
ជនបរទេសចូលមកប្រទេសកម្ពុជាខុសច្បាប់ត្រូវសមត្ថកិច្ចចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញកន្លងមក។ ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារមួយដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍។ ហេង ជីវ័ន
ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ថ្មីស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រឹងការគ្រប់គ្រង ជនអន្តោប្រវេសន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមស្ថានភាពបច្ចុប្បន្ននៃប្រទេស កម្ពុជា។
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារមួយដែលមានសមាសភាពចំនួន ១២ នាក់ ដើម្បីធ្វើការតាក់តែងព្រាងច្បាប់អន្តោប្រវេសន៍ដោយផ្អែកទៅលើច្បាប់អន្តោប្រវេសន៍ចាស់ ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះអនុវត្តចំពោះជនអន្តោប្រវេសន៍គ្រប់ប្រភេទឲ្យកាន់តែមានប្រសិទ្ធភាព។
លោកថា កិច្ចប្រជុំកាលពីថ្ងៃទី ១៣ មករា ក្រុមការងារបានពិភាក្សា និងពិនិត្យទៅលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ប៉ុន្តែមិនទាន់ស៊ីជម្រៅនៅឡើយទេ។ ក្រុមការងារក៏បានណែនាំដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធឲ្យធ្វើការសិក្សាស្រាវជ្រាវ ហើយធ្វើរបាយការណ៍ជូនក្រុមការងារដើម្បីពួកគេពិភាក្សាពិនិត្យ និងច្របាច់បញ្ចូលគ្នាមុនពេលបញ្ជូនទៅកាន់លោកនាយករដ្ឋមន្ត្រី។
លោកបញ្ជាក់ថា៖ «យើងបានប្រជុំគណៈកម្មការនេះ ២ ដងរួចមក និងយើងបានពិនិត្យខ្លឹមសារជាបឋមមិនទាន់ស៊ីជម្រៅនោះទេ។ ការសម្រេចអង្គប្រជុំពីម្សិលមិញនេះ (ទី ១៣ មករា) បានបែងចែកតាមជំនាញពាក់ព័ន្ធនីមួយៗដើម្បីឲ្យគេពិនិត្យមើលនៅផ្នែកណាដែលពាក់ព័ន្ធ»។
លោកថ្លែងថា៖ «ជាទូទៅច្បាប់ និងសកម្មភាពផ្សេងៗតែងតែមានការរីកចម្រើន និងវិវត្តទៅមុខ ហើយច្បាប់អន្តោប្រវេសន៍របស់យើង យើងបានធ្វើតាំងពីឆ្នាំ ១៩៩៤ ដែលមានរយៈពេលជាង ២០ ឆ្នាំ។ កម្ពុជាបានរីកចម្រើនលើគ្រប់វិស័យ ពិសេសពាក់ព័ន្ធជនបរទេស។ ដូច្នេះហើយយើងធ្វើវិសោធនកម្ម ឬក៏ធ្វើច្បាប់ថ្មីនេះដើម្បីធានាថាការគ្រប់គ្រង់ជនបរទេសទាំងការរស់នៅ ទាំងការធ្វើការងារនៅប្រទេសយើងដូចប្រទេសនានាដែរ»។

ជនជាតិចិនដែលត្រូវបានបញ្ជូនទៅស្រុកឆ្នាំមុននៅអាកាសយានដ្ឋានភ្នំពេញ។ហេង ជីវ័ន
លោកបន្តថា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ខិតខំប្រឹងធ្វើការងារជាបន្តបន្ទាប់មានទាំងការជំរឿនជនបរទេសដែលបាននិងកំពុងរស់នៅប្រទេសកម្ពុជារយៈពេលយូរ។ ជំរឿនជនបរទេសដែលកាន់ឯកសាររដ្ឋបាលមិនប្រក្រតីច្រើន និងបានដកហូតឯកសារទាំងនោះផងដែរ ហើយបានទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍ និងបានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់មួយចំនួនធំផងដែរ។
លោកថា៖ «ប្រសិនបើមានមន្ត្រី (អនុវត្តផ្ទុយទៅនឹងច្បាប់) ទាក់ទងនឹងការដកហូត និងការចេញឯកសារមិនប្រក្រតី យើងនឹងអនុវត្តទៅតាមច្បាប់ ហើយកន្លងមកក្រសួងក៏បានព្រមាន រំឭក និងអនុវត្ត ពិន័យមួយចំនួនធំរួចមកហើយ»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ប៊ុន ហុន បដិសេធធ្វើអត្ថាធិប្បាយពាក់ព័ន្ធករណីការធ្វើវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ខាងលើនេះ។ ប៉ុន្តែបើតាមគេហទំព័រក្រសួងមហាផ្ទៃឲ្យដឹងថា លោក ប៊ុន ហុន ថ្លែងក្នុងអង្គប្រជុំកាលពីថ្ងៃទី ១៣ មករា ថាច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជានេះ គឺមានច្បាប់ចាស់មួយរួចហើយ។ ប៉ុន្តែក្រុមការងារត្រូវស្រាវជ្រាវរកគ្រប់បញ្ហាទាំងអស់ដើម្បីរកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធ្វើវិសោធនកម្មថ្មី។
គេហទំព័រស្រង់សម្តីលោកថា៖ «នៅលើពិភពលោក បញ្ហាអន្តោប្រវេសន៍នេះគឺតែងតែមានការកើតឡើងនូវបញ្ហាច្រើន និងធ្ងន់ធ្ងរជាងគេ។ ដូច្នេះក្រុមការងារសិក្សាស្រាវជ្រាវត្រូវយកចិត្តទុកដាក់ និងប្រមូលបញ្ហាឱ្យបានគ្រប់គ្រាន់ហ្មត់ចត់បំផុត ដើម្បីធានានូវការរៀបចំបទប្បញ្ញត្តិថ្មីធ្វើយ៉ាងណាឱ្យស្របជាមួយបរិបទសង្គម ជាពិសេសការវិវឌ្ឍនៃប្រទេសជាតិ»។
លោក អំ សំអាត ប្រធានអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស (លីកាដូ) សម្តែងការស្វាគមន៍ចំពោះការធ្វើវិសោធកម្មច្បាប់ថ្មីនេះ ប្រសិនបើការធ្វើវិសោធនកម្មច្បាប់ថ្មីនេះអនុវត្តទៅត្រឹមត្រូវ និងមានប្រសិទ្ធភាព។ លោកថាបើមិនដូច្នេះទេវានឹងជះឥទ្ធិពលអាក្រក់ និងប៉ះពាល់ដល់សង្គមជាតិ។
លោកថ្លែងថា៖ «ច្បាប់អន្ដោប្រវេសន៍បច្ចុប្បន្នពុំទាន់ល្អគ្រប់គ្រងជនអន្ដោប្រវេសន៍នៅក្នុងប្រទេសកម្ពុជាយើង។ កន្លងមកយើងក៏មានបញ្ហាច្រើនដែរជាមួយជនបរទេស។ បើយើង [ធ្វើ] វិសោធនកម្មច្បាប់ហ្នឹងទៅដើម្បីតែជួយសម្រួលជនបរទេសដែលស្នាក់នៅខុសច្បាប់វានឹងជះផលអាក្រក់»។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍គិតត្រឹមថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩ ប៉ូលិសអន្តោប្រវេសន៍បានដកហូតឯកសាររដ្ឋបាលកម្ពុជា ៣៧ ៤៤១ ច្បាប់ស្មើនឹង ២០ ០៩៣ គ្រួសារ ដោយមានមនុស្ស ៦៩ ៨៧១ នាក់ ក្នុងនោះមាន ១០ សញ្ជាតិ ដែលភាគច្រើនជាជនជាតិវៀតណាម។ ឯកសារមិនប្រក្រតីទាំងនោះរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជាដើម។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ចំនួន ៧១ ៩៩១ ឯកសារ។ មានមនុស្ស ៣២ ៧៣៥ គ្រួសារ និងបណ្ណស្នាក់នៅអចិន្រៃ្តយ៍នៅកម្ពុជា ៦២ ៥៣១ ឯកសារ៕