឺវាមិនមែនមកពីឥទ្ធិពល EBA នោះទេ។
បើតាមការបញ្ជាក់របស់លោក ហេង សួរ ដែលបានចែកចាយនៅក្នុងប្រព័ន្ធតេឡេក្រាមដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីម្សិលមិញបានបញ្ជាក់ថា ការបិទរោងចក្រ ឬការព្យួរការងាររបស់និយោជិតមួយចំនួននាពេលខាងមុខដ៏ខ្លីនេះគឺមិនមែនរងឥទ្ធិពលពីប្រព័ន្ធអនុគ្រោះពន្ធ EBA ឡើយ ប៉ុន្តែដោយសារលែងមានក្រណាត់ជាវត្ថុធាតុដើមទើបបង្ខំឱ្យរោងចក្រកាត់ដេរទាំងនោះត្រូវផ្អាកចង្វាក់ផលិតកម្មមួយរយៈ។
លោកបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាដែលដំណើរការកន្លងមក គឺភាគច្រើនពឹងផ្អែកលើការនាំចូលក្រណាត់ដែលជាវត្ថុធាតុដើមពីរោងចក្រនៅក្នុងប្រទេសចិន ប៉ុន្តែចាប់តាំងពីមានការផ្ទុះវីរុសកូរ៉ូណា បន្ទាប់ពីមុនបុណ្យចូលឆ្នាំចិនមកបានធ្វើឱ្យរោងចក្រនៅក្នុងប្រទេសនេះ បិទទ្វារ ហើយមិនទាន់ដឹងថាត្រូវដំណើរការវិញនៅពេលណានោះទេ ទើបធ្វើឱ្យរោងចក្រនៅកម្ពុជាអាចប្រឈមនឹងការខ្វះក្រណាត់នាពេលខាងមុខ។
លោកថា៖ «នៅក្នុងខែមីនាខាងមុខនេះអាចមានការបិទរោងចក្រមួយចំនួន ឬព្យួរការងារកម្មករនិយោជិតមួយចំនួនថា មកពីរឿង EBA តាមការពិត មិនមែនទេ។ ចំពោះមុខអ្វីដែលជាការជាក់ស្ដែង គឺរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា ឬរោងចក្រនៅក្នុងប្រទេសផ្សេងទៀតដែលពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិននេះ គឺត្រូវការពេលប្រហែល ៤០ ថ្ងៃ សម្រាប់ទទួលបានវត្ថុធាតុដើមពីប្រទេសចិន ដើម្បីយកមកធ្វើធាតុចូលសម្រាប់សង្វាក់ផលិតកម្មរបស់ខ្លួន»។
លោក ហេង សួរបញ្ជាក់ទៀតថា៖ «ដោយឡែកសម្រាប់រោងចក្រកាត់ដេរនៅកម្ពុជាយើងភាគច្រើនគឺយកក្រណាត់ពីប្រទេសចិន ហើយការដឹកជញ្ជូនមកនេះគឺខែ ១២ និងខែ ១ នេះមានការដឹកជញ្ជូនមកច្រើននៅមុនពេលចូលឆ្នាំចិន ដល់ពេលក្រោយចូលឆ្នាំចិននេះគឺថារោងចក្រនៅចិនបានបិទទាំងស្រុងហើយ បន្ទាប់ពីមានការផ្ទុះវីរុសនេះគឺថារោងចក្រនៅចិនគឺមិនទាន់ដំណើរការនៅឡើយទេ»។
ប្រទេស ចិន បានប្រកាសឱ្យពលរដ្ឋបន្តឈប់សម្រាកដោយមិនទាន់កំណត់ពេលចាប់តាំងពីថ្ងៃបុណ្យចូលឆ្នាំថ្មីមកដោយឱ្យក្រុមហ៊ុនធំៗត្រូវបន្តបិទទ្វារ ឬឱ្យបុគ្គលិកធ្វើការងារនៅតាមផ្ទះ ដើម្បីជាកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មីដែលបានសម្លាប់មនុស្សកើនឡើងជាង ៨០០ នាក់ និងឆ្លងជាង ៣ ម៉ឺន (៣៧ ១៩៨) នាក់គិតត្រឹមថ្ងៃទី ៨ ខែកុម្ភៈចាប់តាំងពីជំងឺនេះបានផ្ទុះឡើងនៅទីក្រុងវូហានភាគកណ្ដាលប្រទេសចិនតាំងពីខែធ្នូឆ្នាំ ២០១៩។
លោក ហេង សួរ បានបន្តថា រោងចក្រកាត់ដេរ ១០០% គឺសល់ក្រណាត់ក្នុងស្ដុកសម្រាប់សង្វាក់ផលិតកម្មរហូតដល់ខែកុម្ភៈនេះ រោងចក្រ ៩៥ ភាគរយអាចសល់ត្រឹមសប្ដាហ៍ទី ២ នៃខែមីនា និង ៩០% អាចដល់ដំណាច់ខែមីនា។
លោកថា៖ «អ៊ីចឹង!ឥឡូវនេះ គាត់ (រោងចក្រ) បានព្យាយាមកុម្ម៉ង់ក្រណាត់បន្ថែមពីប្រទេសចិន ក៏ប៉ុន្តែរោងចក្រនៅប្រទេសចិនអត់ទាន់ហ៊ានឆ្លើយថា យ៉ាងម៉េច ដោយសារតែមិនទាន់ដឹងថា តើពេលណារោងចក្ររបស់ខ្លួនអាចដំណើរការបាន។ អ៊ីចឹងហើយបានជានៅក្នុងខែ ៣ ខាងមុខនេះ វាអាចមានរោងចក្រកាត់ដេរមួយចំនួនស្នើសុំព្យួរការងារកម្មករយើងមួយចំនួន អ៊ីចឹងនេះគឺជាអង្គហេតុពិតនៃករណីបើមានការបិទ ឬក៏ការព្យួររោងចក្រនៅក្នុងខែ ៣ ឬក៏ខែ ៤ ខាងមុខនេះ។ ដូច្នេះអ្វីដែលបិទ ឬក៏ព្យួរនេះវាមិនមែនមកពីឥទ្ធិពល EBA ឬមួយឥទ្ធិពលស្អីនោះទេ គឺឥទ្ធិពលនៃកង្វះវត្ថុធាតុដើមពីប្រទេសចិននេះតែម្តង»។
លោក ហេង សួរ ស្នើឱ្យមានការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយដោយសារលោកព្រួយបារម្ភថា ខ្លាចក្រុមអ្នកប្រឆាំងយករឿងបិទរោងចក្រ ឬព្យួរការងារកម្មករទាំងនោះភ្ជាប់ទៅនឹងឥទ្ធិពលរបស់ EBA ដែលព័ត៌មានពីសហភាពអឺរ៉ុបជុំវិញប្រព័ន្ធអនុគ្រោះពន្ធនេះនឹងចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ។
គណៈកម្មការអឺរ៉ុបនឹងចេញសេចក្ដីសម្រេចចុងក្រោយនៅថ្ងៃពុធខានស្អែកនេះ ថាតើត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ឬមិនដក ហើយបើមានការដក តើដកទាំងស្រុង ឬដកផ្នែកណាមួយ។
ធនាគារពិភពលោកបានលើកឡើងថា ផលិតផលនាំចេញដោយសារវិស័យរោងចក្រ និងវិស័យទេសចរណ៍បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានអត្រាកំណើនជាមធ្យម ៨ ភាគរយក្នុងចន្លោះឆ្នាំ ១៩៩៨ និង ២០១៨ ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោកថ្វីដ្បិតមានការថមថយតិចតួចនូវកំណើននេះមកត្រឹម ៧ ភាគរយក្នុងឆ្នាំ ២០១៩ ក្ដី។
ចាប់តាំងពីឆ្នាំ ១៩៩៦ ដែលមានរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើងប្រហែលចំនួន ៦០ និងកម្មករ ៨ ម៉ឺននាក់ បានកើនដល់ជិត ១ ពាន់រោងចក្រ និងកម្មករជិត ៨១ ម៉ឺននាក់នាពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកាលពីខែមករា។
លោក ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ការបិទរោងចក្រ និងព្យួរការងារកម្មករដែលអាចកើតឡើងខាងមុខនេះអាចត្រូវបានគេចាត់ទុកថា បណ្ដាលមកពី EBA ប្រសិនបើរដ្ឋាភិបាលមិនមានការសម្របសម្រួលណាមួយ ដើម្បីនាំយកវត្ថុធាតុដើមកុំឱ្យរោងចក្រទាំងនោះផ្អាកដំណើរការផលិតក្នុងរយៈពេលយូរ។
លោកថា៖ «ព្រោះការដឹកជញ្ជូនវត្ថុធាតុដើមមិនមែនមានតែមកពីតំបន់គោលដៅកូរ៉ូណានៅទីក្រុងវូហានទេ ព្រោះវត្ថុធាតុដើមខ្លះវាអាចនៅក្រៅតំបន់វូហាន»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានលើកឡើងថាការព្យួរការងារនឹងធ្វើឱ្យកម្មករបាត់បង់ប្រាក់ចំណូល ហើយលោកថា ការដោះស្រាយដើម្បីកុំឱ្យកម្មករត្រូវបាត់បង់ចំណូលនេះ គឺអាចជារឿងដ៏លំបាកមួយសម្រាប់រដ្ឋាភិបាល។
លោកថា៖ «ស្ថានភាពបែបនេះ រោងចក្រខ្លះមិនអាចទទួលយកកម្មករបន្ថែមឡើយ ប្រសិនបើរោងចក្ររបស់ពួកគាត់ត្រូវបានផ្អាកដោយសារខ្វះវត្ថុធាតុដើមហ្នឹង។ គាត់នឹងមានបញ្ហាហិរញ្ញវត្ថុ ហើយដែលត្រូវមានកាតព្វកិច្ចបង់ធនាគារជាដើមផង។ ជម្រើសមួយដែលធ្វើបាន តែខ្ញុំគិតថា រដ្ឋយើងមិនដើរច្រកហ្នឹងបានទេ គឺផ្ដល់ថវិការបស់រដ្ឋណាមួយ ដើម្បីជួយដោះស្រាយជីវភាពពួកគាត់ នៅពេលដែលរោងចក្រត្រូវបានផ្អាកផលិតកម្មក្នុងរយៈពេលណាមួយ»។
កាលពីថ្ងៃម្សិលមិញ ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបញ្ជាក់ពីលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានទេ ដោយសារទូរស័ព្ទលោកមិនមានអ្នកទទួល។
កាលពីថ្ងៃម្សិលមិញលោក ហេង សួរ បានឆ្លើយតបយ៉ាងខ្លីមកភ្នំពេញប៉ុស្ដិ៍ដោយសម្តែងក្តីសង្ឃឹមថា ស្ថានភាពប្រទេសចិនដែលកំពុងរងការវាយប្រហារដោយវីរុសកូរ៉ូណានឹងវិលមករកភាពប្រក្រតីវិញនៅក្នុងរយៈពេល ២ សប្ដាហ៍ខាងមុខ។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា រោងចក្រផលិតសម្លៀកបំពាក់ គឺប្រឈមខ្លាំងជាងគេទៅនឹងការព្យួរការងារកម្មករ ខណៈរោងចក្រផលិតស្បែកជើងហាក់មិនទាន់មានសញ្ញាណាមួយប្រឈមទៅនឹងបញ្ហានេះនៅឡើយទេ៕
វីដេអូ៖