ភ្នំពេញៈ ក្រុមហ៊ុន​បញ្ជា​ទិញ​ក៏ដូចជា អង្គការ​សមាគម​សិទ្ធិ​ការងារ​មួយចំនួន​បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​នាយករដ្ឋមន្ត្រី​ដើម្បី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព ការដក​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ទម្លាក់​បទចោទ​ឧក្រិដ្ឋ​​ពី​មេដឹកនាំ​សហជីព គោរព និង​ពន្លឿន​តួនាទី​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជា​អ្វីដែល​អ្នកនាំពាក្យ​ក្រសួង​ការងារ​ចាត់ទុកថា មិនមាន​អ្វី​ថ្មី​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា អ្វីដែល​ក្រុម​អ្នកបញ្ជា​ទិញ និង​អង្គការ​មួយចំនួន​លើកឡើង​ក្នុង​លិខិត​ផ្ញើជូន​លោក ហ៊ុន សែន នោះ គឺ​មិន​ខុសពី​អ្វីដែល​ក្រុម​សហជីព​លោក​ស្នើសុំ​ទេ​។

លោក​ថា​៖ «​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ទាំងនេះ​គោរព​លើ​លក្ខខណ្ឌ​ការងារ​។ មុនពេល​ពួកគេ​សម្រេចចិត្ត​ទិញ​ផលិតផល​ពី​កម្ពុជា ពួកគេ​សម្លឹង​មើល​លើ​ក្រមសីលធម៌​ថា តើ​អ្នកផ្គត់ផ្គង់​គោរព​តាម​លក្ខខណ្ឌ​របស់​ពួកគេ​ឬទេ​? ការអំពាវនាវ​របស់​ពួកគេ​ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រសើរ​ឡើង​​ដល់​សិទ្ធិ​របស់​កម្មករ និង​លក្ខខណ្ឌ​ការងារ​របស់​ពួកគេ​»​។

លោក​ កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ GMAC បាន​ថ្លែងថា ក្រុមហ៊ុន​បញ្ជា​ទិញ​ដែល​មាន​ឈ្មោះ​ក្នុង​លិខិត​នេះ​គឺជា​អ្នក​ជួយ​គាំទ្រ​ដល់​កម្ពុជា​យ៉ាងខ្លាំង​ជាយូរ​មក​ហើយ​។ ពួកគេ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ «​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​»​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​ជា​រឿង​អកុសល​មែនទែន​ដែល​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ភាពជោគជ័យ​របស់ខ្លួន​។ ​ភាពខ្វះ​ចន្លោះ​បន្តិចបន្តួច​របស់​យើង​បាន​ធ្វើឲ្យ​មាន​ចំណងជើង​ធំៗ​ជាង​សមិទ្ធផល​របស់​យើង​។

យើង​អាច​សួរ​អ្នកជំនាញ​ ឬ​អាន​របាយការណ៍​នានា តើ​ឧស្សាហកម្ម​កាត់ដេរ​ប្រទេស​ណា​នៅ​អាស៊ាន​ ឬ​នៅ​អាស៊ី​ខាងត្បូង​ណា​ដែល​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ និង​មាន​សិទ្ធិ​ពលកម្ម និង​សហជីព​ល្អ​ជាង​នៅ​កម្ពុជា​? ​អត់​មាន​ទេ​»​។

លោក​បន្តថា​៖ «​ឧស្សាហកម្ម​របស់​យើង និង​ក្រុមហ៊ុន​ប្រ៊ែន​ទាំងនោះ​ស្ថិតនៅក្រោម​ឥទ្ធិពល​នយោបាយ​ពី​ខាងក្រៅ ដើម្បី​ឲ្យ​ធ្វើ​នេះ ធ្វើ​នោះ ពាក់ព័ន្ធ​នឹង​សេរីភាព​កម្មករ និង​សេរីភាព​សហជីព​...»​។

ចំពោះ​ការសុំ​ឲ្យ​ទម្លាក់​បទឧក្រិដ្ឋ​ដែល​ចោទប្រកាន់​លើ​សហជីព លោក ម៉ូនីកា បាន​ថ្លែងថា រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​បាន​ធានា​ច្បាស់​ថា មិន​មាន​កម្មករ​ ឬ​សហជីព​ត្រូវបាន​ចាប់ខ្លួន និង​ផ្ដន្ទាទោស​ដោយសារ​ចូលរួម​កូដកម្ម​ ឬ​បាតុកម្មអហិង្សា​ទេ​។ ​ប៉ុន្តែ​បើសិន​ពួកគេ​ដឹកនាំ​ ឬ​រៀបចំ​បាតុកម្ម​ ឬ​កូដកម្ម​ហិង្សា​បង្ក​របួស​រាងកាយ​ដល់​អ្នកដទៃ ឬ​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​ឯកជន ឬ​រដ្ឋ​នោះ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មានចែង​ក្នុង​ច្បាប់​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់ ពីព្រោះ​មិន​ថា​អនុសញ្ញា​លេខ ៨៧ ឬ​បទដ្ឋាន​ការងារ​អន្តរជាតិ​ណាមួយ​ទេ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​និទ្ទណ្ឌភាព​សម្រាប់​មេដឹកនាំ​សហជីព​ទេ​ ឬ​សហជីព​ទៅលើ​សកម្មភាព​ឧក្រិដ្ឋ​របស់​ពួកគេ​ទេ​»​។

កាលពី​ថ្ងៃទី​ ២២ ខែមករា ក្រុមហ៊ុន​បញ្ជា​ទិញ រួមមាន Adidas, Esprit, Levi Strauss, Puma និង​សមាគម​សិទ្ធិ​ការងារ​មួយ​ចំនួន​បាន​សរសេរ​លិខិត​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​លោក​ដោះស្រាយ​ពី​បញ្ហា​ទាំងនេះ​។

ក៏ប៉ុន្តែ​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា អ្នក​ដែល​សរសេរ​លិខិត​នោះ​គួរតែ​ស្វែងយល់​ពី​ស្ថានភាព​នៅ​កម្ពុជា ដោយ​វិធីងាយ​បំផុត​នោះ​គឺ​ការប្រៀបធៀប​កម្ពុជា​នឹង​ប្រទេស​ផ្សេង​ដោយ​គ្រាន់តែ​រក​នៅលើ Google​។

លោក​ថា​៖ «​បើសិនជា​គេ​ចង់រក​អត្ថបទ​ច្បាប់​ដែល​កម្ពុជា​មាន​ជាមួយ​ប្រទេស​ដទៃ​ផ្សេង​ទៀត ហើយ​ធ្វើជា​តារាង​ប្រៀបធៀប​ទៅ​គេ​នឹង​ឃើញថា តើ​កម្ពុជា​មាន​អ្វីខ្លះ​ដែល​ប្រសើរ​ជាង​ប្រទេស​នោះ​? ​តែ​បើ​គេ​មិន​ធ្វើ​គេ​មិន​មើល​ហើយ​គេ​មិន​​ស្ដាប់ ទោះបី​យើង​ឆ្លើយ​ប៉ុន្មាន​ដង ក៏​សេចក្ដី​ថ្លែងការណ៍​នេះ​វា​នៅតែ​ដដែលៗ​»​។

លោក​ ហេង សួរ បាន​ថ្លែង​​ថា​៖ «​អ្វីដែល​លើកឡើង​ក្នុង​លិខិត​នេះ​មិន​មាន​អ្វី​ថ្មី​ទេ គឺ​​រឿង​ចាស់​ដដែលៗ​បើទោះបី​ជា​កម្ពុជា​បាន​ឆ្លើយតប និង​បាន​បង្ហាញ​ពី​វឌ្ឍនភាព ការ​ប្រៀបធៀប​ទៅនឹង​បទដ្ឋាន​អន្តរជាតិ និង​ស្ថានភាព​កម្ពុជា​ប្រៀប​ធៀប​ទៅនឹង​ការអនុវត្ត​នៅលើ​សកលលោក​»​។

ក្រុម​អ្នកបញ្ជា​ទិញ និង​សមាគម​បាន​លើកឡើងថា ខ្លួន​បាន​ចូលរួម​ជាមួយ​អ្នកផ្គត់ផ្គង់​ដោយបាន​បញ្ជា​ទិញ​ក្នុង​ទឹកប្រាក់​ ៩,៥ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩ នៅក្នុង​វិស័យ​កាត់ដេរ​ស្បែកជើង សម្លៀកបំពាក់​ធ្វើដំណើរ​។ ពួកគេ​អះអាង​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់ សហជីព​កាលពី​ដើម​ឆ្នាំមុន​មិន​​គ្រប់​លក្ខខណ្ឌ​នៃ​ស្តង់ដា​សិទ្ធិ​ពលកម្ម​មិន​បាន​សម្រួល​ដល់​ការចុះបញ្ជី​សហជីព និង​រឹតត្បិត​សហជីព​ក្នុង​ការធ្វើ​តំណាង​ដល់​សមាជិក​របស់​ពួកគេ​។

ក្រុម​អ្នកបញ្ជា​ទិញ​លើកឡើង​ថា​៖ «​ការជឿទុកចិត្ត​ទៅ​លើ​វិស័យ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ​សម្រាប់​ធ្វើ​ដំណើរ​របស់​កម្ពុជា ជួប​ហានិភ័យ​។ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ជា​សាធារណៈ​នូវ​ផែនការមេ​...»​។

លិខិត​ដដែល​បាន​លើកឡើង​ថា ពួកគេ​មាន​ក្ដីបារម្ភ​ថា ស្ថានភាព​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​កំពុង​នាំ​ហានិភ័យ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប EBA និង​ប្រព័ន្ធ GSP របស់​អាមេរិក​។

នៅ​ថ្ងៃទី​ ១២ ខែកុម្ភៈ ប្រមាណ​ជាង​ ២ ​សប្ដាហ៍​ខាងមុខ​នេះ​ សហភាព​អឺរ៉ុប​នឹង​សម្រេចចិត្ត​ថា តើ​នឹងត្រូវ​ផ្អាក​ហើយ​ការផ្អាក​នោះ​ធ្វើឡើង​ទាំងស្រុង​ ឬ​ដោយ​ផ្នែក​ទៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។

អ្នកចាត់ការ​នៅ​រោងចក្រ​កាត់ដេរ​ធំ​មួយ​នៅ​កម្ពុជា​ដែល​ផលិត​សម្លៀកបំពាក់​ម៉ាក់​ល្បីៗ​ដូចជា Adidas, Nike, Puma បាន​ថ្លែង​ពី​ម្សិលមិញ​ថា ទោះបី EBA ត្រូវបាន​ផ្អាក ឬ​យ៉ាងណា​នោះ វា​មិន​ប៉ះពាល់​ដល់​រោងចក្រ​លោក​ទេ​។

លោក​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​៖ «​បើ​ផ្អាក​មិន​មាន​អ្វី​ប៉ះពាល់​ទេ​ព្រោះ​បើ​ក្រុមហ៊ុន​ខ្លះ​មិនអាច​បន្ត​គេ​អាច​បិទទ្វារ តែ​ជម្រើស​ល្អ​គឺថា ក្រុមហ៊ុន​ចេញថ្លៃ​ពន្ធ​ឲ្យ​អ្នកបញ្ជា​ទិញ​។ ​វា​តែ​ប៉ុណ្ណឹង​។ រោងចក្រ​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចហើយ​ថា​នឹង​ចេញថ្លៃ​ពន្ធ​ឲ្យ​អ្នកទិញ​។ ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ ១០០ ​ភាគរយ​ ថា គេ​នឹង​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ [EBA] ​ទេ​»៕